រាជធានីភ្នំពេញ ៖ ទីតាំង​​ក្រុម​ហ៊ុន​យ៉ុង​ហ្វាត់​ ដែល​​ជាក្រុម​ហ៊ុន​ទទួល​សិទ្ធិ​​ចែក​ចាយ​ផលិត​ផល​ ស្ថិត​នៅ​អគារ​លេខ​១៨៩AB ​វិថី​​ព្រះ​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ​ខណ្ឌទួល​គោក ​ត្រូវក្រុមចោរ​ដែល​ក្នុង​នោះ​មាន​ម្នាក់​ជា​សន្តិ​សុខ​​ឯក​ជន​​យាម​ក្រុម​ហ៊ុន ​​បាន​​​សម​គំនិត​​គ្នា​ធ្វើ​សកម្ម​ភាព​កាត់​សោ​​ម៉ាក​សូឡិច ​ចូល​លួច​យក​រថយន្ត​ម៉ាក​ឡិចសីុស RX300 ​ពណ៌ខ្មៅ ​​​មួយ​​គ្រឿង​​​ ម៉ូតូ​ធុន C100 កូរ៉េ​ពណ៌​ក្រហម​មួយ​គ្រឿង ​កុំព្យូទ័រ​​ចំនួន​៦​គ្រឿង ​ប្រព័ន្ធ​កុំព្យូទ័រ​​បំពាក់​កាមេរ៉ា​​សុវត្ថិ​ភាព​​មួយ​កំប្លេ និង​​ប្រាក់​ចំនួន​៣៨.៥០០​​ដុល្លារ ​ហើយ​​គេច​ខ្លួន​​បាត់​​ដោយ​សុវត្ថិ​ភាព ។

េហតុការណ៍​​ចោរ​កាត់​សោ​ចូល​លួច​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣០ មករា ​នៅ​ពេល​ដែល​បុគ្គ​លិក​ក្រុម​ហ៊ុន​បាន​ចូល​ធ្វើការ ហើយ​ប្រុង​​ចាក់​សោ​ចូល​​បែរ​ជា​ឃើញ​សោ​ត្រូវ​ចោរ​កាត់ និង​​បើក​ទ្វារ​យក​រថយន្ត​​ម៉ូតូ និង​​សម្ភារ​​លុយ​កាក់​អស់​គ្មាន​សល់ ។ ទោះ​បីជា​យ៉ាង​ណា គេពុំ​ដឹងថា ​ក្រុមចោរ​មាន​បក្ស​ពួក​ប៉ុន្មាន​​នាក់ និងធ្វើ​សកម្ម​ភាព​​នៅពេល​​ណា​នោះ​ឡើយ ។ ​តាម​ព័ត៌​មាន​ឱ្យ​ដឹងថា ក្រុម​ចោរ​ដែល​ធ្វើសកម្ម​ភាព​​​​​នោះ គឺ​មានគ្នា​យ៉ាង​តិច​ពីរ​​នាក់ ដែល​ក្នុង​នោះ​​ក៏មាន​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន CSP ​ម្នាក់​ឈ្មោះ​យ៉ែម ​វ៉ាន់​ដា ​ភេទប្រុស អាយុ​៣០​ឆ្នាំ ​​ដែល​ក្រុម​ហ៊ុន​ជួល​​ឱ្យ​មក​យាម ​ត្រូវ​​បាត់​ខ្លួន​ដែល​សង្ស័យ​ថា ​​ត្រូវរ៉ូវ​គ្នា​ជា​មួយ​ចោរ​ ។

បន្ទាប់​ពី​ភ្ញាក់​ផ្អើល​គេ​ឃើញ​​​អាវ​សន្តិ​សុខ​រូប​នោះ​បាន​បន្សល់​ទុក​ ហើយ​បា​ន​គេច​ខ្លួន​បាត់ ។ ​នៅក្នុង​ការ​ធ្វើ​សកម្ម​ភាព​នេះ​ក្រុម​ចោរ​បាន​យក​ស្កុត​​បិទ​មុខ​​កាមេរ៉ា​​សន្តិ​សុខ​ផ្នែក​ខាង​ក្រៅ​​ក្រុម​ហ៊ុន ហើយ​​បានធ្វើសកម្ម​ភាព​យក​រណារអារ​​កាត់​សោ​សូឡិច​ និង​ចាក់​សោ​ទ្វារចំនួន​២​ជាន់​ចូល​ទៅ​ខាងក្នុង​ធ្វើសកម្ម​ភាព​លួច​យក​របស់​របរ​តាម​ចិត្ត និង​លួច​យក​កុំព្យូទ័រ​​ដែល​បំពាក់​មើល​កាមេរ៉ា​​សុវត្ថិ​ភាព​​ទៅ​ជា​មួយ​ផងដែរ ។

តាម​​​ព័ត៌​មាន​បន្តទៀត​ថា ​នៅវេលា​ម៉ោង​៧​ព្រឹក​​ថ្ងៃទី​៣០ មករា បុគ្គ​លិក​ក្រុម​ហ៊ុន​ផ្នែក​​គណ​នេយ្យ​​បាន​ធ្វើ​ដំណើរ​​ទៅ​ធ្វើ​ការ​ ហើយ​រៀបចំ​ចាក់​សោ​ក៏​មាន​ការភ្ញាក់​ផ្អើល​​​តែម្តង ​បន្ទាប់​ពី​សោ​ត្រូវ​ចោរ​​កាត់​ផ្តាច់​អស់​ទៅ​ហើយ​នោះ ។ បន្ទាប់​​ពី​ភ្ញាក់​ផ្អើល​​ក្រុម​ហ៊ុន​ក៏​​បានរាយ​ការណ៍​​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន ហើយ​​នាំគ្នា​ចុះ​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​​ ។

