ខេត្តព្រះសីហនុ ៖ មនុស្សម្នាក់ស្លាប់ ម្នាក់របួស និង៣នាក់ទៀត ព្រលឹងចុងសក់ បន្ទាប់ពីជួបហេតុការណ៍ ក្រឡាប់រថយន្ត ដឹកជ្រូកមួយគ្រឿង ដោយសារបែកកង់ក្រោយ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២៨ ឧសភា ២០១៤ ស្ថិតចំណុចផ្លូវជាតិលេខ៤ ក្នុងភមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះសុទ្ធតែ ជាកម្មករចាប់ជ្រូក ១-ឈ្មោះអ៊ុន ដារ៉ា អាយុ៣២ឆ្នាំ (ស្លាប់ពេលបញ្ជូនដល់គ្លីនិក) មានទីលំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ,២-ឈ្មោះភី សាវង្ស អាយុ២៧ឆ្នាំ (របួសធ្ងន់) មានទីលំនៅ ក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ ចំណែក២នាក់ទៀត រួមទាំងអ្នកបើកបរ មិនត្រូវបានរងរបួសឡើយ ។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់ក្រោយ ធ្វើឱ្យរេចង្កូតទៅស្តាំដៃ ធ្លាក់ពីថ្នល់ រួចក្រឡាប់ចាក់ជ្រូកចោលតែម្តង ។ រីឯជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តសង្កត់ពីលើថែមទៀត ហើយត្រូវគេរត់ទៅជួយ លើករថយន្តចេញ និងដឹកទៅសង្គ្រោះតែម្តង ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]