កំពង់ចាម ៖ វាំងននខ្មៅ នៃអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃ យកអាល់កុលចាក់ ដុតទាំងរស់ ទៅលើនារី បម្រើការងារនៅ កាស៊ីណូ GMG ក្នុងតំបន់ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ដកំពង់ចាម ត្រូវបានបើក ហើយ ក្រោយពីនារីរងគ្រោះ បានរួចពីសេចក្ដីស្លាប់ ហើយកំពុងសង្គ្រោះ បន្ដនៅមន្ទីរពេទ្យចារី ទីក្រុងហូជីមិញ ប្រទេសវៀតណាម ប៉ុន្ដែនារីរងគ្រោះ មិនទាន់អាច និយាយបាន ពោលបានត្រឹមតែសរសេរ រៀបរាប់រឿងខ្លះៗ ដែលនាំឱ្យមានអំពើ ឃាតកម្មខាងលើនេះ មកលើរូបនាងប្រាប់ ដល់នគរបាល សាច់ញាតិ និងគ្រូពេទ្យ ។

ដោយសារតែការ ខិតខំតស៊ូប្រឹងប្រែង តាមជំនាញរបស់ខ្លួនមកនោះ ស្នងការនគរ បាលខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រ័ត្ន បានបញ្ជូនភ្នាក់ងារ ពិសេសសហការ ជាមួយនគរបាលខេត្ដ តៃនិញ ប្រទេសវៀតណាម ធ្វើដំណើរទៅដល់មន្ទីរពេទ្យ ចារីដើម្បីជួបផ្ទាល់ ជាមួយនារីរងគ្រោះនៅទីនោះ ក្នុងគោលបំណង សួរនាំបន្ដទៀត មូលហេតុពិតប្រាកដ ដែលនាំឱ្យមានអំពើ ឃាតកម្ម ពីសំណាក់បុរស ជាបុគ្គលិក កាស៊ីណូដូចគ្នា រហូតដល់យកអាល់កុលចាក់ ស្រោចនៅលើខ្លួននាង ហើយដុតទាំងរស់ តែម្ដង ។

ជាលទ្ធផល នារីរងគ្រោះបានត្រឹមតែ សរសេរពាក្យពេចន៍ និងចង្អុលរូបថតទៅ លើបុរសជាឃាតករ ដែលបានធ្វើសកម្មភាព ប៉ុនប៉ងសម្លាប់រូបនាង រីឯបុរសម្នាក់ទៀត ដែលដំបូងឡើយ នគរបាលសន្និ ដ្ឋានថា ជា គូកន និងជាអ្នករួមគំនិតនោះ មិនមែនជាប់ ពាក់ព័ន្ធនោះទេ ពោលបុរសរូបនេះជាអ្នក ជួយសង្គ្រោះរូបនាងតែប៉ុណ្ណោះ នៅពេល ដែលឃើញពីទង្វើព្រៃផ្សៃរបស់ជនដៃដល់។

សូមបញ្ជាក់ថា អំពើឃាតកម្ម រវាងបុគ្គលិក នៅកាស៊ីណូ GMG រហូតដល់យក អាល់កុល ចាក់ស្រោចទៅ លើជនរងគ្រោះ ហើយយកដែកកេះអុជ បណ្ដាលឱ្យឆេះរលាក ពេញខ្លួនបាត់ស្មារតីសូន្យឈឹង បានកើត ឡើង តាំងពីវេលាម៉ោងប្រមាណ ១យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៤ ប៉ុន្ដែ សំណុំរឿងខាងលើនេះ ត្រូវបានលាក់ជិតឈឹង ពីម្ចាស់កាស៊ីណូព្រម ទាំងបំផ្លាញចោលទាំងស្រុង នូវភស្ដុតាងនៅ កន្លែងកើតហេតុ ។