នៅ​កន្លែងកើតហេតុ​​មុខ​​ក្រុម​ហ៊ុន​​សមត្ថ​កិច្ច​​រក​ឃើញ​​​ដង្កាប់​​​១ និង​​រណារ​អារដែក​ចំនួន​៤ និង​​មេ​សោ​ដែល​ត្រូវ​ចោរ​អារ​​ដាច់​​បន្សល់​ទុក ។ តាម​សន្តិ​សុខ​​​​ក្រុម​ហ៊ុន CSP ​ឈ្មោះ​ងួន ​ថេត ភេទ​ប្រុស អាយុ​​៤៥​ឆ្នាំ ដែល​​យាម​​ពេល​ថ្ងៃ​​បាន​ឱ្យ​ដឹងថា ​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៩ មករា បន្ទាប់ពី​​រត់​ម៉ូតូ​ឌុប​ រូបគាត់​បានធ្វើដំណើរ​​ទៅ​ដេក​នៅ​មុខ​ក្រុម​ហ៊ុន​ ហើយ​ត្រូវសន្តិ​សុខ​​យាម​យប់​ឈ្មោះ​យ៉ែម ​វ៉ាន់​ដា ​ដែល​ទើប​​មក​​យាម​ថ្មី​មិន​ឱ្យ​ដេក​ដូច​សព្វ​ដង​ហើយ​គាត់​ក៏​បាន​ធ្វើ​ដំណើរ​​ចេញ​ទៅ ។ ​លុះព្រឹក​ឡើង​​ថ្ងៃទី​៣០ មករា ក៏​​មាន​​ការ​ភ្ញាក់​ផ្អើល​ចោរ​គាស់​​កាត់​ទ្វារ​​ក្រុម​ហ៊ុនតែ​ម្តង ហើយ​សន្តិ​សុខ​ម្នាក់​នោះ​គេច​​ខ្លួន​បាត់​ សល់​តែ​អាវ ។

តាម​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា សម្ភារ​ដែល​ចោរ​​កាត់​សោរ​ចូល​លួច​នោះ​ ​ការ​​បាត់​បង់​រួម​មាន​ រថយន្ត​ម៉ាក​​ឡិចសីុស ​RX300 ​ពណ៌​ខ្មៅ មួយ​​គ្រឿង ម៉ូតូ​ធុន​ C100 ​កូរ៉េ​ ពណ៌​ក្រហម​​មួយ​គ្រឿង កុំព្យូទ័រ​ចំនួន​៦​​គ្រឿង ​ដែល​ក្នុង​នោះ​​​កុំព្យូទ័រ​លេប​ថប​ចំនួន​៣​គ្រឿង​ និង​កុំព្យូទ័រ​លើ​តុ​ចំនួន​៣​គ្រឿង , កុំ​ព្យូទ័រ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​​ការពារ​សុវត្ថិ​ភាព​មួយកំប្លេក ​និង​ប្រាក់​ចំនួន​៣៨.៥០០​ដុល្លារ ​ដែល​ជា​ប្រាក់​​របស់​គណ​នេយ្យ​​ទុក​ក្នុង​ទូ។

ទោះ​បីជា​យ៉ាងណា​​​កោះ​សន្តិ​ភាព​ពុំ​ទទួល​បាន​ការ​បំភ្លឺ​ណា​មួយ​ពី​តំណាង​ក្រុម​ហ៊ុន​ឡើយ ។ ​នៅ​ព្រឹក​​ថ្ងៃទី​៣០ មករា ​សមត្ថ​កិច្ច​បច្ចេក​ទេស​រួម​ទាំង​​សមត្ថ​កិច្ច​មូល​ដ្ឋាន​​ដឹក​នាំ​ដោយ​ព្រះ​អាជ្ញា​រង​មាស​ ច័ន្ទ​ពិសិដ្ឋ ​បាន​ចុះ​ពិនិត្យ​​កន្លែង​កើត​ហេតុ​ ដើម្បី​ស្រាវ​​ជ្រាវ​រក​ក្រុម​ចោរ​ដែល​គេ​​អះ​អាង​​ថា មាន​គ្នា​​ប្រមាណ​៣​ទៅ​៤​នាក់​ ដើម្បី​​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​​តាម​ច្បាប់ ។ 
គួរ​បញ្ជាក់​ថា នៅ​ក្នុង​ក្រុម​ហ៊ុន​មាន​​ស្រា​ជា​ច្រើន​​​កេស និង​សម្ភារ​មាន​តម្លៃ​ជា​ច្រើន​ទៀត រួម​ទាំង​​ទូ​ដែក​របស់​នាយក​ក្រុម​ហ៊ុន​ដែល​​ចោរ​ពុំ​លួច​យក​ទៅ​​ជា​មួយ​ទេ ។

នេះ​​ជាទង្វើ​​មួយ​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ការ​​​មិន​ទុក​ចិត្ត​ចំពោះ​មុខ​របរ​សន្តិ​សុខឯកជន ។​ ជា​ការ​ពិត​​​ណាស់​​មនុស្ស​ខិល​ខូច​មិន​ច្រើន​ទេ តែ​​អាច​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​​នាក់​ដែល​មាន​មុខ​របរ​ធ្វើ​ជា​សន្តិ​សុខ​យាម​​កាម​តាម​​ក្រុម​ហ៊ុន​នានា ឬ​តាម​ទី​កន្លែង​​ផ្សេងៗ​អាច​​នឹង​រង​គ្រោះ​​ ដោយ​សារ​តែ​ភាព​មិន​ស្មោះ​ត្រង់​​របស់​ជន​​ខិល​ខូច​​មួយ​ក្តាប់​តូចនេះ ៕

ដកស្រង់ពី គេហទំព័រកោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]