សៀមរាប ៖សមត្ថកិច្ច បាននិងកំពុង ខិតខំប្រឹងប្រែង ទប់ស្កាត់ នូវហេតុការណ៍ អសន្តិសុខ ដែលបណ្ដាល មកពីចោរឆក់ ចោរលួច ចោរប្លន់ ក៏ដូចជាគ្រោះ ថ្នាក់ចរាចរ និងភាពខ្វះសណ្ដាប់ធ្នាប់ នៅក្រុងសៀមរាប ជាបន្តបន្ទាប់ ក្នុងប៉ុន្មានខែ ចុងក្រោយនេះ ព្រោះបញ្ហាទាំងនេះ ហាក់មានការ កម្រើកឡើងជាអន្លើៗ បណ្ដាលឲ្យ ប្រជាពលរដ្ឋ អាជីវករ និងមជ្ឈដ្ឋានមួយចំនួន មានការព្រួយបារម្ភ និងភ័យខ្លាច ចំពោះបញ្ហាទាំងនេះផងដែរ។

ប៉ុន្តែនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០១២ នៅវេលាម៉ោងប្រមាណ ៤:៣០នាទីរសៀល មានការផ្ទុះអាវុធ ពីសមត្ថកិច្ច ចំនួន ៤-៥គ្រាប់ បណ្តាលឲ្យបុរសម្នាក់ ឈ្មោះ បុល ថា អាយុ ៣៨ឆ្នាំ ជាអ្នកសុំទាន បានរងរបួស បន្ទាប់ពី សមត្ថកិច្ចផ្ទះអាវុធ។ ក្នុងហេតុការណ៍នេះ អ្នករបួសចោទថា ខ្លួនត្រូវគ្រាប់កាំភ្លើងដោយសារតែសមត្ថកិច្ច តែសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវ ហើយបើតាមការ ពិនិត្យរបស់ គ្រូពេទ្យ ថា បុរសម្នាក់នោះ មិនមែនត្រូវគ្រាប់ កាំភ្លើងទេ គឹវាអាចរត់ដួល បុកនិងអ្វីផ្សេង គឺវត្ថុរឹង។

 បុរសនោះមានរបួស ត្រង់ស្មាឆ្វេង (ខាងក្រោយខ្នង ចំបោះដៃផុត) បានដេកដួល នៅលើដី បន្ទាប់ពីគេបានរត់គេចចេញ ពីកន្លែងលេងល្បែង "ខ្លាឃ្លោក"  មួយកន្លែង រួចបានផ្លោះរបង រត់ឆ្លងកាត់ប្រឡាយ នៅពេលដែល គេបានឃើញសមត្ថកិច្ច កំពុងយុទ្ធនាការតាមចាប់មុខសញ្ញាសង្ស័យ នៅម្ដុំនោះ។ ក្រោយមកបុរសរូបនោះ ត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប រហូតដល់ពេលនេះ។

ហេតុការណ៍ផ្ទុះអាវុធ និងបុរសម្នាក់រងរបួស នោះ ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ម្ដុំកន្លែងស្នាក់នៅ បណ្ដោះអាសន្ន របស់ជនរងគ្រោះ។ បុរសរូបនោះ ព្រមទាំងភរិយា និងអ្នកដែលបាន ស្គាល់រូបគេ បានអះអាងថា ប្រពន្ធគេឈ្មោះ វ៉ឹក សុធា អាយុ ៤៣ឆ្នាំ ស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទើបតែមក រស់នៅទីនោះ បានជាង១ខែ ដើម្បីសុំទានតាមផ្សារ និងទីប្រជុំជននានា ក្នុងក្រុងសៀមរាប ដោយការរុញរទេះដឹកជនពិការជិះ រទេះម្នាក់ ពេលបានប្រាក់ប៉ុន្មាន ត្រូវចែកគ្នាម្នាក់ពាក់កណ្ដាល។

ប្រពន្ធបុរសនោះ បញ្ជាក់ថា គ្រួសាររបស់គេ ធ្លាក់ខ្លួនក្រីក្រ ដោយសារលក់ព្រទ្យមើលជំងឺប្ដី និងកូនៗ ទើបសម្រេច ចិត្តមកស្នាក់នៅ និងសុំទានបែបនេះ ម្យ៉ាងដោយ កូនម្នាក់របស់គេមានជំងឺបេះដូងរីក ត្រូវពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ សៀមរាប។

