ឥណ្ឌា៖ ក្មេងទំនើងមួយក្រុម ដែលយ៉ាងហោចណាស់ មានម្នាក់ជាប៉ូលីស ត្រូវជាប់ចោទ ពីបទរំលោភ និងសម្លាប់ក្មេងស្រីជំទង់២នាក់ នៅក្នុងតំបន់ ដាច់ស្រយាលមួយ នៃប្រទេសឥណ្ឌា ដែលបន្ទាប់មក ក៏យកក្មេងស្រីទាំង២នាក់ ទៅព្យួរកបន្ថែមទៀត យោងទៅតាមសម្ដីរបស់ អជ្ញាធរនៅក្នុងតំបន់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកភូមិ បានប្រទះឃើញ សាកសពក្មេងស្រីទាំងពីរ ដែលជាបងប្អូនបង្កើត និងមានអាយុ ១៤ និង១៥ឆ្នាំនេះ ដោយក្នុងសភាពព្យួរក ពីដើមស្វាយ នៅក្បែរផ្ទះរបស់នាង បន្ទាប់ពី ពួកនាង បានបាត់ខ្លួនអស់ជាច្រើនម៉ោង ក្នុងភូមិ Katra នៃរដ្ឋ Uttar Pradesh។ នៅក្នុងនោះ បានបញ្ជាក់ឲ្យដឹងថែមទៀតថា ពួកនាង បានដើរចេញទៅខាងក្រៅផ្ទះ ដោយសារតែ ផ្ទះរបស់ពួកនាង គ្មានបន្ទប់ទឹក ដែលបន្ទាប់មក ក៏ជួបនឹង ហេតុការណ៍ ដ៏អាក្រក់បែបនេះតែម្ដង។

យ៉ាងណាមិញ មានអ្នកភូមិ រាប់រយនាក់ បាននាំគ្នា ទៅឈរប្រមូលផ្ដុំ នៅជុំវិញដើមឈើនោះ អស់ពេញមួយថ្ងៃ ដោយសារតែនាំគ្នាខឹងសម្បារទៅនឹង សមត្ថកិច្ចដែលមិនអើពើ នៅពេលដែលឪពុកក្មេងស្រីរងគ្រោះ រត់ទៅប្ដឹងបាត់កូនស្រីតាំងពី យប់ ហើយពួកអ្នកភូមិ ក៏មិនព្រម ស្រាយសាកសពជនរងគ្រោះ ទាំងពីរចុះមកក្រោមនោះផងដែរ ដោយឲ្យយោរចុះយោរឡើងទៅតាមខ្យល់ រហូតទាល់តែក្រុមសមត្ថកិច្ច អាចស្វែងរកមុខ ក្រុមទំនើងទាំងនេះ។ 

គួរបញ្ជាក់ថា នាថ្ងៃបន្ទាប់ ប៉ូលីសបាន ចាប់ខ្លួនជនសង្ស័យ ៤នាក់ និងកំពុងតែចាប់ជនសង្ស័យ ៣នាក់បន្ថែមទៀត ដែលគេសង្ស័យថា ក្នុងនោះមានម្នាក់ជា ប៉ូលីស។

ចំពោះភូមិនេះ គឺមានចំងាយ ៣០០គ.ម ពីភាគខាងត្បូងឆៀងខាងលិច នៃរាជធានី ដែលនៅក្នុងនោះ តាមរយៈការវិនិច្ឆ័យ បានបង្ហាញឲ្យដឹងថា ក្មេងស្រីទាំងពីរ ត្រូវបានរំលោភ មុននឹង យកទៅព្យួរក។ អ្វីដែលអ្នកភូមិ នាំគ្នាឈឺចាប់ និងខឹងសម្បារនោះ គឺមេប៉ូលីសប្រចាំការ ស្ថានីយ៍នៅក្នុង ភូមិនេះ មិនបានអើពើ ឬខ្វាយខ្វល់ នៅពេលឪពុកក្មេងស្រីនេះ បានទៅដាក់ពាក្យបណ្ដឹង ពីករណីបាត់កូនស្រី តាំងពីយប់ថ្ងៃអង្គារមកម្ល៉េះ។ បន្ទាប់ពី មានរឿងរ៉ាវទាំងនេះ គេឃើញមាន ប៉ូលីស ៣នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែមិនចាត់វិធានការណ៍ នៅពេលដែល ឪពុករបស់ក្មេងស្រីជនរងគ្រោះ រត់មកប្ដឹងនោះ។ 

ជាការពិត ណាស់ ចំពោះករណីរំលោភនេះ ត្រូវបានរឹតបន្ដឹង កាលពីឆ្នាំមុន ដោយជនល្មើសនឹង ត្រូវកាត់ទោសរហូត ដល់ថ្នាក់ស្លាប់ ទោះបីជាករណីជនរងគ្រោះ នៅមានជីវិតក៏ដោយ។ ចំពោះច្បាប់ថ្មី ត្រូវបានប្រកាសឡើង បន្ទាប់ពីក្នុងឆ្នាំ ២០១២ មានករណីរំលោភដ៏សាហាវមួយ ទៅលើនារីរងគ្រោះ ដែលមានវ័យ ២៣ឆ្នាំ នៅក្នុងឡានក្រុង ក្នុងរដ្ឋ New Delhi ដែលចុងក្រោយ នារីរងគ្រោះបានលាចាកលោក៕


រូបភាព សាកសពក្មេងស្រី ដែលត្រូវក្មេងទំនើងរំលោភ និងព្យួរក 


ឪពុកក្មេងស្រីរងគ្រោះទាំងពីរ បានធ្វើការ រៀបរាប់ទៅកាន់ក្រុមប៉ូលីស ពីករណីមេប៉ូលីសប្រចាំ ក្នុងតំបន់ មិនអើពើ ទៅនឹងពាក្យបណ្ដឹងរបស់គាត់ កាលពីយប់ថ្ងៃអង្គារ

រូបភាព ក្មេងស្រីជំទង់នៅក្នុងភូមិ នាំគ្នា តវ៉ា និងធ្វើការប្រឆាំងទៅលើ ករណីរំលោភបងប្អូនស្រីទាំងពីរ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]