ភ្នំពេញ ៖ ក្រៅពីការធ្វើអត្តឃាតដោយចងក លេបថ្នាំ និងលោតពីលើអាគារជាដើមនោះ ជនរងគ្រោះដែលមានវិបត្តិផ្សេងៗគ្នា បានសម្រេចជ្រើសរើសវិធី ដោយលោតទឹកពីលើស្ពាន ដើម្បីបញ្ចប់ជីវិត។

ជនរងគ្រោះភាគច្រើនជាក្រុមយុវវ័យ ដែលឈានទៅដល់ ការរកវិធីបញ្ចប់ជីវិតរបស់ខ្លួន តាមរយៈការលោតទឹកសម្លាប់ខ្លួន ទាំងនេះ គឺពួកគេមានវិបត្តិខុសៗគ្នា និងស្រដៀងគ្នា ដែលអ្នកខ្លះ ខឹងក្រុមគ្រួសារ អ្នកខ្លះតូចចិត្តនឹងសង្សារបែកចិត្ត និងខ្លះទៀតតូចចិត្តក្នុងរឿងការងារ និងជីវភាពក្រីក្រជាដើម។

នៅពេលឃើញព្រឹត្តិការណ៍បែបនេះ អ្នកដទៃទៀត បានសម្តែងការហួសចិត្តចំពោះ ជនរងគ្រោះខ្លះ បានផ្តាច់ជីវិតដែលខំរស់រានអស់រយៈពេលជាច្រើនឆ្នាំមកនោះ និងមានអារម្មណ៍ ខ្លាចចំពោះការ ធ្វើអត្តឃាតបែបនេះ ប៉ុន្តែជនរងគ្រោះទាំងនោះ មិនបានគិតដូចអ្វីដែលមនុស្ស គ្រប់គ្នាយល់ឃើញនោះឡើយ គឺពួកគេហ៊ានធ្វើ ដោយសារតែអារម្មណ៍ខឹងមួយប្រាវ និងតូចចិត្ត មួយប្រាវ បណ្តាលឲ្យមានវិប្បដិសារី ចំពោះសាច់ញាតិ ដែលនៅរស់។

ទន្ទឹមគ្នានេះ ការសម្លាប់ខ្លួន ដោយលោតទឹកពីលើស្ពាន ជាវិធីសាស្ត្រមួយ ដែលអ្នកកាន់ សាសនាព្រះពុទ្ធ និយាយតៗគ្នាថា "ការសម្លាប់ខ្លួនឯង គឺព្រះមិនប្រស់ទេ" ហើយនេះ ជាជម្រើសដ៏ពេញនិយម ដែលត្រូវបានគេមើលឃើញថា កើតឡើងជាញឹកញាប់ នៅតាមបណ្តាស្ពានធំៗ ក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ស្ពានជ្រោយចង្វារ ស្ពានព្រះមុនីវង្ស និងគីហ្សូណា នៅខេត្តកំពង់ចាម ជាដើម ។ ងាកមកស្ពានចង្វារវិញ ករណីលោតទឹកដើម្បីបញ្ចប់ ជីវិត បានកើតឡើងជាហូរហែ ដែលជនរងគ្រោះ ទាំងប្រុសទាំងស្រីមានវិបត្តិផ្សេងៗគ្នា គឺបានជ្រើសរើសយកស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន។

យ៉ាងណាក៏ដោយ គេមិនអាចស្តីបន្ទោស ទៅដល់កម្លាំងសមត្ថកិច្ច ដែលនៅយាមកាមស្ពានបាន ឡើយ ពីព្រោះជនរងគ្រោះទាំងអស់ដែលធ្វើដំណើរមកលោតទឹក គឺមិនបានប្រាប់ដល់សមត្ថកិច្ច ទាំងនោះជាមុនឡើយ។ ហេតុដូច្នេះហើយ ក្រសួងស្ថាប័ន និងអង្គភាពដែលពាក់ព័ន្ធទាំងអស់ គួររួមសហការគ្នា រិះរកវិធីគ្រប់បែបយ៉ាង ដើម្បីចាំជួយទប់ស្កាត់ និងជួយសង្គ្រោះដល់ជនរងគ្រោះ ដែលមកលោតទឹក។

