បន្ទាប់ពីរង់ចាំអស់រយៈពេលជិតមួយខែ ឥឡូវនេះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត្ត ក្របខ័ណ្ឌកំពូល Champions League កក្រើកទ្វីបអឺរ៉ុប បានចូលមកដល់ ដោយក្រុម Madrid ទាំងពីរ មកពីប្រទេសអេស៉្បាញ Real Madrid នឹងជួបប្រកួតជាមួយ Atlético Madrid នៅកីឡាដ្ឋាន Estádio da Luz ទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ វេលាម៉ោង ១ នឹង ៤៥ យប់រំលងអាធ្រាតនេះ។


ក្រោមការដឹកនាំរបស់គ្រូបង្វឹក  Ancelotti ក្រុម Real Madrid បានបញ្ចប់រដូវកាល ក្នុងក្របខ័ណ្ឌ La Liga ដោយឈរនៅលេខរៀងទី បី ប៉ុន្តែជ័យជម្នះឈ្នះពាន Champions League ជាថ្មីលើកទី ១០ របស់ក្រុមអ្នកមាន នៅលើពិភពលោកមួយនេះ ត្រូវតែធ្វើអោយទាល់តែបាន បន្ទាប់ពីអាក់ខាន លើកពានរង្វាន់នេះ អស់រយៈពេល ១២ ឆ្នាំមកហើយ ដោយឈ្នះលើកទី ៩ របស់ខ្លួន នៅឆ្នាំ ២០០២។

ក្នុងនោះដែរ ទឺកដី ព័រទុយហ្កាល់ ពិតជាជះឥទ្ធិពល យ៉ាខ្លាំងទៅលើ Real Madrid ដោយសារតែទីនេះ ជាទីកំណើតរបស់កីឡាករបីរូប ក្នុងក្រុម Real Madrid នេះ ពោលគឺមានដូចជាខ្សែការពារ Pepe (៣ រដូវកាលជាមួយ Porto) ខ្សែការពារ Fábio Coentrão (៤ រដូវកាលជាមួយ Benfica) និងកីឡាករ ស៊ុតបញ្ចូលទី ច្រើនជាងគេក្នុង La Liga ខ្សែបម្រើស្លាប Cristiano Ronaldo (៦ រដូវកាលជាមួយ Sporting Lisbon) ផងដែរ។ លើសពីនេះទៅទៀតនោះ ស្លាបឆ្វេង Ángel di María សញ្ជាតិអាហ្សង់ទីន នឹងវិលទៅទឹកដីអតីតក្រុមរបស់ខ្លួន Benfica បន្ទាប់ពីចំនាយពេលអស់រយៈពេល ៣ ឆ្នាំ ពីឆ្នាំ ២០០៧ ដល់ ២០១០ ទើបផ្លាស់ទៅ Real Madrid។


ចំណែកក្រុម Atlético Madrid ក្រោមការដឹកនាំរបស់គ្រូបង្វឹក Diego Simeone គឺមិនអាចមើលស្រាល បានឡើយ ដោយក្រុមនេះបានទប់ស្មើ ១ទល់នឹង១ ជាមួយ Barcelona នាកីឡាដ្ឋាន Camp Nou ទើបអាចក្លាយជាម្ចាស់ពានរង្វាន់ Primera Division លើកទី ១០ របស់ខ្លួន បន្ទាប់ពីអាក់ខាន អស់រយៈពេល ១៨ ឆ្នាំ (ជ័យជម្នះចុងក្រោយ ឆ្នាំ ២០០២)។

ក្នុងនោះដែរ ខ្សែប្រយុទ្ធឆ្នើម ស៊ុតបញ្ចូលទីគ្រប់ក្របខ័ណ្ឌ បាន ៣៦ គ្រាប់ និងជារ៉ាដាចម្បងរបស់ តោខៀវ Chelsea កីឡាករ Diego Costa នឹងបង្ហាញវត្តមាន នៅក្នុងប្រកួតនេះផងដែរ ដោយសះស្បើយពីរបួសជង្គង់ កាលពីសប្តាហ៍មុនកន្លងទៅនេះ។


នៅមុនពេលការប្រកួតផ្តាច់ព្រ័ត្រនេះមកដល់ លោក Diego Simeone បាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលដែលខ្ញុំអាចនាំពាន Primera Division ជាថ្មីមកអោយ Atlético Madrid ព្រមទាំងនាំក្រុមមួយនេះ ឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ទៀតផង។ ខ្ញុំសង្ឃឹមថា ទាំងខ្ញុំនិងកូនក្រុមទាំងអស់ នឹងប្រឹងប្រែងអោយអស់ពីចិត្ត ដើម្បីនាំពាន Champion League លើកទីមួយក្នុងប្រវត្តិសាស្ត្រក្លឹប មកកាន់កីឡាដ្ឋាន Vicente Calderón Stadium ទីក្រុង Madrid អោយទាល់តែបាន។ ប៉ុន្តែគូប្រកួត លោក Carlo Ancelotti គឺមិនអាចមើលស្រាលបានទេ ដោយគាត់ប្រើប្រាស់ទាំង យុទ្ធសាស្ត្រផ្លូវចិត្ត យ៉ាងស្ងប់ស្ងាត់ និងស្នាដៃរបស់គាត់ ពិតជាដៃគូប្រកួតប្រជែង យ៉ាងស្វិតស្វាញរបស់ខ្ញុំមែន។”


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]