រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ នារីម្នាក់បានស្លាប់យ៉ាងអាណោច អាធ័មដោយសាកសពគាប ជាប់ក្រោមរថយន្តនិងបុរស ០២នាក់ទៀតរងរបួសធ្ងន់ត្រូវបាន បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះ ថ្នាក់ចរាចរណ៍ រថយន្តធុនត្រា បុករះម៉ូតូ០២គ្រឿង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃ ទី៣០  ឧសភា ២០១៤ នៅចំណុចស្តុបចំការមន (ផ្លូវម៉ៅសេទុងកែងផ្លូវព្រះនរោត្ថម) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបាន ឃើញរថយន្តម៉ាក ធុនត្រា ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ ០៩ ២-១១៣៣ ជិះគ្នា ប្រុស-ស្រី ៥ទៅ៦នាក់ បើកបរតាមផ្លូវព្រះនរោត្ថម ក្នុងទិសដៅពី លិចទៅកើត មកដល់ចំណុចកើតហេតុ (ស្តុបចំការមន) រថយន្តបំរុងបើកបត់ស្តាំ ទៅផ្លូវម៉ៅសេទុង ប៉ុន្តែដោយសារតែរថយន្ត បើកបរក្នុងល្បឿនលឿន ក៏បានទៅបុកម៉ូតូ ពីគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥  ពណ៌ខ្មៅ ដូចគ្នាដោយមួយគ្រឿង ជិះគ្នា០២នាក់ និងមួយគ្រឿងទៀតជិះ តែម្នាក់ឯង ដែលកំពុងបើកស្របទិសគ្នាតាមផ្លូវម៉ៅ សេទុង ដោយរថយន្ត បុករះពេញទំហឹង បណ្តាលឱ្យបុរស០២នាក់រងរបួស ធ្ងន់ ហើយរថយន្តបានបើកឡើងចិញ្ចើម ផ្លូវបុកនារីរងគ្រោះគាបជាប់ ក្រោមរថយន្តអូសទៅបុកនិងរបងថ្ម ក្រសួងកសិកម្មបាក់ អស់មួយផ្ទាំង និងដើមឬស្សីអស់មួយគុម្ព បណ្តាលឱ្យនារីរងគ្រោះ ស្លាប់យ៉ាងអាណោច អាធ័ម ដោយសាកសព គាបជាប់ក្រោមរថយន្ត និងដាច់ជើងផងដែរ ។

ម៉ូតូជនរងគ្រោះទី១. ពាក់ស្លាកភ្នំពេញ 1BI-4343  , ម៉ូតូជនរងគ្រោះទី២. ពាក់ស្លាកលេខស្វាយរៀង 1A-9479។

នៅកន្លែងកើតហេតុគ្មានអ្នកណា ម្នាក់ហ៊ានចូលទៅឃាត់ជនបង្កទេ ដោយជនបង្កចុះពីលើរថយន្ត ក្នុងដៃមានកាន់កាំភ្លើងអាមេ គម្រាមបាញ់ ហើយពេលនោះផង ដែរគេឃើញ រថយន្តទំនើបមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ន.ប២-៥៤០០ មកដល់កន្លែងកើតហេតុ បន្ទាប់មកគេឃើញមនុស្សប្រុស-ស្រី ដែលជិះលើរថយន្តបង្កនាំគ្នា ឡើងជិះរថយន្តឡង់គ្រីស័រ គេចខ្លួនបាត់ទៅ ។

ក្រោយពេលកើត ហេតុជនរងគ្រោះរបួស ធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសពនារីរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីទាក់ទងក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យ ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យ និងវាសវែងហើយ ក៏បានយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះទាំង០២គ្រឿងទៅ រក្សាទុកនៅការិយាល័យចរាចរក្រុង រងចាំដោះស្រាយតាមផ្លូវច្បាប់ ។



ម៉ូតូជនរងគ្រោះ

ជនរងគ្រោះរបួសធ្ងន់

រថយន្តបុករបងក្រសួងកសិកម្ម

រថយន្តបុករះម៉ូតូ០២គ្រឿងគាបនារីម្នាក់ ស្លាប់ក្រោមរថយន្តអូស ទៅបុករបងថ្មក្រសួងកសិកម្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]