មជ្ឈដ្ឋានខ្លះបានយល់ឃើញថា សមត្ថកិច្ចដែលដាក់យាមប្រចាំការនៅស្ពាន គួរបង្កើនចំនួន និង មានការត្រួតពិនិត្យយ៉ាងដិតដល់ចំពោះជនទាំងឡាយណា ដែលមើលទៅគួរឲ្យសង្ស័យថា នឹងអាចសម្លាប់ខ្លួន ហើយអូប័រ និងទូកជួយសង្គ្រោះ គួរបង្កើនចំនួន និងត្រៀមគ្រប់ពេលវេលា នៅពេលមានហេតុការណ៍នេះ កើតឡើង។ វាមិនសំខាន់ឡើយសម្រាប់ជនរងគ្រោះដែលគិតពី ការបញ្ចប់ជីវិតរបស់ខ្លួននោះ ប៉ុន្តែអ្វីដែលនៅសេសសល់ដោយសោកសង្រេង និងមានវិប្បដិសារី អស់មួយជីវិតនោះ គឺសាច់ញាតិជនរងគ្រោះតែម្តង។

ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍នៃការលោតទឹកសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយត្រួសៗ បានកើតឡើងនាពេលថ្មីៗ។

និស្សិតសាលា NUM ខឹងម្តាយមិនទិញ រថយន្តឲ្យលោតទឹក សម្លាប់ខ្លួនពីលើ ស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ នេះ មានយុវជនម្នាក់ ឈ្មោះ សុង ចាន់គិរី ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ផ្នែកច្បាប់ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដោយខឹង ម្តាយមិនទិញរថយន្តឲ្យ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូតែម្នាក់ឯង ម៉ាកស្កុបពី ពាក់ស្លាកលេខភ្នំពេញ 1AT-9244 បានមកឈប់លើស្ពានជ្រោយចង្វារ រួចក៏លោតទឹកសម្លាប់ខ្លួនតែម្តង។

សេចក្តីរាយការណ៍បានបន្តថា មូលហេតុដែលនាំឲ្យយុវជនខាងលើ លោតទឹកសម្លាប់ គឺបណ្តាលមកពីខឹងម្តាយមិនទិញរថយន្តឲ្យ ។

បច្ចុប្បន្ន ក្រុមគ្រួសាររបស់ជនរងគ្រោះ បានជួលគេឲ្យរាវរក និងបានរកឃើញសពជនរងគ្រោះហើយ៕

លេបថ្នាំសម្លាប់ខ្លួន មិនបានសម្រេច មក លោតទឹកពី លើស្ពានវិញម្ដង នៅតែមិន សម្រេច

ភ្នំពេញ ៖ យុវជនម្នាក់ ជាសិស្សសាលា បានប៉ុនប៉ងផ្ដាច់ជីវិត របស់ខ្លួនចំនួនពីរលើក ដោយលើកទី១ លេបថ្នាំសម្លាប់ខ្លួន និងលើកទី២ មកលោតទឹកពីលើស្ពាន ជ្រោយចង្វារ ប៉ុន្ដែនៅតែមិនបានសម្រេច ដោយសារតែសមត្ថកិច្ចជួយទាន់ពេលវេលា កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច យាមប្រចាំការនៅស្ពានជ្រោយចង្វារ បានឱ្យ ដឹងថា យុវជនដែលគិតខ្លីប៉ងសម្លាប់ខ្លួនខាង លើនេះ មានឈ្មោះសៀង ហេង អាយុ២១ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅជាមួយជីដូន របស់ខ្លួនម្ដុំរោងចក្រកាណាស៊ីធី តាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយមាន ស្រុកកំណើតភូមិដីដុះ ឃុំដីដុះ ស្រុកព្រែកប្រសព ខេត្ដក្រចេះ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបាន បញ្ជាក់ពីមូលហេតុពិតប្រាកដ នៃការមក លោត ទឹកសម្លាប់ខ្លួននោះឡើយ ប៉ុន្ដែបើតាម សាច់ញាតិជនរងគ្រោះ បានធ្លាប់លេប ថ្នាំប្រភេទប៉ារ៉ា អស់ជាង២០ គ្រាប់ ប៉ុន្ដែមិនស្លាប់ ។ រួចមកទើបជនរងគ្រោះមកលោត ទឹកពីលើស្ពានជ្រោយចង្វារតែម្ដង ប៉ុន្ដែត្រូវសមត្ថកិច្ចជួយទាន់ពេលវេលា ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទំនងមានវិបត្ដិ៕

