អាមេរិក៖ រឿងរ៉ាវដែលគួរ ឲ្យហួសចិត្តមួយ បានកើតឡើតដោយ បុរសម្នាក់បានព្យាយាម លួចចូលទៅក្នុងផ្ទះអតីតភរិយា របស់គាត់តាមបំពង់ផ្សែង ទំនងបែបចង់ធ្វើដូចតាណូអែល តែមិនបានដូចចិត្ត បែរជាជាប់គាំងនៅក្នុងនោះទៅវិញ។

បុរសអាយុ៣២ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនោះ ត្រូវបានជួយសង្គ្រោះដោយ អ្នកពន្លត់អគ្គីភ័យ រហូតដល់ទៅ២៥នាក់ ទើបអាចយកគាត់ចេញពី បំពង់ផ្សែងនោះបាន ដែលផ្ទះកើតហេតុនោះ ស្ថិតនៅទីក្រុង Lake Forest រដ្ឋ California សហរដ្ឋអាមេរិក។ អ្នកពន្លត់អគ្គីភ័យ បានចំណាយពេលជាង២ម៉ោង ដោយវាយបំបែកបំពង់ផ្សែងនោះ ដើម្បីយកបុរសរងគ្រោះ ជាប់ក្នុងបំពង់ផ្សែង ចេញមកក្រៅបាន ហើយប៉ូលីសដែលទៅដល់ ទីនោះបាននិយាយថា ប្រហែលជាគាត់ចង់ ធ្វើដូចជាតាណូអែលហើយ។

លោក Steve Concialdi ដែលធ្វើការនៅជាយកដ្ឋានអគ្គីភ័យ ប្រចាំនៅតំបន់នោះ បានឲ្យដឹងថា ស្ថានភាពរបស់បុរសនេះ គឺពិបាកនឹងជួយសង្គ្រោះ ខ្លាំងណាស់ ព្រោះឲ្យតែពេលគាត់ដកដង្ហើម វានឹងធ្វើឲ្យគាត់ធ្លាក់ចូលកាន់តែជ្រៅ។ អ្នកពន្លត់អគ្គីភ័យរូបនេះ បានបន្តទៀតថា នៅពេលដែលបុរសនោះ បានជាប់នៅក្នុងបំពង់ផ្សែង គាត់បានស្រែកឲ្យគេជួយ ដោយក្នុងផ្ទះនោះមាន អតីតភរិយារបស់គាត់ កូនស្រីរបស់ប្រពន្ធគាត់ និងកូនរបស់កូនស្រីប្រពន្ធគាត់២នាក់ទៀត ហើយពួកគេក៏បានទូរស័ព្ទទៅ៩១១ ដើម្បីឲ្យគេមកជួយសង្គ្រោះគាត់។

យ៉ាងណាមិញ បុរសដែលជាប់នៅក្នុងបំពង់ផ្សែងនោះ មិនមានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ ហើយក៏មិនត្រូវបានគេចោទប្រកាន់ ពីបទលួចចូលផ្ទះ ដោយខុសច្បាស់ដែរ៕

ប្រភព៖ មេត្រូ

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]