រាជធានីភ្នំពេញ ៖ ​ក្រុម​សន្តិ​សុខ​​មាន​គ្នា​៣​នាក់​បាន​ព្រួតគ្នា​​វាយ​ដោយ​ប្រើ​ឈើ​ជ្រុង និង​អាយ​ឌី​​ទៅ​លើ​​យុវជន​៤​នាក់ បណ្តាល​ឱ្យ​​២​នាក់​រង​របួស​ធ្ងន់ ហើយ​អូស​យក​ទៅ​​ទុក​នៅ​ព្រៃ​ស្មៅ​ក្រោយ​ក្លឹប​​ថែម​ទៀត ។ មិន​តែប៉ុណ្ណោះ​​ក្រុម​សន្តិ​សុខ​នេះ​បាន​យក​ដុំ​ថ្ម​ និង​អាយឌី​វាយ​កញ្ចក់​រថយន្ត​របស់​ជន​រងគ្រោះ បណ្តាល​ឱ្យ​​បែក​កញ្ចក់​​ខាង​មុខ និង​កញ្ចក់​ទ្វារ​ក្រោយ​ខាង​ឆ្វេង​បែក​​ខ្ទី​​ បន្ទាប់​ពី​ពួក​ជន​រងគ្រោះ​ធ្វើ​ឱ្យ​​ជ្រុះ​​កែវ និង​​យក​ជើង​ទាត់​​ទឹក​កក​លេង​ក្នុង​​ក្លឹប​​ហាក់​ខ្វះ​សីល​ធម៌ ​និង​បង្ក​ភាព​អនាធិប​តេយ្យ ។

​បន្តិច​ក្រោយ ​មក​ប៉ូលិស និង​កង​រាជអាវុធ​ហត្ថ​​បាន​ចុះ​ទៅ​ដល់​កន្លែ​ង​កើតហេតុ​​​ដើម្បី​ពិនិត្យ​ សភាព​ការណ៍ និង​ស្វែង​រក​ចាប់​ជនដៃ​ដល់​ ឬ​ចូល​ទៅ​ជួយ​រំដោះ​​ជន​រង​គ្រោះ​ដែល​​ក្រុម​សន្តិ​សុខ​​វាយ​រហូត​ដល់​ សន្លប់​ ហើយ​អូស​​​ទៅ​​លាក់​ទុក​​នៅខាង​​ក្រោយ​​ក្លឹប​​​នោះ​ដែរ ប៉ុន្តែ​​ហាក់​​ចូល​មិន​ចុះ​ គឺ​បាន​ត្រឹមតែ​​ឈរ​ចរចា​​ជា​មួយ​​មេ​ក្រុម​​សន្តិ​សុខ​នៅបរិវេណ​ខាង​មុខ​​ ក្លឹប​តែ​ប៉ុណ្ណោះ​​ដោយ​សមត្ថ​កិច្ច​និយាយថា ​មិន​ទាន់​មាន​បទ​បញ្ជា​ពីថ្នាក់​​លើ ។ ​ឆ្លៀត​ឱកាស​​សមត្ថ​កិច្ច​​បង្ហាញ​ពី​ភាពខ្សោយ​របស់​ខ្លួន​​​ក្រុម​​សន្តិ​ សុខ​ដៃ​ដល់​​បាន​ប្រើ​​ល្បិច​យ៉ាង​​គម្រក់​​បំភ័យ​​ជន​រងគ្រោះ​​ដែល​​ងើប​ពី ​សន្លប់​ថា កុំ​​ចេញ​ទៅ​ក្រៅ​ប្រយ័ត្ន​​ប៉ូលិស​ចាប់​ ហើយ​បង្គាប់​​ឱ្យ​ជន​រង​គ្រោះ​ផ្លោះ​របង​ចេញ​ពី​បរិវេណ​​ក្លឹប​​បាត់​ទៅ ទើប​អនុ​ញ្ញាត​ឱ្យ​សមត្ថ​កិច្ច​​ចុះ​ទៅ​ពិនិត្យ​ គឺ​ពិនិត្យ​​ខ្យល់​ ។

​ហេតុការណ៍​​នេះ​​បាន​​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​១០​ និង​៣៥​នាទី​យប់​ថ្ងៃទី​៤ មិថុនា ​២០១២ នៅ ក្លឹប​ម៉ូណាកូ តាម​បណ្តោយ​ផ្លូវ​​១៩៨៦ ​ក្នុងសង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ។ ជន​រងគ្រោះ​​​កំពុង​ត្រូវ​​គ្រូពេទ្យ​ជួយ​សង្គ្រោះ​​ជា​ច្រើន​ម៉ោង​​នៅតែ​ មិន​ទាន់​ដឹង​ខ្លួន ហើយ​​អ្នក​ដែល​​​ធ្ងន់​ជាងគេ​​គឺឈ្មោះ​ស្រ៊ុន ​មករា ​ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​ស្នាក់​នៅ​ក្នុង​ភូមិ​១៣ ​សង្កាត់​​ស្រះ​ចក ខណ្ឌដូន​ពេញ ​ដោយ​រង​របួស​ត្រូវ​​សៀត​ផ្កា​ខាង​ស្តាំ​​​ស្រាំ​លលាដ៍​ក្បាល និង​អ្នក​របួស​ធ្ងន់​ម្នាក់​ទៀត​​ឈ្មោះ​សុខ ​ផាណា ភេទ​ប្រុស​ អាយុ១៩​ឆ្នាំ ​ស្នាក់​នៅ​​សង្កាត់​ទួលសង្កែ ​ខណ្ឌ​ឫ​ស្សីកែវ ​រង​របួស​ដៃ​ស្តាំ​​ត្រូវបាន​​គេ​វាយ​ និងឈើ​ជ្រុង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]