ហ្វ្រេសស៊ីបយ លេខ៤ ខឹងសង្សារ បែកចិត្តលោត ទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ យុវជនជាសិស្ស សាលាម្នាក់ និងជាហ្រ្វេសស៊ីបយ ចំណាត់ថ្នាក់លេខ៤ នាឆ្នាំ២០១២នេះ បានដាច់ចិត្ត លោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន ដោយសារតែជនរងគ្រោះរូបនេះ តូចចិត្តនៅពេលសង្សារ ជាទីស្រឡាញ់របស់ខ្លួន បែកចិត្ត ហើយទៅស្រឡាញ់ប្រុសផ្សេង ។

សពយុវជន សុខ វិរៈ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាស្ថានឯកជនមួយ និងជា Freshi ចំណាត់ថ្នាក់លេខ ៤ ប្រចាំស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចរាវរកឃើញ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែឧសភា នេះ បន្ទាប់ពីជនរងគ្រោះ បានដាច់ចិត្តលោតទឹកពីលើបង្កាន់ដៃស្ពាន នៅចំណុចកណ្តាលស្ពាន កាលពីវេលាម៉ោង ៣រសៀល ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ប្រចាំគោលដៃស្ពានជ្រោយចង្វារ បានថ្លែងថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានជិះម៉ូតូ ម៉ាកអាយខុន ជាមួយមិត្តភក្តិម្នាក់ទៀត លុះមកដល់ចំណុចកណ្តាល ស្រាប់តែជនរងគ្រោះ បានឈប់ម៉ូតូ ហើយលោតពីលើស្ពានតែម្តង ដែលមិត្តភក្តិជួយមិនទាន់ ។

ក្រោយពីមានហេតុការណ៍នេះ កើតឡើង និងលេចឮទៅដល់សាច់ញាតិ និងក្រុមគ្រួសារ ទើបពួកគេប្រញាប់មកកន្លែងកើតហេតុ និងជួលមនុស្សឲ្យរាវ ទើបប្រទះឃើញសពយុវជន រយៈពេល ២ម៉ោងក្រោយកើតហេតុ ។

បច្ចុប្បន្ន សពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ស្គាល់ អត្តសញ្ញណ ស្ត្រីលោតទឹក សម្លាប់ខ្លួនពីលើ ស្ពានគីហ្សូណា ហើយ

កំពង់ចាមៈ ស្ត្រីចំណាស់ម្នាក់ ដែលបានលោតពីលើ ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម សម្លាប់ខ្លួនបានសម្រេចកាល ពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២នោះ នៅថ្ងៃទី២១ ខែឧសភា ត្រូវបានស្គាល់ អត្តសញ្ញាណហើយ។ស្រ្តីនោះមានឈ្មោះនាង ញ៉ អាយុ៥៣ឆ្នាំ រស់នៅភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បើតាមសាច់ញាតិស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា ស្រ្តីឈ្មោះញ៉ បានចេញពីលំនៅឋានទៅរស់នៅជាមួយ បងប្រុសនៅឯស្រុកស្នួលខេត្តក្រចេះ រយៈពេល១ខែមកហើយ ។លុះដល់ថ្ងៃទី២១ ខែឧសភា វេលាម៉ោង ប្រហែល១០យប់ ទើបមានគេមកប្រាប់ថា មានស្រ្តីម្នាក់អាយុប្រហែលជាង៤០ឆ្នាំ បានលោតសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា។ ដោយបានដឹងដូច្នោះក៏មានការសង្ស័យ ទើបពួកគាត់មករកមើលឃើញសពស្រ្តីឈ្មោះ ខណៈ ដែលអាចារ្យវត្តដីដុះ បម្រុងបូជា។

