អង់គ្លេស ៖តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសម្នាក់ រងការឈឺចាប់ជាខ្លាំង ដោយសារតែស្បែកជ្រុះចេញពីរាងកាយ ពីព្រោះតែ ប្រតិកម្មជាមួយនឹង ថ្នាំបំបាត់ការឈឺចាប់។

ក្មេងប្រុសឈ្មោះ Laurence McCalla មានអាយុ ១៤ ឆ្នាំ បានប្រឈមមុខនឹង ជំងឺដែលធ្វើអោយស្លាប់បាន ដែលអត្រាប្រតិកម្មនឹង ថ្នាំបំបាត់ការឈឺចាប់ កើតឡើង លើមនុស្សម្នាក់ ក្នុងចំនោម ៥ សែននាក់។ ហើយ Laurence បានស្នាក់នៅក្នុងមន្ទីរពេទ្យ ដែលទទួលការ យកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់គ្រូពេទ្យ បន្ទាប់ពីបានរង ការប្រតិកម្ម យ៉ាងធ្ងន់ធ្ងរពី ថ្នាំបំបាត់ការឈឺចាប់។

អ្នកស្រី Donnette ដែលត្រូវជាម្តាយ ក្មេងប្រុសរូបនេះ បានឲ្យថ្នាំគ្រាប់ ឈ្មោះ Nurofen មានចំនុះ ២០០ មីលីក្រាម នៅពេលដែល Laurence រលាកបំពង់ក ប៉ុន្តែវាបានធ្វើអោយ Laurence រងការឈឺចាប់ យ៉ាងខ្លាំង ហើយត្រូវទទូលការ ពិនិត្យរៀងរាល់សប្តាហ៍ ព្រោះតែវាអាចធ្វើអោយ គាត់មើលមិនឃើញ ជារៀងរហូត។

.អ្នកស្រី Donnette បាននិយាយថា “ ខ្ញុំពិតជា មានការតក់ស្លុតខ្លាំងណាស់ ដោយសារតែខ្ញុំមិន បានដឹងស្ថានភាពជំងឺ របស់កូនខ្ញុំអោយ បានទាន់ពេល។ អ្វីដែលគួរអោយ ខ្លោចផ្សា គឺឃើញកូនរបស់ខ្ញុំ យំនិងមានការឈឺចាប់ដោយសារ តែស្បែករបស់ Laurence ជ្រុះចេញពីខ្លួន នៅចំពោះមុខខ្ញុំ ហើយខ្ញុំមិនអាចធ្វើអ្វីដើម្បី ជួយកូនខ្ញុំបាន។ នៅពេលដែល Laurence ដឹងខ្លូនម្តងៗ គេតែងតែស្រែក ដោយសារ មានការឈឺចាប់ខ្លាំងពេក។

ចំនែកឯបបូរមាត់ របស់ Laurence មើលទៅហាក់ដូចជា មានដង្កូវនៅក្រោម បបូរមាត់នោះអីចឹង ពីព្រោះតែវា មានការហើមខ្លាំងពេក។ អ្នកស្រី Donnette ក៏បានយក កូនប្រុសទៅ មន្ទីរពេទ្យ Queen នៅក្នុង ទីក្រុង Romford, Essex ហើយ Laurence ត្រូវបានគ្រូពេទ្យ អោយថ្នាំសំលាប់មេរោគ និង ស្នាក់នៅផ្ទះវិញហើយ។

អ្នកស្រី បានឲ្យដឹងទៀតថា គាត់បានរៀបចំអោយ Laurence គេងនៅយប់ដែល Laurence ប្រត្តិកម្មជាមួយនឹងថ្នាំ ហើយស្បែករបស់ Laurence មើលទៅគឺស្តើងបំផុត។ យ៉ាងណាមិញ  Laurence ត្រូវបានវិន្និច្ឆ័យថា រងប្រតិកម្មស្បែក ធ្ងន់ធ្ងរ ដែលជំងឺមួយ ដែលធ្វើអោយ ៥០ ភាគរយនៃអ្នកជំងឺ អាចបាត់បង់ជីវិត ហើយ មិនមានថ្នាំអាចព្យាបាលបានឡើយ។

បន្ទាប់ពីរងការ ប្រតិកម្មស្បែក យ៉ាងធ្ងន់ធ្ងរ Laurence ត្រូវបានដាក់ នៅក្នុងបន្ទប់ព្យាបាលពិសេស ដែលគាត់ត្រូវបាន គ្រូពេទ្យដាក់ថ្នាំងងុយគេង និង បំពង់ខ្យល់ ក្នុងការព្យាបាល។

អ្នកស្រី Donnette បានឲ្យដឹងទៀតថា កូនរបស់គាត់ មានឧកាសតែ ១០ ភាគរយប៉ុណ្ណោះ ដើម្បីជាសះស្បើយ ឡើងវិញ។

មួយខែក្រោយមក ក្មេងប្រុសរូបនេះ ត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យ Broomfield នៅក្នុងក្រុង Chelmsford។ ប៉ុន្តែអ្វីដែល គួរអោយបារម្ភនោះ គឺក្មេងប្រុសម្នាក់នេះ បានជ្រុះស្បែក ស្ទើតែទាំងអស់ ចេញពីខ្លួន ហើយភ្នែករបស់គេ ក៏បានហើមខ្លាំង ដែលគ្រូពេទ្យបារម្ភថា វាអាចធ្វើអោយ Laurence មើលមិនឃើញ អស់មួយជីវិត។

នៅខែមេសានេះ Laurence បានដឹងខ្លួនឡើងវិញហើយ និង ចេញពីមន្ទីរពេទ្យបាន ប៉ុន្តែត្រូវពិនិត្យភ្នែក ជាទៀងទាត់ និង មិនអាចទៅសាលា បានឡើយ។ អ្នកស្រី Donnette បន្ថែមថា កូនប្រុសរបស់គាត់ ប្រហែលជាមិនអាច រស់នៅធម្មតាដូចពីមុនទេ ប៉ុន្តែគាត់សប្បាយចិត្ត ណាស់ទៅហើយដែល Laurence នៅមានជីវិត។

លោកវេជ្ជបណ្ឌិត Aomesh Bhatt បានឲ្យដឹងថា ថ្នាំបំបាត់ការឈឺចាប់ ដែលធ្វើអោយមានជំងឺ ប្រតិកម្មស្បែក យ៉ាងធ្ងន់ធ្ងរនេះ គឺមានតែ មួយករណី ប៉ុណ្ណោះ ក្នុងថ្នាំ ១០០ លានបន្ទះ ប៉ុន្តែបើវាមានប្រតិកម្ម គឺពិតជាមិនអាចនឹកស្មានដល់ឡើយ។ គាត់បានបន្ថែមថា នៅលើប្រអប់ សំបកថ្នាំ គេក៏បានសរសេរ ពីផលប៉ះពាល់នៃថ្នាំនេះ ដល់អ្នកប្រើប្រាស់ផងដែរ៕

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]