-ស្នងការ នគរបាល ៖ លទ្ធផលពិតប្រាកដ ស្ថិតក្នុងមន្ទីរពិសោធន៍

ពោធិ៍សាត់ ៖ យ៉ាងហោចណាស់ ស្ដ្រីវ័យចំណាស់ អាយុ ៧៩ឆ្នាំម្នាក់ បានស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ បង្អែក ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ខណៈដែលសាច់ញាតិរបស់គាត់ ៤នាក់ផ្សេងទៀត ស្ថិតក្នុងគ្រួសារតែមួយ រងគ្រោះដោយក្អួតចង្អោរ បន្ទាប់ពីពួកគេបានហូបមី ម៉ា ម៉ា  រួចមក ។ យ៉ាងណាក៏ដោយ ការអះអាងថា ស្លាប់និង រងគ្រោះ ដោយសារហូបមី ម៉ា ម៉ា ខាងលើនេះ គឺជាការលើកឡើងរបស់ជនរងគ្រោះ ដែលនៅរស់តែប៉ុណ្ណោះ ខណៈសមត្ថកិច្ចជំនាញ កំពុងយកវត្ថុតាងនានា និងជាប់ពាក់ព័ន្ធទៅធ្វើការពិសោធន៍ ដើម្បីរកមូលហេតុពិតប្រាកដ ។

ការភ្ញាក់ផ្អើល និងនិយាយពីមាត់មួយទៅមាត់មួយ ស្ដីពីការពុលមី ម៉ា ម៉ា ខាងលើនេះ បានកើតឡើងកាលពី រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពីជនរងគ្រោះ បានជួបអាការក្អួតចង្អោរ បន្ទាប់ពីនាំគ្នាហូបមី ម៉ា ម៉ា ចំនួន ៣កញ្ចប់ កាលពីព្រឹកថ្ងៃដដែល ស្ថិតនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ។

ទាក់ទិន នឹងបញ្ហានេះ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ សារុន ចន្ធី បានប្រាប់ដើមអម្ពិលតាមទូរស័ព្ទ នៅរសៀល ថ្ងៃទី៥ ខែមិថុនា នេះថា មូលហេតុពិតប្រាកដ ដែលនាំឱ្យជនរងគ្រោះស្លាប់ និងក្អួតចង្អោរខាងលើនេះ មិនទាន់ដឹង នៅឡើយទេ បើទោះបីជនរងគ្រោះអះអាងថា ដោយសារតែពុលក្រោយហូបមី ម៉ា ម៉ា ក៏ដោយនោះ។

បើយោង តាមស្នងការនគរបាលរូបនេះ ជនរងគ្រោះពិតប្រាកដមានតែ ៥នាក់ប៉ុណ្ណោះ ក្នុងមួយគ្រួសារ ដែលបណ្ដាលឱ្យ លោកយាយវ័យ ៧៩ឆ្នាំម្នាក់ បានស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុក រីឯ ៤នាក់ផ្សេងទៀត ជាសាច់ ញាតិរបស់លោកយាយ បានក្អួតចង្អោរ ប៉ុន្ដែបានធូរស្រាលវិញហើយ បន្ទាប់ពីពេទ្យជួយសង្គ្រោះ។

លោកឧត្ដម សេនីយ៍ សារុន ចន្ធី បានបន្ដថា សំណាកដូចជា មីដែលនៅក្នុងកេសសល់ពីការលក់ រួមទាំងទឹក ដែលយកទៅដាំ ដើម្បីឆុងមី និងវត្ថុតាងមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចបច្ចេកទេស យកទៅពិសោធន៍ នៅ មន្ទីរពិសោធន៍ ដើម្បីរកមូលហេតុឱ្យឃើញថា ជនរងគ្រោះស្លាប់ និងក្អួតចង្អោរដោយ សារអ្វីពិតប្រាកដនោះ។

ស្នងការនគរបាលរូបនេះ បានអះអាងថា សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជាការពុលមី ម៉ា ម៉ា អ្វីនោះឡើយ បើ ទោះបីជនរងគ្រោះ បាននិយាយយ៉ាងដូច្នេះក៏ដោយ គឺអ្វីៗស្ថិតក្នុងការពិសោធន៍នៅឡើយ។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មានខ្លះ បានលើកឡើងថា បើសិនពិតជាមានការពុល ដោយសារមី ម៉ា ម៉ា មែននោះ ប្រជាពលរដ្ឋទូទាំងប្រទេស នឹងខ្លាចរអាល ពិសាមីប្រភេទនេះ  ដែលខ្លះនិយាយថា ជាប្រភេទមីលេខ២  ដោយមិនសូវមានគុណភាពល្អ ទើបនាំចូល និងលក់នៅកម្ពុជា ខណៈមីប្រភេទលេខ១ គឺចែកចាយនៅក្នុងប្រទេសថៃ ដូច្នេះ ប្រជាពលរដ្ឋខ្មែរ ដែលបានហូបមី ម៉ា ម៉ា គឺជាប្រភេទមី ម៉ា ម៉ា លេខ២ ដែលគ្មានគុណភាព។

ទាក់ទិនបញ្ហានេះ ដើមអម្ពិល មិនទាន់អាចសុំការអត្ថាធិប្បាយ និងការបកស្រាយបែបណា ពីសំណាក់ក្រុមហ៊ុនមី ម៉ា ម៉ា ដែលមាន ទីតាំងនៅស្រុកខ្មែរនោះទេ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២នេះ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]