គួររំលឹកដែរថា កាលពីរសៀលថ្ងៃទី២០ ខែឧសភា ស្រ្តីរងគ្រោះបានដើរលើស្ពានគីហ្សូណា ដល់ចំណុចកណ្តាល ស្ពាន ត្រូវបាននគរបាលយាមស្ពានសួរនាំ ហើយស្រ្តីនោះបានប្រាប់ សមត្ថកិច្ចថា គាត់នៅរងចាំកូនរបស់គាត់ បានបន្តិចក្រោយមកពេលដែលនគរបាលងាក មុខចេញស្រាប់តែស្រ្តីរងគ្រោះ ស្រែកលានគរបាល ហើយឡើងលើបង្កាន់ដៃស្ពានលោត ចុះទៅក្នុងទឹក តែត្រូវទើលើថា ខឿនស្ពានបណ្តាលឲ្យស្លាប់ភ្លាមៗ មួយរំពេច៕

ខឹងប្ដីសុំរៀបការ ប្រពន្ធថ្មី នាំកូនប្រុស អាយុ៣ឆ្នាំ ទៅលោតទឹក សម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ដ្រីម្នាក់ ដែលគេដឹងថា ខឹងប្ដី របស់ខ្លួន ទៅសុំរៀបការប្រពន្ធថ្មី ស្រាប់តែ ដាច់ចិត្ដនាំកូន ប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ដែល ជាចំណង អាពាហ៍ពិពាហ៍ ទៅលោត ទឹកសម្លាប់ខ្លួននៅស្ពាន លោកឧកញ៉ា លី យ៉ុងផាត់ (ស្ពានព្រែកព្នៅ) ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំ ពេញ ប៉ុន្ដែការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ជាមួយកូនប្រុស ដែលមិនទាន់ដឹងខុសត្រូវ នោះ មិនបានសម្រេចនោះទេ ដោយសារតែ កូនយំអង្វរ ហើយអ្នកដំណើរជួយឃាត់និង ចាប់ប្រគល់ជូន កម្លាំងសមត្ថកិច្ច ដែលយាម ប្រចាំការនៅស្ពាន។

ហេតុការណ៍ចង់លោតទឹកជាមួយកូនប្រុស សម្លាប់ខ្លួនរបស់ស្ដ្រីកម្មការិនីកាត់ដេររូបនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១២ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេ បានឃើញស្ដ្រីរងគ្រោះ ឈ្មោះសៀត ចាន់ថន អាយុ៣២ឆ្នាំ មុខរបរជាកម្មការិនីកាត់ដេរ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឈររេរាជាមួយកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ដែលប្រុងលោតទឹក ពីលើស្ពាន ។ ខណៈដែល អ្នកដំណើរជាច្រើននាក់ បានធ្វើដំណើរឆ្លង កាត់ទីនោះឮសំលេងក្មេងប្រុសស្រែកថា ខ្លាច មិនហ៊ានលោតទេ ពេលនោះ អ្នកដំណើរក៏ មានការសង្ស័យ ទើបសួរនាំហើយដឹងរឿង ហេតុ ក៏ឃាត់និងចាប់ប្រគល់ឱ្យទៅសមត្ថ កិច្ច ដែលយាមប្រចាំការនៅស្ពាន ដើម្បីនាំ ស្ដ្រីរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ។

ក្រោយការសួរនាំ របស់សមត្ថកិច្ចបានឱ្យ ដឹងថា មូលហេតុ ដែលរូបនាងដាច់ចិត្ដនាំកូន ប្រុស អាយុទើបតែ៣ឆ្នាំប្រុងមកលោតទឹក សម្លាប់ខ្លួន ដោយសារតែខឹងប្ដីឈ្មោះចាន់ ឌឿន អាយុ៣៣ឆ្នាំ មុខរបរជាងជួសជុល រថយន្ដ នៅម្ដុំរង្វង់មូលទួលគោក ចង់ទៅ រៀបការប្រពន្ធថ្មី ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា បើ តាមការរៀបរាប់ពីស្ដ្រីរងគ្រោះ គឺមកពីប្ដី របស់នាងបានសុំរូបនាង ដោយគ្មានអាលោះ អាល័យ ទៅរៀបការ ប្រពន្ធថ្មី ប៉ុន្ដែនាងមិន ព្រម ប្ដីរូបនេះ មួយយប់ៗគិតតែដើរផឹកស៊ី មិនចូលផ្ទះ មិនគិតពីប្រពន្ធកូន ដូច្នេះ ដោយ សារតែមិនអាចអត់ទ្រាំនូវទង្វើរបស់ប្ដី បាន បង្ខំឱ្យរូបនាង នាំកូនប្រុស អាយុទើបតែ៣ឆ្នាំ មកលោតទឹកសម្លាប់ខ្លួន ប៉ុន្ដែមិនបានសម្រេច ឡើយ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច នៅប៉ុស្ដិ៍នគរបាលព្រែកតាសេក ជួយអន្ដរា គមន៍ តាមរយៈការបញ្ជូនរូបនាងនឹងកូន ប្រុសទៅឱ្យក្រុមគ្រួសារវិញ ៕

