អ្នកបើកបរ​រថយន្ដ​ទំនើប​​​ជា​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​មាន​អាយុ​ប្រមាណ​១៨​ឆ្នាំ់​ និង​ក្មេង​ប្រុស​ម្នាក់​រួម​ដំណើរ​​ជា​មួយ​ផងបាន​បើក​បុក​ម៉ូតូ១គ្រឿង​​ពេញទំហឹង​ បណ្ដាល​ឱ្យ​​បុរស​ម្នាក់​​រង​របួស។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​​១០​និង​៣០​នាទី​​យប់​ថ្ងៃទី​២៩ មករា ខាង​លិច​ស្ពាន​អាកាស៧​មករា​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យោងតាម ភ្នំពេញ​ប៉ុស្ដិ៍ ចេញផ្សាយថ្ងៃ ៣១ ខែមករា បានអោយដឹងថា អ្នក​ចោម​រោម​មើល​នោះ​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​នោះ គាត់​ជា​អ្នក​ចម្រៀង យ៉ុង ចាន់​កន្និកា គាត់​បាន​បើក​រថយន្ត​បុក​អ្នក​ដំណើរ​ម្នាក់​ ហើយ​ក៏​បាន​រត់​គេច គេ​ទើប​តែ​ស្ទាក់​បាន​នៅ​ទីនេះ​។​  តែកញ្ញា យ៉ុង ចាន់​កន្និកា បានប្រកែកថា នាងមិនមែនជាអ្នកក្នុងឡាននោះទេ គ្រាន់ជាការយល់ច្រលំ។

សូមមើលអត្ថបទដើមរបស់សារព័ត៌មានភ្នំពេញ​ប៉ុស្ដិ៍ នៅខាងក្រោម៖

"ភ្នំពេញៈ អ្នក​ដំណើរ​បាន​នាំ​គ្នា​ចោមរោម​អ៊ូឈូឆរ​ជុំវិញ​រថយន្ត​មួយ​គ្រឿង​ ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​និយាយ​​អះអាង​យ៉ាង​ច្បាស់​ៗ​ថា តារា​ចម្រៀង យ៉ុង ចាន់​កន្និកា បាន​បើក​បរ​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស ​ធ្ងន់ ហើយ​បាន​បើក​រត់​គេច​ខ្លួន ​តែ​ត្រូវ​បង​ប្អូន​ជន​រង​គ្រោះ​តាម​ឃាត់​រថយន្ត​នោះ​បាន​ ខណៈ​ដែល​រថយន្ត​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ដោយ​សារ​បែក​កង់​មុខ​ ខាង​ស្តាំ​។

អ្នក​ចោម​រោម​មើល​នោះ​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​នោះ គាត់​ជា​អ្នក​ចម្រៀង យ៉ុង ចាន់​កន្និកា គាត់​បាន​បើក​រថយន្ត​បុក​អ្នក​ដំណើរ​ម្នាក់​ ហើយ​ក៏​បាន​រត់​គេច គេ​ទើប​តែ​ស្ទាក់​បាន​នៅ​ទីនេះ​។​ តែ​ទោះ​បី​ជា​យ៉ាង​ណា​នៅ​ក្នុង​ស្ថានភាព​ភ្លាម​ៗ​នោះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​សាកសួរ​ពី​អ្នក​បើកបរ​នោះ​បាន​ទេ ដោយ​សារ​នាង​ស្ថិត​នៅ​ក្នុង​រថយន្ត​បិទ​ទ្វារ​ជិត មិន​ព្រម​ចុះ និង​មាន​លក្ខណៈ​ងងឹត​ពេក។

មិត្តភក្តិ​ជនរងគ្រោះ​ជា​ច្រើន​នាក់​ដែល​បាន​ជិះ​ម៉ូតូ​តាម​រថយន្ត​បើក​ គេច​នោះ​បាន​និយាយ​ថា មិត្ត​ភក្តិ​របស់​ខ្លួន​បាន​ទទួល​រង​គ្រោះ​ថ្នាក់​យ៉ាង​ដំណំ​ ហើយ​ប្រហែល​ជា​អាច​នឹង​បាក់​ចង្កេះ​ក៏​មិន​ដឹង​ ព្រោះ​ពេល​លើក​គាត់​ឲ្យ​អង្គុយ​ គាត់​ស្រែក​ឈឺ​ចង្កេះ​យ៉ាង​ខ្លាំង​។

