បន្ទាប់ពីជួយអោយក្រុម Man CITY ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Premier League របស់ចក្រភពអង់គ្លេស រដូវកាល ២០១៣ - ២០១៤ រួចមក កីឡាករជម្រើសជាតិអាយវូរីកូស Yaya Touré អាចនឹងចាកចេញពីក្រុម Man CITY នាពេលខាងមុន ក្រោយបង្ហាញវត្តមានអោយ ក្រុមមួយនេះបាន ១៨៤ ប្រកួត និងរកបានគ្រាប់បាល់ ៥១ គ្រាប់ ក្នុងរយៈពេល ៤ ឆ្នាំនេះ។


បើតាមអ្នកតំណាង Dimitry Seluk របស់កីឡាកររូបនេះ បានអោយដឹងថា មូលហេតុដែល Yaya ចង់ចាកចេញ ក៏ព្រោះតែលោកមានការអាក់អន់ស្រពន់ចិត្ត ព្រោះថាគាត់បានខិតខំប្រឹងប្រែងជួយ ក្រុមមួយនេះអោយឈ្នះពានរង្វាន់ ប៉ុន្តែបែរជាមិនទទួលពាក្យជូនពរ ក៏ដូចជានំខេក នៅពេលខួបកំណើតទៅវិញ។ Yaya មិនទទួលបានភាពកកក់ក្តៅនៅក្នុងក្រុមនោះទេ ដោយប្រហែលជាមកពីអំណាចនៃទឹកប្រាក់ ដែលធ្វើអោយក្លឹបមិនមានការស្និទ្ធស្នាល និងរាប់អានគ្នាពិតប្រាកដនោះទេ។

ក្នុងនោះដែរ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ នឹងចេញមុខបកស្រាយ ក្រោយព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក បន្ទាប់ពីបញ្ចប់ភារកិច្ច លេងអោយជម្រើសជាតិអាវូរីកូស។ កីឡាកររូបនេះ ក៏បានបង្ហើបដែរថា លោកចង់បញ្ចប់អាជីពរបស់ខ្លួន នៅអតីតក្រុមរបស់ខ្លួន ពោលគឺក្លឹបអ្នកមានបុណ្យ Barcelona របស់អេស៉្បាញ។


ទោះជាយ៉ាងណាក៏ដោយ មានក្លឹបធំៗនៅតំបន់អឺរ៉ុបជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ ចង់បានកីឡាករមួយនេះ មានដូចជា Liverpool របស់អង់គ្លេស PSG របស់បារាំង និង Barcelona របស់អេស៉្បាញជាដើម៕

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]