ម្នាក់ខឹងគេចាប់ រំលោភ ម្នាក់ទៀតខឹង ឪពុកម្ដាយ មិនឱ្យចូលផ្ទះ ដឹកដៃគ្នាលោតទឹក សម្លាប់ខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេងពីរនាក់ អាយុ ១៨ឆ្នាំដូចគ្នា បានដឹកដៃទៅលោតទឹក សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដែល ម្នាក់តូចចិត្ដនិងក្រុមក្មេងស្ទាវ ចាប់រំលោភ និងម្នាក់ទៀតតូចចិត្ដនិងឪពុកម្ដាយមិនឱ្យ ចូលផ្ទះ ។

ចំពោះហេតុការណ៍ខាងលើនេះ សមត្ថកិច្ចប្រចាំគោលដៅ ស្ពានជ្រោយចង្វារ បាន ចុះអន្ដរាគមន៍ជួយសង្គ្រោះបានម្នាក់ ប៉ុន្ដែ ម្នាក់ទៀតរកសពមិនទាន់ ឃើញនៅឡើយ ទេ គិតត្រឹមវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២នេះ ។

ហេតុការណ៍លោតទឹកសម្លាប់ខ្លួន របស់ នារីវ័យក្មេងទាំងពីរនាក់ ដែលមិនស្គាល់គ្នា សោះពីមុនមក បានកើតឡើងកាលពីវេលា ម៉ោង៩និង៥០នាទី ព្រឹកថ្ងៃទី៨ ខែឧសភា នៅចំណុចកណ្ដាលនៃស្ពានជ្រោយចង្វារ បន្ទាប់ពីពួកគេ បានបរាជ័យធ្វើអត្ដឃាត បែបនេះ កាលពីវេលាម៉ោង៧ព្រឹក ដោយ សារតែសមត្ថកិច្ច ជួយឃាត់ទាន់ពេលវេលា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ជនរងគ្រោះដែលនៅរស់ រានមានជីវិត បន្ទាប់ពីសមត្ថកិច្ចស្រង់បាន នោះ មានឈ្មោះត ស៊ីណាត អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅឃុំពរម៉េង ស្រុកឈូក ខេត្ដកំពត រីឯជនរងគ្រោះម្នាក់ទៀត ដែល រកសពមិនទាន់ឃើញមានឈ្មោះ អាណា អាយុ១៨ឆ្នាំ មកពីខេត្ដតាកែវ ។

