ភ្នំពេញៈ ទស្សនិកជន បានសង្កេតឃើញថា តារាស្រីធ្លាប់តែសម្ញែង ការតុបតែងខ្លួន បែបជានារីសិចស៊ី កញ្ញា ឆៃ លីដាឡែន ហាក់មានចេតនា ចង់បង្ហាញ ភាពសិ្នទ្ធស្នាល ជាមួយបុរសវ័យក្មេងម្នាក់ ជាចំហរ រួចនាង ប្រកាសក្តែងៗថា ជាគូស្នេហ៍ ដែលចំណាយពេល មើលចិត្តថ្លើមគ្នា អស់រយៈពេលជិត៤ឆ្នាំ ទៅហើយ ប៉ុន្តែនាង នៅចង់ពន្យាពេល មិនទាន់ចង់គិត ពីរឿងរៀបការ ដូចជាអ្នកសិល្បៈ ដទៃនោះទេព្រោះ ការស្ទាបស្ទង់ចិត្តគ្នា ជារឿងសំខាន់ ។

ក្នុងជំនួបជាមួយ គេហទំព័រ LookingTODAY នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នេះ តារាចម្រៀង មាន ដើមកំណើត នៅខេត្តបាត់ដំបង កញ្ញា ឆៃ លីដាឡែន បានប្រាប់ឲ្យដឹងថា សម្រាប់បុរស ដែលនាងតែងតែ បង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម និងមានភាពសិ្នទ្ធស្នាល ជាមួយនោះ គឺជាសង្សាររបស់នាង ។ ពួកគេបាន រាប់អានគ្នាជិត៤ឆ្នាំហើយ គ្រាន់តែពីមុន នាងមិនបើកចំហរ ដូចពេលនេះ ។

តារាចម្រៀងស្រីស្អាត រូបស្រស់ បានប្រាប់ដោយ មិនលាក់លៀមថា "បើទោះជាចំណង ស្នេហ៍របស់ខ្ញុំ បានចាប់ផ្តើម រយៈពេលជិត៤ឆ្នាំ ក៏ពិតមែនតែខ្ញុំ និងសង្សារ នៅមិនទាន់មានគម្រោង ថាដឹកដៃគ្នាចូល រោងការ ក្នុងពេលឆាប់ៗទេ គឺខ្ញុំចង់ទុកពេល មើលចិត្តថ្លើមគ្នា ឲ្យបានច្រើន និងយូរជាងនេះសិន ព្រោះថា អាពាហ៍ពិពាហ៍សំខាន់ បើសិនជារៀបការហើយ គឺមិនអាចទាញពេលវេលា ត្រឡប់ក្រោយបានទេ ។ខ្ញុំក៏មិនចង់ពោលពាក្យ ស្តាយក្រោយដែរ តែបើសិនជាខ្ញុំ បានចំណាយពេលច្រើនគួរសម ក្នុងការមើល ចិត្តគ្នា ទោះជាមានរឿងអី ក្រោយរៀបការ ក៏ខ្ញុំអាចតាំងចិត្ត និងទទួលយកបានដែរ.." ។

កញ្ញា ដាឡែន បានប្រាប់ឲ្យដឹងទៀតថា បុរសជាគូស្នេហ៍របស់នាង ក៏ជាអ្នកសិល្បៈដូចគ្នាដែរ គ្រាន់តែ គាត់មិនសូវចេញ មុខមាត់ច្រើន ក្នុងសង្គមសិល្បៈ ព្រោះថាគាត់មានភារកិច្ច រវល់ជាមួយការងារ និងមុខ របររកស៊ី ។ សម្រាប់មូលហេតុ ធ្វើឲ្យបុរសម្នាក់នេះ អាចឆក់បាន តំណែងតួឯក ក្នុងបេះដូងនាង ដោយ សារតែបុរសម្នាក់នោះ មានក្តីស្រឡាញ់ ពិតប្រាកដឲ្យនាង មិនចេះប្រច័ណ្ឌ ស្រឡាញ់គ្រួសារ និងអាច ធ្វើជាបង្គោលរឹងមាំ សម្រាប់ជីវិតនាង ទៅថ្ងៃអនាគតបាន ។

ជាមួយគ្នានេះ តារាស្រីសម្តី ផ្អែម ឆៃ លីដាឡែន បានប្រាប់ទៀតថា "ពេលនេះ ខ្ញុំមិនទាន់មាន គម្រោង រៀបការទេ តែប្រសិនបើថ្ងៃណា ខ្ញុំមានគម្រោងរៀបការ ខ្ញុំនឹងប្រាប់ដើមអម្ពិល និង LookingTODAY មុន គេព្រោះថា ខ្ញុំមិនដែលលាក់ ព័ត៌មានជាមួយ គេហទំព័រសារព័ត៌មាន ទាំងពីរនេះទេ ។ មិនតែប៉ុណ្ណោះ ខ្ញុំក៏សរសេរប្រកាស ជាសាធារណៈ ប្រាប់ដល់មហាជន និងអ្នកគាំទ្រខ្ញុំ នៅលើ Facebook ឲ្យបានដឹងផង ដែរ " ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន