ភ្នំពេញ ៖ មន្រ្តីនគរបាលបម្រើការងារ នៅក្នុងអធិការដ្ឋាន នគរបាលខណ្ឌចំការ មនម្នាក់បានជិះម៉ូតូ មួយគ្រឿង ឌុបប្រពន្ធចេញពីធ្វើការ ក្នុងបំណងត្រឡប់មកផ្ទះ ក៏ត្រូវក្មេងស្ទាវម្នាក់ ជិះម៉ូតូម៉ាកសេ១២៥ បានឌុបក្មេង ប្រុសម្នាក់ ជិះយ៉ាងលឿនជ្រុល ចង្កូតទៅបុកម៉ូតូរបស់មន្រ្តីខណ្ឌចំការមននោះពេញ ទំហឹងដែលបណ្តាល ឲ្យប្រពន្ធរបស់មន្រ្តីនគរបាលខណ្ឌចំការមន របួសធ្ងន់ធ្ងរ និងបីនាក់ទៀត រងរបួសស្រាល។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ១០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១២ នៅចំណុចមុខវិទ្យាល័យ បឹងត្របែក តាមបណ្តោយមហាវិថី ព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនពេលកើត ហេតុ គេបានឃើញ បុរសជានគរបាលដែលបម្រើការងារនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌចំការមន ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១W-6586 និងមានឌុបប្រពន្ធម្នាក់ដែលបើកបរក្នុងទិសដៅពី ត្បូងទៅជើង តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស លុះមកដល់ចំណុចកើតហេតុ នគរបាលម្នាក់នោះបានបត់ស្តាំឆ្លង ផ្លូវព្រះ មុន្នីវង្សពីលិចទៅកើត ។ ខណៈនោះក៏ត្រូវក្មេងស្ទាវម្នាក់ដែលកំពុងតែបោះពួយម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AT6605 ឌុបក្មេងប្រុសម្នាក់យ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង តាមហ្វ្រាំងពុំទាន់ ក៏ ជ្រុលទៅបុកម៉ូតូនគរបាលពេញទំហឹងតែម្តងដែលបណ្តាលឲ្យ ស្រ្តីម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ និងបុរសម្នាក់ ក្មេងស្ទាវ និងកូនក្មេងម្នាក់រងរបួសស្រាល ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវរងការខូចខាត ។

          បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានធ្វើការវាស់វែងអូសយក ម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយតាមផ្លុវច្បាប់៕

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]