យោងតាមសាក្សីនិងប្រភពព័ត៌មាននៅ កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ត ស៊ីណាត ដាច់ចិត្ដមកលោតទឹកសម្លាប់ខ្លួន ដោយសារតែខូចចិត្ដ ចំពោះក្រុមក្មេងស្ទាវ មួយក្រុមធ្វើសកម្មភាពចាប់រំលោភរូបនាង កាលពីយប់មិញ ខណៈដែលជនរងគ្រោះ អាណា តូចចិត្ដនឹងឪពុកម្ដាយមិនឱ្យចូលផ្ទះ។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ ជនរងគ្រោះត ស៊ីណា បានមកយំសោកបោកខ្លួន នៅចំណុចស្ពានជ្រោយចង្វារ វេលាម៉ោង៧ព្រឹក លុះបន្ដិចក្រោយមក ស្រាប់តែជនរងគ្រោះ អាណា ដែលប្រុងមកលោតទឹកដែរនោះ បានសួរនាំ ក៏សម្រេចដឹកដៃគ្នាទៅលោតទឹកសម្លាប់ខ្លួន ប៉ុន្ដែត្រូវសមត្ថកិច្ចដឹងទាន់ក៏ដេញ ពីកន្លែង កើតហេតុនោះ ។ ប្រភពបានបន្ដថា ដោយសារតែមិនអស់ចិត្ដ ពួកគេទាំងពីរក៏បានដឹកដៃគ្នាម្ដងទៀតទៅលោតទឹក ដោយបោះស្បែកជើងទៅមុន រួច ហើយលោត តាមក្រោយ ។ ភ្លាមៗនោះ សមត្ថកិច្ចប្រចាំគោលដៅស្ពាន បានជួយអន្ដរាគមន៍ ប៉ុន្ដែត្រឹមតែសង្គ្រោះបានម្នាក់ប៉ុណ្ណោះ ៕

នារីម្នាក់ប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ច ជួយទាន់

ភ្នំពេញ ៖ កាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ មាននារីម្នាក់អាយុមិនដល់ ២០ឆ្នាំ បានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅចំណុចស្ពានព្រះមុនីវង្សចាស់ ត្រើយខាងកើត សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ ។

លោក ហុង យូ មន្ត្រីនគរបាលប្រចាំការ នៅចំណុចស្ពានព្រះមុនីវង្ស បាននិយាយថា កាលពីវេលាម៉ោងប្រហែល ៩ព្រឹក មាននារីបានប៉ុនប៉ងលោតសម្លាប់ខ្លួន តែត្រូវរូបលោកជួយទាន់ ហើយយកសួរនាំ ប៉ុន្តែពេលសួរនាំនារីនោះ មិនបាននិយាយអី្វទាំងអស់ ដោយគិតតែពីយំ ៕

វិបត្តិក្នុងគ្រួសារ ជំរុញឲ្យបុរសម្នាក់ លោតទឹកសម្លាប់ខ្លួន ពីលើស្ពាន ព្រះមុនីវង្សថ្មី

ភ្នំពេញៈ បុរសវ័យប្រមាណជា ៣០ឆ្នាំ ព្រោះតែវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តបញ្ចប់បញ្ហា ដោយការ លោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សថ្មី តែអាយុមិនអស់ ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះទាន់ ពេល។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃចន្ទ ទី០៩ ខែមេសា បុរសម្នាក់ បានមកលោតទឹកពីលើស្ពានព្រះមុនីវង្សថ្មី ក្នុងបំណងបញ្ចប់ជីវិត និងបញ្ចប់បញ្ហា ដែលចាក់ ស្រេះក្នុងគ្រួសារ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះ ជួយសង្រ្គោះទាន់ពេលវេលា បង្កឲ្យភ្ញាក់ផ្អើលអស់អ្នកដំណើរ ដែលកំពុងធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ និងព្រះមុនីវង្សថ្មី។

លោក បូ រស់នៅពោធិចិនតុង បានប្រាប់ថា មូលេហេតុ ដែលរូបគាត់គិតខ្លីបញ្ចប់ជីវិត ដោយការធ្វើអត្តឃាតបែបនេះ ដោយសារមានវិបត្តិក្នុងគ្រួសារ។

ក្រោយពេលស្រង់បានហើយនោះ បុរសរូបនេះ ត្រូវបានសមត្ថកិច្ចយកមកអប់រំ ហើយក៏បញ្ជូនត្រឡប់ ទៅផ្ទះវិញ៕