ហើយពួកគេទាំងពីរនាក់បានរួមរស់ជាប្ដី ប្រពន្ធនិងគ្នាអស់ រយ:ពេលជាង ២០ឆ្នាំមកហើយ ព្រមទាំងមានកូន ៧នាក់ (ស្លាប់ ៣នាក់) សព្វថ្ងៃបានយកកូន ២នាក់តូចៗមករស់នៅជាមួយ។

សូមបញ្ជាក់ថា ទោះបីសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុង ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ យ៉ាងណាក្ដី ក៏ហេតុការណ៍មួយចំនួន នៅតែមានការកើតឡើង ជាអន្លើៗ នៅក្រុងសៀមរាប នាពេល បច្ចុប្បន្ន ដែលបណ្ដាលឲ្យសមត្ថកិច្ច អាជ្ញាធរ ដែលយក ចិត្តទុកដាក់ សកម្ម ក្នុងការទទួលខុសត្រូវ តាមតួនាទី និងភារ:កិច្ច ក្នុងការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ បន្តចាត់រាល់វិធានការ សម្រាប់ការពារ ប្រុងប្រយ័ត្ន ជាប្រចាំ រហូតបាន សម្រេចនូវភារ:កិច្ច និងបង្រ្កាបបាន នូវមុខសញ្ញាជាបណ្ដើរៗមួយចំនួន ព្រមទាំងបាន ចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ។

ទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពីសំណាក់ សមត្ថកិច្ច អាជ្ញាធរ និងថ្នាក់ដឹកនាំខេត្ត  មហាជនមួយចំនួនបាន សុំណូមពរបន្ថែម ឲ្យសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ រួមគ្នាក្នុងការរក្សា ការពារ នូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងដើម្បីរក្សាឲ្យបាននូវភូមិ ឃុំមានសុវត្ថិភាព។

ចំពោះហេតុការណ៍ ផ្ទុះអាវុធ ហើយបុរសម្នាក់បានរបួស កំពុងព្យាបាល នៅមន្ទីរពេទ្យនេះ ខាងសមត្ថកិច្ចនគរបាល លោកអនុសេនីឯក ម៉ុក សំអូន អធិការរង នគរបាលក្រុងសៀមរាប  បានមានប្រសាសន៍ថា "សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវ ហើយបើតាមការ ពិនិត្យរបស់ គ្រូពេទ្យ បុរសម្នាក់នោះ មិនមែនត្រូវគ្រាប់កាំភ្លើងទេ គឹវាអាចរត់ដួល បុកនិងអ្វីផ្សេង គឺវត្ថុរឹង"។ លោកបានបញ្ជាក់ថា យើងអត់ទាន់បាន និយាយថាម៉េចទេ ចាំមើលឯកសារពេទ្យ ចេញមកបញ្ជាក់ រកហេតុផល ក្រុមគ្រូពេទ្យ បានថតមើល រកអស់ហើយវត្ថុ វាអត់មានអីទេ ហើយបើតាម មើលមុខរបួសនោះ វាមិនអាចជាការ ត្រូវគ្រាប់ទេ ព្រោះរបួសធំ រហែកធំ ។

ទោះបីយ៉ាងណា រហូតមកដល់ វេលាម៉ោង ១១:១៥នាទី ថ្ងៃទី១០ មិថុនា ឆ្នាំ២០១២នេះ ក្រុមគ្រូពេទ្យ នៅបន្តពិនិត្យ ព្យាបាល របួសដល់អ្នករបួស។ ហើយសមត្ថកិច្ចជំនាញ នៅតែបន្តស្រាវជ្រាវ រកមុខសញ្ញា ដែលសង្ស័យ ចំពោះជនរងរបួសរូបនោះ សមត្ថកិច្ចក៏ និងបន្តស្រាវជ្រាវផងដែរ ដើម្បីរកការ ពិតជាក់ស្ដែងតាមនីតិវិធី ផ្លូវច្បាប់ ហើយរង់ ចាំនូវលទ្ធផលនៃការពិនិត្យ ស្រាវជ្រាវសិន៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ កែវ សុផាត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]