ភ្នំពេញ៖ វាជាការបើកទំព័រថ្មី នៃការពង្រឹងច្បាប់ស្តីពី កម្មសិទ្ធិបញ្ញា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០១៤ បានចាប់ផ្តើមបើកសវនាការ ជំនុំជម្រះក្តីលើសំណុំរឿង ថៅកែរោងពុម្ភគីមឡុង និង បណ្ណា គារគីមឡុង លោក ទ្រីន ឡុង បន្ទាប់ពីបាន លួចបោះពុម្ពចម្លង និងចែកចាយសៀវភៅស្នាដៃ និពន្ធរបស់លោក ឥន យឿន ជាច្រើនក្បាល និងច្រើនប្រភេទ ដោយគ្មានការអនុញ្ញាត កាលពីឆ្នាំ២០១៣កន្លងទៅ។

លោក ទ្រីន ឡុង ដែលជាជនជាប់ចោទ មានអាយុ ៤២ឆ្នាំ ជាម្ចាស់រោងពុម្ភគីមឡុង ដែលមានទីតាំងផ្ទះលេខ៧៥ ផ្លូវ២៧៨ សង្កាត់អូឡំាពិក ខណ្ឌចំការមន  និងជាម្ចាស់បណ្ណាគារ គីម ឡុង ស្ថិតនៅក្នុងអគារលេខ៨១១ ផ្លូវព្រះ មុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ។

លោកចៅក្រម កោ វណ្ឌី បានបញ្ជាក់ថា លោក ទ្រីន ឡុង ត្រូវបានចោទប្រកាន់ពីតំណាងអយ្យការពីបទ «រំលោភ សិទ្ធិអ្នកនិពន្ធក្នុងការផលិត» តាមបញ្ញត្តិមាត្រា ៦៤ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែលប្រព្រឹត្ត នៅទីតាំងបណ្ណាគារ គីម ឡុង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ។

លោក ឥន យឿន វ័យ ៤៣ឆ្នាំ ជាអ្នកនិពន្ធ និង ជាដើមបណ្តឹងផងដែរ បានរៀបរាប់ប្រាប់តុលាការថា រោងពុម្ភគីម ឡុង កន្លងមកបានទទួលបោះពុម្ពសៀវភៅរបស់លោកជាច្រើនក្បាល និងច្រើនប្រភេទ ដូចជា៖ សៀវភៅសន្ទានុ  ក្រមពាក្យច្បាប់ចំនួន ២.០០០ក្បាល, សៀវភៅស្ថាប័នរដ្ឋបាល ចំនួន ២.០០០ក្បាល, នីតិគ្រួសារ និង អាពាហ៍ ពិពាហ៍ភាគ១ និង ភាគ២ ចំនួន ៦.០០០ ក្បាល និង សៀវភៅជាច្រើនមុខផ្សេងទៀត។

លោក ឥន យឿន បានបន្តឲ្យដឹងទៀតថា រោងពុម្ភ គីម ឡុង និង បណ្ណាគារគីមឡុងថត និង ផ្តិតរូប បានរំលោភ សិទ្ធិអ្នកនិពន្ធ ដោយបានលួចបោះពុម្ពចម្លងសៀវភៅរបស់លោក បញ្ចេញទៅលក់ក្នុងបណ្ណគារគីមឡុង ដោយ មិនមានបោះពុម្ភត្រាសម្គាល់ពីរូបលោកនោះឡើយ។

សំណុំរឿងបោះពុម្ពចម្លងសៀវភៅនេះ លោក ឥន យឿន បានប្តឹងទាមទារឲ្យលោក ទ្រីន ឡុង សងជំងឺចិត្តចំនួន ៣០.០០០ ដុល្លារអាម៉េរិក ព្រមទាំងសុំឲ្យតុលាការផ្តន្ទាទោសទៅតាមច្បាប់។

សំណុំរឿងរបស់លោក ទ្រីន ឡុង ថៅកែរោងពុព្ព និង បណ្ណាគារ គីម ឡុង នឹងត្រូវលើកយកប្រកាសនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៤ ខាងមុខនេះ៕


សកម្មភាពសមត្ថកិច្ចចុះទៅឆែកឆេររោងពុម្ពគីឡុង កាលពីពេលកន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]