ស្រវឹងទឹកត្នោតជូរ លោតទឹកបាត់ ២យប់១ថ្ងៃ ទើបប្រទះឃើញ សាកសព

កណ្ដាល៖ កម្មករបើកទូកដរម្នាក់ បន្ទាប់ពីផឹក ទឹកត្នោតជូរស្រវឹងជោកហើយ បែរជាបែកគំនិតលោត ទឹកធ្វើអត្ដឃាត ដោយពុំដឹងមូលកាលពីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ១០១២ រហូតដល់ព្រឹកថ្ងៃទី១៧ ខែឆ្នាំដដែល ទើបគេប្រទះឃើញសាកសពអណ្ដែតទឹក នៅកន្លែងចំលងទូកដរកំពង់ព្រីង ភូមិកំពង់ព្រីង ឃុំសត្បូរ ស្រុកស្អាង ខេត្ដកណ្ដាល។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេត សុភ័ណ្ណា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានមុខរបរជាកម្មករទូកដររស់នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា មុនពេលកើតជនរងគ្រោះរួមនឹងមិត្ដភក្ដិរបស់គេ២នាក់ទៀត បាន នាំគ្នាទិញទឹកត្នោតជូរផឹកចំនួន៨លីត្រ តែពួកគេនាំផឹកអស់តែ ៧លីត្រនោះទេ នៅ សល់១លីត្រ ជនរង គ្រោះក៏យកទៅចាក់ចោល ដោយនិយាយថា ផឹកលែងចូលហើយ បន្ទាប់មក ជនរងគ្រោះក៏បានដើរទៅ ដេកជាមួយមិត្ដភក្ដិ របស់គេម្នាក់ទៀតនៅលើទូកដរ ស្រាប់តែបន្ដិចក៏មានអ្នកដំណើរម្នាក់ ចុះមកលើទូក ពេលនោះមិត្ដភក្ដិគេម្នាក់ ក៏បើកទូកចេញទៅ លុះពេលត្រឡប់មកដល់វិញ កំពុងតែចងទូកមិន ស្រាប់ តែឈ្មោះ សេត សុភ័ណ្ណា បានលោតចូលទឹកបាត់តែម្ដងទៅ។ បន្ទាប់មកម្ចាស់ទូក និងកម្មករ បាននាំគ្នា ដើររកមើលដែរ ប៉ុន្ដែមិនឃើញ លុះរហូតដល់ព្រឹកថ្ងៃទី១៧ ទើបប្រទះឃើញ អណ្ដែតចម្ងាយពីកន្លែង លោតប្រហែល ២០០ម៉ែត្រ ក៏រាយការណ៍ឱ្យនគរបាល ចុះទៅពិនិត្យមើល។

នគរបាលបន្ទាប់ពីពិនិត្យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ ដោយខ្លួនឯងពិតប្រាកដ ម៉ែន ហើយក៏ប្រគល់ជូនទៅ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

គ្រាន់តែមិត្តភក្តិ មិនផឹកទឹកត្នោតជូរ ខឹងលោតទឹកសម្លាប់ ខ្លួន សំណាងល្អចាម ជួយទាន់

ភ្នំពេញៈ យុវជនចិត្តស្លុយម្នាក់ ផឹកទឹកត្នោតជូរស្រវឹង ធ្លាក់ភ្នែកបើកមិនរួច បានសម្រេចចិត្តផ្តាច់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សចាស់ តែសំណាងល្អ បានអ្នកនេសាទចាម ជួយស្រង់ទាន់ពេលវេលា។

មន្រ្តីនគរបាលប្រចាំការនៅគោលដៅស្ពានព្រះមុនីវង្សចាស់ បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង២០នាទីល្ងាច ថ្ងៃអង្គារ ខែកុម្ភៈ ឆ្នាំ២០១២ យវជន វ៉ាន់ មីក្រាម ហៅពេជ្រ អាយុ ១៩ ឆ្នាំ រស់នៅជិតវត្តកម្សាន្ត សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បានដើរមកលើស្ពានទាំងអាការស្រវឹងទ្រេត ហើយលោតចុះទឹកតែម្តង។ ភ្លាមៗនោះ ទូកនេសាទខ្មែរឥស្លាម ដែលនៅក្បែរនោះ បានជួយស្រង់សង្រ្គោះទាន់ពេលវេលា។

ក្រោយពេលស្រង់ដល់លើគោក យុវជនរូបនេះ បានប្រាប់សមត្ថកិច្ចថា រូបគេបានមកលោតទឹកសម្លាប់ខ្លួន ព្រោះ តែខឹងមិត្តភក្តិមិនព្រមផឹកទឹកត្នោតជូរជាមួយ។