បង​ប្អូន​អ្នក​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក វីហ្គោ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2I 7858 បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ស្មាស់​ នៅ​ត្រង់​ចំណុច​ខាង​លិច​ស្ពាន​អាកាស​៧​មករា ពេទ្យ​លោក​សង្ឃ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែនសុខ​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ មករា​។ ប៉ុន្តែ​ក្រោយ​ហេតុការណ៍​បុក​នេះ រថយន្ត​បង្ក​ហេតុ​មិន​បាន​ឈប់​នៅ​មួយ​កន្លែង​ទេ​ ទោះ​បី​ជា​បែក​កង់​មុខ​ខាង​ស្តាំ​ក្តី ពោល​គឺ​រថយន្ត​បាន​បើក​រត់​គេច​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម តែ​រថយន្ត​ដែល​មាន​នារី​បើកបរ ហើយ​ត្រូវ​គេ​អះអាង​ថា ​ជា​តារា​ចម្រៀង យ៉ុង ចាន់​កន្និកា នោះ ត្រូវ​បាន​បង​ប្អូន​ជន​រង​គ្រោះ​ស្ទាក់​ចាប់​បាន​នៅ​ម្តុំ​ភ្លើង​ស្តុប​ អូតែលស នៅ​ទល់​មុខ​សណ្ឋាគារ​អេស៊ាន​ប៉ាលេស​ ស្ថិត​នៅ​ក្នុង​សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា។

បន្ទាប់​ពី​ស្ទាក់​ឲ្យ​រថយន្ត​ឈប់ អ្នក​បើកបរ​ស្រី​វ័យ​ក្មេង​ដែល​មាន​បុរស​ម្នាក់​រួម​ដំណើរ​ដែរ​នោះ មិន​ព្រម​ចេញ​ពី​រថយន្ត​ឡើយ​ ទោះ​បី​ជា​រថយន្ត​ប៉ូលិស​ខណ្ឌ​៧​មករា​មក​ស្ទូច​ក៏​ដោយ។

នៅ​ពេល​នោះ​មន្ត្រី​ប៉ូលិស​ឲ្យ​ដឹង​ថា យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​។

ប៉ុន្តែ​កាល​ពី​ម្សិលមិញ​លោក យិន សាន អធិការ​ខណ្ឌ​៧​មករា​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​លោក​បាន​បញ្ជូន​ទៅ​ប៉ូលិស​ក្រុង​ជា​អ្នក​ដោះស្រាយ​ មន្ត្រី​ប៉ូលិស​ខណ្ឌ​៧​មករា គ្រាន់​តែ​ជា​អ្នក​ជួយ​ចាប់ និង​ឃាត់​រថយន្ត​ទុក​តែ​ប៉ុណ្ណោះ។​

លោក ហេង ច័ន្ទធារី ប្រធាន​ប៉ូលិស​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការ ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ​ព្រោះ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​លើក​។

រីឯ​តារា​ចម្រៀង យ៉ុង ចាន់​កន្និកា ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ ព្រោះ​នាង​មិន​លើក​ទូរស័ព្ទ៕"

សូមចុច ភ្នំពេញ​ប៉ុស្ដិ៍ ដើម្បីមើលអត្ថបទដើម។

ប៉ុន្តែកញ្ញា យ៉ុង ចាន់​កន្និកា បានចេញមកបកស្រាយថាមិនមែន ជាកញ្ញាទេក្នុង គេហទំព័រដើមអម្ពិល។ 

កញ្ញា យ៉ុង ចាន់កន្និកា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីព្រឹកថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០១២ ទាំងអារម្មណ៍ភ្ញាក់ផ្អើលថា " គ្រាន់តែខ្ញុំភ្ញាក់ពីដំណេកភ្លាម មិត្តភ័ក្តបានសួរខ្ញុំពីរឿងគ្រោះថ្នាក់ចរាចរណ៍ ស្រាប់ តែខ្ញុំភ័ន្តភាំង មិនដឹងនិយាយថាយ៉ាងម៉េច ព្រោះខ្ញុំអត់ដឹងខ្លួនទាល់តែសោះ ថាមាន រឿងនេះកើតឡើងចំពោះខ្ញុំ ដល់ពេលអីច្ចឹងខូចឈ្មោះខ្ញុំទៀត "។

