រាជធានីភ្នំពេញ ៖ ​លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា អ្នក​គ្រប់​គ្រង​ក្លឹប​ម៉ូណាកូ និង​មេកា​ម្នាក់​ទៀត​ត្រូវ​បាន​​ប៉ូលិស​ឃាត់​ខ្លួន​​នៅ​ព្រឹក​ថ្ងៃទី​៥ មិថុនា ២០១២ ​ដោយ​សង្ស័យ​ជាប់​​ពាក់​ព័ន្ធ​​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​​រងគ្រោះ ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ឈ្មោះ​រិទ្ធី វឌ្ឍនៈ ​ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ជាអ្នក​​គ្រប់​គ្រង​ក្លឹប និង​ឈ្មោះ​សួន ភិរម្យ ភេទប្រុស អាយុ​២៧​ឆ្នាំ ជាមេកា​នៅ​ក្លឹប​នេះ ។ ​ដោយឡែក​ប៉ូលិស​ក៏​​បាន​​ឃាត់​ខ្លួន​យុវជន​ភាគី​ម្ខាង​ទៀត​ចំនួន​៣​​នាក់​ ផងដែរ ដែល​មាន​ឈ្មោះ​​ស្រ៊ុន​ តុលា, រស់​ វណ្ណ​ដន, សុខ ផាណា ឯសន្តិ​​​សុខ​ក្លឹប​នេះ​​ម្នាក់​​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​​បាន​គេច​ខ្លួន​ បាត់។ ចំពោះ​​ការ​ឃាត់​ខ្លួន​ជន​ទាំង​៥​នាក់​ខាងលើ​​នេះ​ប៉ូលិស​ខណ្ឌ​សែន​សុខ ​បាន​​ឱ្យ​ដឹង​ថា ជា​ករណី​វាយ​​តប់​គ្នា។ ​ដោយឡែក​ឪពុក​ម្តាយ​ភាគី​រង​គ្រោះ​កំពុង​យក​កូន​​ប្រុស​រង​របួស​ធ្ងន់​ទៅ​ សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ព្រះកុសុមៈ ហើយ​​ក៏​ឆ្លៀត​យួរ​បាយ​​ម្ហូប​ទៅ​ឱ្យ​កូន​ម្នាក់​ទៀត​ដែល​ត្រូវ​ប៉ូលិស​ឃាត់ ​ខ្លួន​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា ​វាជា​រឿង​​អយុត្តិ​ធម៌​ និង​មិន​យល់​ទាល់​តែ​សោះ​ដែល​ប៉ូលិស​​​បែរ​ជាឃាត់ខ្លួន​ភាគីខាង​រង​គ្រោះ​ទៅ ​វិញ។ ម្ចាស់​​ក្លឹប​ម៉ូណាកូ​​​មិន​អាច​ទាក់​ទង​​សុំ​ការ​​​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ មិថុនា នេះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]