ភ្នំពេញៈ តួឯកស្រីកំពុង តែមានឈ្មោះល្បី និងទទួលបានភាពលេចធ្លោ ក្នុងរឿង “គ្រាប់ពេជ្រ” អ្នកនាង សោម ម៉ាល័ក្ខ ថ្មីៗនេះបានចេញ មុខប្រកាសក្តែងៗ ប្រាប់សាធារណៈជនថា នាងបានសម្រេចចិត្តផ្អាក ការសម្តែងរឿង ចោលទាំងស្រុង ដើម្បីផ្គាប់ចិត្ត ឧត្តមស្វាមីសំណព្វ ។

នៅមុនពេលដែល តារាស្រីសម្បុរស្រអែម កញ្ញា ម៉ាល័ក្ខ ប្រកាសបែបនេះ នាពេលកន្លងមក ធ្លាប់មានព័ត៌មាន សាយភាយថា មួយរយៈពេលនេះនាង បានធ្វើឲ្យអ្នកដឹកនាំរឿងជាច្រើន មានការខកចិត្តចំពោះនាង ព្រោះថាពួកគាត់បានទាក់ទង ហៅនាងថតរឿង ជាបន្តបន្ទាប់ តែនាងបដិសេធមិនទទួល បើទោះជារឿងទាំងនោះភាគច្រើន នាងបានគ្រងតំណែងជា តួឯកស្រី ក៏ដោយ ដែលមើលទៅនាងហាក់ មានរនាំងរារាំង ពីស្វាមីបណ្តូលចិត្ត ព្រោះតែភ្លើងប្រច័ណ្ឌ មិនចង់ឲ្យបុរសម្នាក់ ណាមកប៉ះពាល់ខ្លួនភរិយា វ័យក្មេងទើបនាងត្រូវបង្ខំ ចិត្តផ្អាកសម្តែង ដើម្បីស្វាមី ។

ពាក់ព័ន្ធនឹងការលើកឡើង របស់ព័ត៌មានបែបនេះត្រូវ បានម្ចាស់សាម៉ីខ្លួន អ្នកនាង សោម ម៉ាល័ក្ខ ចេញមុខបកស្រាយប្រាប់ Looking TODAY នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ នេះ ថា សម្រាប់នាងគឺបានដកខ្លួន ចេញពីការសម្តែងរឿង ហើយព្រោះថាស្វាមីរបស់នាង បាន ចេញបម្រាមហាមដាច់ខាត មិនឲ្យនាងទទួលការងារថតណា ដែលមានរយៈពេលយូរច្រើន ខែទៀតទេ ជាពិសេសការថតរឿងទោះជា មានតម្លៃខ្ពស់យ៉ាងណាក៏ដោយ ។

ស្រីស្អាតស្រគត់ស្រគំដែល ទើបតែរៀបការ ហើយថ្មីៗអ្នកនាងម៉ា ល័ក្ខបានប្រាប់ឲ្យដឹងថា “ជា ការពិតណាស់ស្វាមីខ្ញុំគាត់ពិតជាឲ្យខ្ញុំ ឈប់ថតរឿងមែន ប៉ុន្តែមិនមែនដោយសារ តែគាត់ ប្រច័ណ្ឌខ្ញុំ និងតារាសម្តែងប្រុសដទៃ អ្វីឡើយគឺគាត់ (ស្វាមី) មិនចង់ឲ្យខ្ញុំ ហត់ចំណាយពេល ថតរឿងរាប់ខែទម្រាំ តែចប់ម្យ៉ាងទៀត បើសិនជាខ្ញុំទទួលថតច្រើន គាត់ខ្លាចខ្ញុំមិនសូវមាន ពេលក្នុងការ ប្រាស្រ័យទាក់ទង ទៅគាត់ដូច្នេះហើយ បានជាខ្ញុំសម្រេចចិត្តផ្អាក ព្រោះខ្ញុំមិន ចង់ធ្វើឲ្យប៉ះពាល់ អារម្មណ៍របស់គាត់ និងធ្វើឲ្យចំណងស្នេហ៍មាន បញ្ហាដោយសាររឿងនេះ ” ។

តារាសម្តែង និងជាតារាបង្ហាញរូបនេះ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់នាងការងារផ្សេង ពីការថតរឿងដូចជា ការសម្តែងឈុតខារ៉ាអូខេ ដើរម៉ូដថតស្ពតគឺនាងទទួល ធម្មតានិយាយ ជារួមឲ្យ តែការងារណាខ្លីៗ ចំណាយពេលតិចគឺនាង អាចទទួលបានទាំងអស់ “ដូចកាលពី ថ្ងៃម្សិលម្ង៉ៃ ខ្ញុំបានទទួលការងារថតរឿងមួយ ដែលតម្រូវឲ្យចំណាយ ពេល៣-៤ថ្ងៃថតក៏ ស្វាមីខ្ញុំគាត់មិនឲ្យថតដែរ” ។

ជាមួយគ្នានោះ នាងបានព្រលយឲ្យដឹងថា បើទោះជាពេលនេះនាង និងស្វាមីរស់នៅឆ្ងាយពីគ្នា យ៉ាងណាក៏ដោយ តែសម្រាប់ទំហំ ចិត្តស្រលាញ់ សម្រាប់នាង និងស្វាមីគឺកាន់តែផ្អែមល្ហែម ជាងមុនទៀត ដោយមួយថ្ងៃៗនាងនិងស្វាមីត្រូវចំណាយ ពេលទាក់ទងគ្នា តាមប្រព័ន្ធអ៊ីនធើណេត ឆ្លើយឆ្លងភាសាស្នេហ៍ ផ្អែមល្ហែមទៅវិញទៅមក មិនដែលលោះថ្ងៃឡើយ ហើយ ចាប់តាំងពីស្វាមី នាងរៀបការ ហើយត្រឡប់ ទៅរស់នៅអូស្ត្រាលីវិញនោះ គឺស្វាមីនាងឧស្សាហ៍ជិះយន្តហោះ មកលេងនាងជាញឹកញាប់ ជាក់ស្តែងនៅសល់តែ២ សប្តាហ៍ទៀត ប៉ុណ្ណោះ គាត់ (ស្វាមី) នឹងឡើងមកលេង នាងទៀតហើយ ដោយមកម្តងៗគឺមានរយៈពេល ១-២សប្តាហ៍ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]