កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ Manchester United និងក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ Real Madrid នៅក្នុងប្រទេសកម្ពុជា បានបង្កើតការប្រកួតមិត្តភាពមួយ នៅឯទីលានបាល់ទាត់ ស្តាតអូឡាំពិច (ម៉ោង៤-៦ល្ងាច ចូលទស្សនាដោយសេរី) ដើម្បីទទួលបានចំណងមិត្តភាព សាមគ្គីភាព និងស្គាល់គ្នាទៅវិញទៅមក ជាពិសេសការប្រកួតមួយនេះ គឺដើម្បីស្វែងរកមូនិធិ ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ទៀតផង ដែលនេះគឺជាទង្វើមួយដ៏ល្អបំផុត ក្នុងការជួយសង្គម។


ការប្រកួតមិត្តភាព ដើម្បីស្វែងរកមូនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គេសង្កេតឃើញថា មានការចូលរួមទស្សនា យ៉ាងច្រើនកុះករ ពីសំណាក់អ្នកគាំទ្រក្រុមទាំង២ ដែលភាគច្រើន គឺជាយុវវ័យ ហើយពួកគេម្នាក់ៗ ពោរពេញទៅដោយស្នាមញញឹម និងបានស្រែកហូរ ឲ្យក្រុមដែលគេពេញចិត្ត មើលទៅពិតជាសប្បាយខ្លាំងមែនទែន។





ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាព្រឹត្តិការណ៏មួយ ដែលជួយឲ្យយុវវ័យចេះស្រលាញ់ សាមគ្គី និងជួយគ្នាទៅវិញទៅមក ហើយថែមទាំងជួយដល់សង្គមទៀតផង។



នៅក្នុងការប្រកួត រវាងក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ Manchester United និងក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ Real Madrid នៅឯស្តាតអូឡាំពិច កាលពីម្សិលមិញនេះ ក៏មានការចូលរួម ជាភ្ញៀវកិតិ្តយស ពីសំណាស់កីឡាករបាល់ទាត់ របស់ក្លិបបាល់ទាត់ Phnom Penh Crown ផងដែរ។ ជាងនេះទៅទៀត ពួកគេបាននាំយកខោអាវបាល់ទាត់ របស់ក្លិបបាល់ទាត់ Phnom Penh Crown ផ្ទាល់ (ខោអាវសេរ៊ីចាស់-ថ្មី) មកដាក់លក់ ដើម្បីយកប្រាក់ ដាក់ចូលជាមូនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។





គួរបញ្ជាក់ផងដែរថា ចំពោះក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ Manchester United ទទួលបានការឧបត្ថម្ភ ពីម្ចាស់ឧបត្ថម្ភដូចជា ហាងនំ Tous Les Jours ហាងលក់សំភារៈកីឡា O.M.G Sportswear Collection និងទីលានបាល់ទាត់សិប្បនិម្មិត RooY7 Sport Club & Minibar ផងដែរ។

យ៉ាងណាមិញ នៅក្នុងការប្រកួតកាលពីម្សិលមិញនេះ ក្នុងតង់ទី១ ក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ Manchester United រកគ្រាប់បាល់បាន១គ្រាប់ នាំមុខក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ Real Madrid ដោយលទ្ធផល ១ទល់នឹង០។ រហូតចូលដល់ដើមតង់ទី២ ក្រុម Real Madrid ក៏រកបានមួយគ្រាប់វិញ តាមស្មើនឹងក្រុម Manchester United។ ប៉ុន្តែលទ្ធផល ១ទល់នឹង១នេះ មិនមែនជាលទ្ធផលបញ្ចប់ទេ ហើយក្រុម Manchester United ក៏រកបាន១គ្រាប់ទៀត ប៉ុន្តែសំណាងអាក្រក់ ត្រូវក្រុម Real Madrid តាមបាន១គ្រាប់វិញដែរ នៅចុងតង់ទី២ ធ្វើឲ្យលទ្ធផលចុងបញ្ចប់ គឺ ២ទល់នឹង២ ស្មើគ្នាតែម្តង៕


តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះការប្រកួតបាល់ទាត់ ដើម្បីស្វែងរកមូនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]