ភ្នំពេញ៖ មិនមែនជារឿងចំឡែកទេ ដែលផលិតកម្ម ហង្សមាស តែងតែចេញអាល់ប៊ុម ជាច្រើនក្នុងពេលផ្សព្វផ្សាយម្ដងៗ ។ ក្នុងលើកនេះមានវត្តមានវ៉ុលថ្មី របស់លោក ឆន សុវណ្ណារាជ តារាចម្រៀងប្រុសសម្បូរ បទចម្រៀងជាងគេ ក្នុងផលិតកម្ម ហង្សមាស ក្នុងវ៉ុលមួយមានចំណងជើង ថា សេអូល សូណាតា ជាវ៉ុលមួយទៅថតដល់ប្រទេសកូរ៉ ជាមួយអ្នកនាង សារាយ សក្ខណា ដើម្បីផ្សព្វផ្សាយពីផលិតផល ផាវើអាប់ ។

វ៉ុលរបស់លោក ឆន សុវណ្ណារាជ ស្ថិតក្រោមស្នាដៃនិពន្ធ របស់កវី ថុន ស្រីពេជ្រ តែម្នាក់គត់ ដែលមិនត្រឹមតែ ទំនុកច្រៀងទេ សូម្បីតែភ្លេងក៏កវីនេះ និពន្ធទាំងអស់តែម្ដង ។ អាល់ប៊ុមនេះ រៀបចំតាំងពីដើមឆ្នាំ២០១៣ ហើយទើបតែចេញលក់ក្ដៅៗ កាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ខណៈមានការអូសបន្លាញ ពេលវេលាមួយឆ្នាំជាង ធ្វើឲ្យអ្នកគាំទ្រលោក ឆន សុវណ្ណារាជ ស្ទើរតែអស់ការរង់ចាំ ។ ការរង់ចាំត្រូវបាន បញ្ចប់ទៅហើយ ព្រោះអាល់ប៊ុម បានចរាចរណ៍លើទីផ្សារ យ៉ាងគគ្រឹកគគ្រេង អ្វីដែលភ្ញាក់ផ្អើល សម្រាប់អាល់ប៊ុមចម្រៀង ជាស្នាដៃរបស់ខ្មែរ សុទ្ធសាធនេះ គឺបទចម្រៀងបីបទ ក្នុងវ៉ុលមានកំហុសឆ្គងផ្នែកបច្ចេកទេស ដែលសំឡេងលោក ឆន សុវណ្ណារាជ ឡើងគ្រល និង យឺតៗ ស្ដាប់ទៅដូចផ្គរលាន់ ។

ដោយទទួលស្គាល់ ពីកំហុសឆ្គង ផ្នែកបច្ចេកទេសនេះ លោក ឆន សុវណ្ណារាជ បានចេញមុខសុំទោស ទស្សនិកជន និងអ្នកគាំទ្រលោកដែលបានទិញ ជាមួយអាល់ប៊ុមនេះរួច ដោយមិនអាចកែប្រែកំហុស នៅក្នុងស៊ីឌីបាន លោកក៏សម្រេចចិត្ត ដាក់បញ្ចូល បទចម្រៀងទាំងបីបទនេះ ទៅក្នុងយូធូប ដើម្បីលុបលាងកំហុស បច្ចេកទេសនេះ ព្រោះមិនអាចប្រមូលស៊ីឌីទាំងនេះ មកវិញបានទេ ។

សម្រាប់រឿងកំហុសបច្ចេកទេសនេះ មិនមែនជាលើកដំបូងទេ សម្រាប់ផលិតកម្មហង្សមាស ព្រោះកន្លងមក តារាចម្រៀងស្រី នាង ទេព បូព្រឹក្ស ក៏ជួបប្រទះបញ្ហាដូចគ្នាដែរ ព្រោះបទចម្រៀងនាង ត្រូវបានកែសំរួលសំឡេងខុសបច្ចេកទេស ទៅជាគ្រលៗ ដូចផ្គរលាន់ ខណៈដែលសំឡេងនាង ពីរោះស្រទន់ ។ ជាមេរៀនមួយដ៏ធំ សម្រាប់អ្នកបច្ចេសទេស ដើម្បីត្រួតពិនិត្យមើលម្ដងជាពីរដង មុននឹងចេញលក់បទចម្រៀងលើទីផ្សារ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