យ៉ាងណាក៏ដោយរឿង រ៉ាវខាងលើនេះ ត្រូវបានបែកធ្លាយតាមរយៈ ប្រជាពលរដ្ឋមួយរូប បានទូរស័ព្ទប្រាប់ទៅ ស្នងការនគរបាល ខេត្ដកំពង់ចាម ហើយ បន្ទាប់មកលោក ស្នងការ បានដឹកនាំកម្លាំង នគរបាលជំនាញ និងបច្ចេកទេសចុះធ្វើការ ស៊ើបអង្កេតយ៉ាងយកចិត្ដទុក ដាក់រហូត ដល់ចាប់ខ្លួនបុរសពីរនាក់ ក្នុងនោះម្នាក់ជា ជនដៃដល់ធ្វើសកម្មភាពផ្ទាល់ នៅវេលាម៉ោង ប្រមាណ ១០ និ២០នាទីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៤ ក្រោយពីទទួល បានព័ត៌មានរយៈពេល ជាង ១ម៉ោងនោះ ។

ជនសង្ស័យទី១ដែលជាជនដៃដល់ ក្នុង អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ នឹង ផ្ដើមចេញពីរឿងស្នេហា ឈ្មោះ រុន ចំរើន អាយុ ២៨ឆ្នាំ និងបុរសម្នាក់ទៀត ដែលដំបូងឡើយ សមត្ថកិច្ចអះអាងថា ជាជនរួម គំនិតនោះ ឈ្មោះ ពៅ ពិដែន អាយុ ២៣ឆ្នាំ ដោយឡែកនារីរងគ្រោះវិញ ឈ្មោះ វឹង គឹម អេង អាយុ ២១ឆ្នាំ ដែលពួកគេទាំងបីនាក់ ជាបុគ្គលិករួមការងារ នៅកាស៊ីណូ GMG ដែលសម្បូរទៅដោយរឿង អាស្រូវមួយ នេះ ។

ជុំវិញសំណុំរឿង ដែលត្រូវបានបំបែក ដោយជោគជ័យ និងទាំងស្រុងដោយសារ តែនារីរងគ្រោះ មិន ទាន់បាត់បង់ជីវិតនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍ បែន រ័ត្ន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ក្រោយពីលោកបានបញ្ជូន ភ្នាក់ងារពិសេសដោយ មានកិច្ចសហការពី នគរបាលខេត្ដតៃនិញ រួចមករហូតដល់ ទៅជួបនិងសួរនាំនារី រងគ្រោះមន្ទីរពេទ្យចារីនោះ នារីរងគ្រោះបាន ត្រឹមតែសរសេរ ហើយមិនទាន់អាច និយាយបាន ។

លោកស្នងការបាន បញ្ជាក់ទៀតថា នារីរងគ្រោះបាន សរសេរខ្លឹមសារ និងអត្ថន័យ ខ្លះៗ នៅចំពោះមុខ នគរបាលខេត្ដកំពង់ចាម នគរបាលខេត្ដតៃនិញ សាច់ញាតិឪពុក- ម្ដាយរបស់ខ្លួន និងភ្នាក់ងារពេទ្យ ដោយបញ្ជាក់ថា ឈ្មោះ រុន ចំរើន គឺជាឃាតករ ចាក់អាល់កុលដុត ទៅលើរូបនាង រីឯឈ្មោះ ពៅ ពិដែន មិនបានដឹងអ្វីនោះឡើយគឺជា អ្នកជួយសង្គ្រោះរូបនាងប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ មូលហេតុលំអិត ដែលនាំឱ្យជន ដៃដល់ធ្វើសកម្មភាព ដ៏ព្រៃផ្សៃបែបនេះ នារីរងគ្រោះមិនទាន់ អាចបញ្ជាក់បានទាំងអស់ ឡើយដោយសារ តែនិយាយមិនទាន់ចេញ និងបានត្រឹមតែសរសេរ ពីខ្លឹមសារខ្លះៗប៉ុណ្ណោះ ។