ក្រោយពេលសួរនាំ សមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំកុំឲ្យគិតខ្លី ហើយក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅផ្ទះ វិញទៅ៕

 យុវជនម្នាក់ តូចចិត្ដខ្វះលុយ រៀបការ លោតទឹកស្ពាន ជ្រោយចង្វា សម្លាប់ខ្លួន

ភ្នំពេញ ៖ ដោយសារ តូចចិត្ដគ្មានលុយ គ្រប់សម្រាប់រៀបការ យុវជនអាយុ២២ឆ្នាំ ម្នាក់តូចចិត្ដ ទៅលោតទឹក ស្ពានជ្រោយចង្វា ប៉ុន្ដែមិនស្លាប់ ដោយសារ សមត្ថកិច្ចសង្គ្រោះ ទាន់ពេលវេលា កាលពីវេលាម៉ោង៨ និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ ។

នគរបាលយាមស្ពានបានឱ្យដឹងថា យុវជនលោតទឹកស្ពាន ជ្រោយចង្វា ដែល មិនស្លាប់មានឈ្មោះ ទី ណូរ៉ា ហៅដេវ អាយុ២២ឆ្នាំ មុខរបរជា កម្មករហាង នំប៉័ងបាយ័នខាងកើតស្ពាន ជ្រោយចង្វា មានស្រុកកំណើតនៅឃុំ ព្រះពន្លា ស្រុក កំពង់រោទ៍ ខេត្ដស្វាយរៀង ។

សមត្ថកិច្ចនគរបាលយាមស្ពានជ្រោយ ចង្វា បានឱ្យដឹងថា យុវជនឈ្មោះទី ណូរ៉ា ហៅដេវ មានសង្សារឈ្មោះ ស្រី អូន អាយុ ១៩ឆ្នាំ ជាកម្មការិនីរោងចក្រ៧ជាន់ ផ្លូវ វ៉េងស្រេង មានស្រុកកំណើតនៅខេត្ដកំពត។ រវាងឪពុក ម្ដាយទាំងសងខាង បានជួបស្គាល់ គ្នារួចហើយ ដោយកំណត់ពេលរៀបការ យុវជនទី ណូរ៉ា និងសង្សារឈ្មោះ ស្រីអូន ប៉ុន្ដែខាងស្រី ពីដំបូងតម្រូវឱ្យខាងប្រុសផ្ដល់ ប្រាក់២៣០០ដុល្លារ សម្រាប់រៀបចំមង្គល ការអ្នកទាំងពីរ ។ ក្រោយមកដោយមានការ យោគយល់ ខាងស្រី បានចុះមកនៅត្រឹម ២១០០ដុល្លារ ព្រោះយល់ថា ខាងប្រុស ក៏មានការខ្វះខាត ដែរ ដូច្នេះត្រូវសម្របសម្រួលគ្នា ព្រោះក្មេងៗ បានស្រឡាញ់គ្នាទៅហើយ ។

ប្រភពបានឱ្យដឹងទៀតថា ក្នុងទឹកប្រាក់ កំណត់២១០០ដុល្លារ គឺម្ដាយរបស់យុវជន ទី ណូរ៉ា មានលទ្ធភាពជួយ កូនតែ១៥០០ដុល្លារប៉ុណ្ណោះ ហើយនៅសល់ ៦០០ដុល្លារទៀត ទុកឱ្យកូនប្រុសរកដោយខ្លួនឯង ។ ប៉ុន្ដែ ប្រហែលដោយសារពុំមានលទ្ធភាពរកបាន ប្រាក់ ៦០០ដុល្លារបន្ថែម ទើបយុវជនទី ណូរ៉ា ពិបាកចិត្ដ ហើយខឹងសង្សាររហូតដល់ គិតខ្លីទៅលោតទឹកសម្លាប់ខ្លួន ។ តែជាសំណាងល្អ ដោយសារសមត្ថកិច្ច នគរបាលយាមនៅគោលដៅស្ពានជ្រោយចង្វា ជួយសង្គ្រោះទាន់ពេលវេលា ទើបយុវជនរូបនេះ រួចផុតពីសេចក្ដីស្លាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ស៊ន សុភក្ត្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]