រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាល់ម៉ែត និងម្នាក់ទៀតរបួសធ្ងន់ ខណៈពេលរថយន្តសាមុយ ដឹកអ្នកជំងឺ ពីខេត្តសៀមរាប បើកវ៉ារថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូពេញទំហឹង កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២៧ ឧសភា តាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខខារ៉ាអូខេសំនៀងសុខា ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តសាមុយពណ៌ស អត់មានស្លាក ជារថយន្តរបស់គ្លីនិកអង្គរ បានដឹកអ្នកជំងឺ ពីខេត្តសៀមរាប យកទៅព្យាបាល នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយធ្វើដំណើរពីជើងទៅត្បូង ពេលមកដល់ចំណុចខាងលើ បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុកម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច អត់ស្លាកលេខ ជិះគ្នា២នាក់ ទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នាពេញទំហឹង ធ្វើឲ្យអ្នកជិះម៉ូតូផ្លោងបោកក្បាល រងរបួសធ្ងន់ទាំង២នាក់ ចំណែកម៉ូតូខូចខាតទាំងស្រុង អ្នកបើករថយន្តបង្ក រត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត តែម្នាក់បានស្លាប់ ពេលទៅដល់មន្ទីរពេទ្យ ។ ដោយឡែកអ្នកជំងឺនៅក្នុងរថយន្តសាមុយ ត្រូវគេបញ្ជូនទៅព្យាបាលបន្តទៀត ។ រថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរ បាលចរាចរផ្លូវគោក ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]