ស្នងការខេត្ដកំពង់ចាម បានថ្លែងទៀតថា បើសិនជានារីរងគ្រោះ មិនមានជីវិតនោះ ច្បាស់ជាសំណុំរឿង មួយនេះ ពិបាកធ្វើការ ស្រាវជ្រាវ ដោយសារតែនៅ កន្លែងកើតហេតុ និងភស្ដុងតាង ត្រូវគេបំផ្លាញចោល រួមទាំងរបស់របរ និងសម្លៀកបំពាក់នៅ ជាប់នឹងខ្លួនរបស់នាង ត្រូវភ្នាក់ងារពេទ្យ ពញាក្រែដុតបំផ្លាញ ចោលទាំងអស់ពេល ដែលបញ្ជូនរូបនាងទៅដល់ ។

ចំពោះបុរស ឈ្មោះ ពៅ ពិដែន ដែលនារីរង គ្រោះ អះអាងថា មិនបានជាប់ពាក់ព័ន្ធ និងជាអ្នក ជួយសង្គ្រោះរូបនាងនោះ ត្រូវបានលោក ឧត្ដមសេនីយ៍ បែន រ័ត្ន បញ្ជាក់ថា ដោយ មានការឯកភាព និងគាំទ្រពីសំណាក់ព្រះ រាជអាជ្ញា អមសាលាដំបូងខេត្ដ កំពង់ចាម លោក ហួត វុទ្ធី បុរសរូបនេះនឹងត្រូវបាន ដោះលែងឱ្យមានសេរីភាពឡើងវិញ ។

ចំពោះសំណុំរឿង ដែលត្រូវបានបំបែក ដោយជោគជ័យ បើទោះបីម្ចាស់កាស៊ីណូ មិនរាយការណ៍ មិន ផ្ដល់ព័ត៌មាន និងមិន ចូលរួមសហការក៏ដោយនោះ លោកស្នងការ ខេត្ដកំពង់ចាម បានថ្លែងអំណរគុណ ចំពោះស្នងការខេត្ដតៃនិញ ប្រទេសវៀតណាម ដែលបានចូលរួម សហការស្រាវជ្រាវ ករណីនេះ ។

ជាមួយគ្នានេះ លោកស្នងការក៏បាន ថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភ និងគាំទ្រ ដល់នគរបាល ខេត្ដ កំពង់ចាម សម្រាប់ស្រាវ ជ្រាវករណីនេះ ពីសំណាក់លោកឧកញ៉ា លឹម ហុងឈាង ដែលបានឧបត្ថម្ភ ទាំងលុយ និងមធ្យោបាយ រហូតដល់បំបែកសំណុំរឿង បានដោយជោគជ័យ ។

សូមបញ្ជាក់ថា ជនដៃដល់ឈ្មោះ រុន ចំរើន ត្រូវបានតំណាង អយ្យការអមសាលាដំបូង ខេត្ដកំពង់ចាម ចោទប្រកាន់ ហើយ ត្រូវបានចៅក្រម សម្រេចឃុំខ្លួនដាក់ពន្ធនា គារជាបណ្ដោះអាសន្ន ក្រោយពីកម្លាំង នគរបាលខេត្ដ កំពង់ចាមចាប់ខ្លួន ក្រោយកើតហេតុនោះ ៕

ជនដៃដល់ រុន ចំរើន ដែលត្រូវចាប់ខ្លួន

បុរសឈ្មោះ ពៅ ពិដែន ដែលជួយនារីរងគ្រោះ

វត្ថុតាងរួមមាន អាល់កុល ទូរស័ព្ទ និងដែកកេះ ដែលត្រូវកម្លាំង នគរបាលដកហូត

ខ្លឹមសារដែលនារី រងគ្រោះ បានសរសេរ ប្រាប់នគរបាល និងសាច់ញាតិ នៅមន្ទីរពេទ្យចារី




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]