ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌ៧មករា បានប្រមាញ់ និងច្បាមជនសង្ស័យចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន និងសកម្មភាពប្លន់ យ៉ាងសកម្ម នៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង៤៥នាទី រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលលទ្ធផលសមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី មួយដើម ម៉ាក K-59 និងសម្ភារៈជក់គ្រឿងញៀនមួយចំនួនទៀត។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៉ាច ផល្លី អាយុ២១ឆ្នាំ ជាម្ចាស់កាំភ្លើង មុខរបរមិនពិតប្រាកដ ទី២-ជាប្រពន្ធឈ្មោះ អ៊ួង បញ្ញា អាយុ២៦ឆ្នាំ មុខរបរបម្រើការងារនៅរង្គសាលទន្លេសាប និងទី៣-ឈ្មោះ នួន សុគន្ធ អាយុ២៨ឆ្នាំ បម្រើការងារ នៅក្រុមហ៊ុនឯកជនមួយ មានតួនាទីជាអ្នកនាំ ពលករទៅកាន់ប្រទេស កូរ៉េខាងត្បូង។

ប្រភពព័ត៌មានបានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវ ដោយសម្ងាត់ និងយកចិត្តទុកដាក់ពីសំណាក់ សមត្ថកិច្ចជំនាញ ទើបឈានទៅ ដល់ការឃាត់ខ្លួនតែម្តងទៅ។

បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ ៖ ជួន សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]