យ៉ុង ចាន់កន្និកា បានបញ្ជាក់ប្រាប់ទៀតថា " យប់នោះខ្ញុំទៅច្រៀងនៅហាងកន្លែងធ្វើការរបស់ខ្ញុំ នៅត្រើយម្ខាង ឈ្មោះមេគង្គប៊ីយូថោវើ ជាមួយប្អូនស្រីដោយជិះរថយន្តម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ2M-7813 ខ្ញុំឯណាមានរថយន្តម៉ាកវីហ្គោជិះនោះ ។ តាមការពិតទៅព័ត៌មានដែលចុះផ្សាយហ្នឹងគឺនិយាយមិនពិត គេច្រឡំមនុស្សទាំងស្រុងតែម្តង តើមាននរណាជាសាក្សីខ្លះ ថាឃើញខ្ញុំជាអ្នកបើករថយន្ត? ដល់ពេលព័ត៌មានចុះមកបែបនេះខ្ញុំមិនសុខចិត្តទេ ព្រោះខ្ញុំមិនដឹងខ្លួនសូម្បីបន្តិចណាសោះ ប៉ុន្តែប្រសិនបើខ្ញុំជិះឡានបុកគេមែនក៏ខ្ញុំត្រូវទទួលខុសត្រូវដែរ មិនបើករថយន្តគេចបែបនេះទេ "។

តារាចម្រៀងរាងតូចច្រឡឹង យ៉ុង ចាន់កន្និកា បានបន្ថែមទៀតថា " ពេលវេលាហ្នឹងខ្ញុំកំពុងតែច្រៀង ពេលចប់ ប្រហែលជាម៉ោង៩និង៣០នាទីយប់ ខ្ញុំក៏អង្គុយញ៉ាំអីជជែកគ្នាលេងបន្តិចរហូតដល់ម៉ោងជាង ១០យប់ ទើបខ្ញុំត្រឡប់មកផ្ទះវិញដូចធម្មតា។ គ្មានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ ស្រាប់ព័ត៌មានចុះផ្សាយ បែបហ្នឹង ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ គឺនិយាយលេងចេញតែម្តង។ ខ្ញុំគិតថាគេច្រឡំមនុស្សទាំងស្រុង ព្រោះអីកាលពីមុន គេក៏ចុះផ្សាយច្រឡំមនុស្សដូចគ្នា ដោយឈ្មោះពេជ្រ សូលីកា ទៅជាច្រឡំឈ្មោះខ្ញុំ (យ៉ុង ចាន់កន្និកា) ទៅវិញ តាមពិតអ្នកដែលបុកគេ ហើយចូលប៉ុស្តិ៍ប៉ូលីសគឺ ពេជ្រ សូលីកាទេ ប៉ុន្តែគេ យល់ច្រឡំថាជាខ្ញុំទៅវិញ រហូតដល់ ខ្ញុំទៅកាន់ស្ថាប័នព័ត៌មាននោះផ្ទាល់ទើបគេចុះផ្សាយបកស្រាយ ឲ្យខ្ញុំវិញ។ ចំពោះបញ្ហានេះខ្ញុំមានសាក្សី គឺមិត្តភ័ក្តនៅក្នុងហាង ព្រោះយប់នោះខ្ញុំអង្គុយរហូតដល់ម៉ោង ជាង១០យប់ទើបត្រឡប់មកផ្ទះអត់អាច មានរឿង ហ្នឹងកើតឡើងទេ "។

សូមចុចលើ ដើមអម្ពិល ដើម្បីអានអត្ថបទដើមលំអិត។

Khmerload គ្រាន់តែអ្នកដកស្រង់ព័ត៌មាននេះ តែប៉ុណ្ណោះ បងប្អូនអាចបញ្ចេញយោបល់ ផ្ទាល់ខ្លួនអ្នក។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]