ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ សន នាងផល្លីកា តារាចម្រៀងស្រី មិនសូវល្បីឈ្មោះ បានបង្ហាញមុខ លើ បណ្ដាញសារព័ត៌មានជាច្រើន ស្ទើរមិនគួរឲ្យជឿ ខណៈដែលនាងមិនសូវ មានគេស្គាល់ឲ្យ បានទូលំទូលាយនៅឡើយ ទោះជាចូលប្រឡូកក្នុង សិល្បៈយូរក្រែងហើយក្ដី ។ បើកឆាកពីព័ត៌មាន អាស្រូវដំបូងសម្រាប់ សន នាងផល្លីកា គឺឡើងកក្រើក តែម្ដងថា ឧកញ៉ាបំបែកស្នេហ៍ ជាមួយវីជេ រតនា ធ្វើឲ្យបណ្ដាញ សារព័ត៌មាន ស្ទើរតែទាំងអស់ ក្នុងស្រុក ចាប់អារម្មណ៍ចុះផ្សាយជាហូរហែ ។ កាន់តែរំជើបរំជួលជាងនេះ ក្រោយពីលោក រតនា បានប្រើពាក្យសម្ដីធ្ងន់ធ្ងរ ជ្រុលជ្រួសលើ សន នាងផល្លីកា រួចមក បានធ្វើឲ្យនាង កើតទុកមិនសុខចិត្ត គម្រាមប្ដឹង អតីតគូស្នេហ៍ ធ្លាប់ផ្អែមល្ហែម ជាមួយគ្នារាប់ឆ្នាំ លោក រតនា ទៅតុលាការ ដើម្បីស្រោចស្រង់ កិត្តិយសនាង និងក្រុមគ្រួសារ។

ទោះបីជាមានរឿង រហូតដល់ថ្ងៃ ដៃគូខាងស្រី សន នាងផល្លីកា គំរាមប្ដឹងគួរឲ្យ ភ្ញាក់ផ្អើលបែបនេះក្ដី ដើម្បីឲ្យស្ថានការណ៍ ស្ងប់ស្ងាត់ និងកុំឲ្យរឿងរ៉ាវកាន់តែ អូសបន្លាយវែងតទៅទៀតនោះ លោក រតនា បានធ្វើការសុំទោស ស្រីស្រស់ សន នាងផល្លីកា ជាសាធារណៈ ក្នុងន័យបញ្ចប់រឿង និងទុករាប់គ្នានៅថ្ងៃក្រោយ ។ តាមប្រភពព័ត៌មាន បានបង្ហើបថា កំហុសមួយចំនួន កើតមកពី វីជេ រតនា ជាអ្នកដុតភ្លើង និងជាអ្នកពន្លត់ភ្លើងដោយខ្លួនឯង ។ គ្មានអ្នកណាទៅ ចូលរួមជាមួយនោះទេ ព្រោះភាគីខាងស្រី ហាក់មានភាពអំនត់អត់ធ្មត់ច្រើន មិនចេញមុខបកស្រាយ អ្វីទាំងអស់ ។

ប្រភពពីអ្នកលេងហ្វេសប៊ុក ជាញឹកញាប់ ជាមួយ កញ្ញា សន នាងផល្លីកា តារាចម្រៀងលាក់មុខថ្មី របស់ ហង្សមាស បាននិយាយថា គេបានសួរទៅ ផល្លីការ ថា ហេតុអ្វីបានជាមិនចេញមុខ ទៅបកស្រាយលើសារព័ត៌មាន ព្រោះ ព័ត៌មានទាំងនោះ ហាក់វាយប្រហាលើនាង ធ្ងន់ធ្ងរខ្លាំងណាស់ ។ ប៉ុន្តែ សន នាងផល្លីកា បែរជាតបយ៉ាងប្រហើរ ដូចជាគ្មានរឿងអ្វីកើតឡើងថា នាងមិនមែនខ្វាក់ មើលមិនឃើញ គេវាយប្រហាទេ គ្រាន់តែមិនចង់តបត ព្រោះទុកឲ្យ ពេលវេលារំលត់រឿងហ្នឹងចោលចុះ ខ្វល់ច្រើនកាន់តែវែងឆ្ងាយ ពិបាកដោះស្រាយ សុខចិត្តនៅស្ងៀមៗល្អជាង និងសន្សំពេលធ្វើការវិញ ឆ្លេឆ្លាក៏មិនបានអ្វី មកវិញដែរ ។

ចំណែកឯរឿង សន នាងផល្លីកា កំពុងតែរៀបចេញអាល់ប៊ុមថ្មី ក្នុងផលិតកម្មយក្ស ហង្សមាស នាងសុំមិននិយាយ អ្វីទាំងអស់ ព្រោះបើឃើញរូបនាង លើគម្របស៊ីឌីរបស់ ហង្សមាស មែននោះ មានន័យថា នាងបានចូលច្រៀងហើយ តែបើមិនឃើញ គឺអត់ហើយ ។ តាមរយៈពាក្យសម្ដីរបស់ សន នាងផល្លីកា បានបង្ហាញនៅអត្តចរិត ដ៏ថ្លៃថ្នូរ ជាមនុស្សម្នាក់ ដែលគួរឲ្យស្ងប់ស្ងែង នឹងជាអ្នកសិល្បៈម្នាក់ មានភាពអំណត់ខ្ពស់ ព្រោះបើសិនជាតារាសិល្បៈផ្សេង ម្ល៉េះប្រហែលជា បែកអូរហូរស្ទឹង ប្ដឹងប្ដល់គ្នា ងាប់រស់មិនខាន ។

តាមការបង្ហើបខាងលើ សន្និដ្ឋានបានថា ព័ត៌មានគំរាមប្ដឹង ពីសំណាក់ ស្រីស្រស់ចង្កេះអង្ក្រង សន នាងផល្លីកា អាចនឹងត្រូវសាបរលាបបន្តិចម្ដងៗ ព្រោះលោក រតនា ក៏បានសុំទោសនាង ជាសាធារណៈរួចហើយដែរ ហើយ ការងារនៅក្នុងក្លឹប C2 របស់អ្នកទាំងពីរ ក៏កំពុងតែដំណើរការធម្មតា គ្មានអ្វីប្រែប្រួលឡើយ ។

ដោយឡែកចំពោះចំណងស្នេហារបស់លោក រតនា និង សន នាងផល្លីកា គឺមិនអាចឈានទៅរក ភាពប្រក្រតីវិញ បាននោះទេ គឺត្រូវចែកផ្លូវគ្នាដើររៀងៗខ្លួន ចាប់ពីថ្ងៃនេះតទៅ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា