ភ្នំពេញៈ ដើម្បីទម្លាយរាល់ការសង្ស័យ និងការភ័ន្តច្រឡំជុំវិញ ការចោទប្រកាន់ថា កងកម្លាំងអាវុធហត្ថ ដែលឃាត់ខ្លួនយុវជនម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ ថា បានដាក់គ្រឿងញៀននៅក្នុងហោប៉ៅ ក្រោយពីការឆែកឆេរខ្លួនយុវជនរូបនេះ មិនបានឃើញអ្វី យុវជន សោម សុម៉ុច បានចេញមកលាតត្រដាងការពិតថា កម្លាំងអាវុធហត្ថមិនបានធ្វើ ដូច្នោះឡើយ។

យុវជន សោម សុម៉ុច អាយុ ២៥ឆ្នាំ រស់នៅក្នុងប្លុកបុរីកីឡា បានរៀបរាប់រឿងរ៉ាវទាំងនេះ មកដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១២នេះថា តាមពិតទៅ កម្លាំងកងរាជអាវុធហត្ថ៤-៥នាក់ ដែលបានឃាត់សួរនាំនោះ គឺមិនបានដាក់គ្រឿងញៀននៅក្នុងហោប៉ៅ ផ្ទុយពីការចោទប្រកាន់របស់ក្រុមមនុស្សមួយចំនួនតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលនាំឲ្យខូចឈ្មោះកងកម្លាំងអាវុធហត្ថនោះឡើយ។

យុវជនរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា តាមពិតមន្ត្រីកងរាជអាវុធហត្ថ ដែលបានដាក់ក្រដាសសមួយសន្លឹកនៅក្នុងហោប៉ៅក្រោយរបស់ខ្លួន គឺជាក្រដាស់កត់លេខទូរស័ព្ទរបស់ខ្លួន នោះទេ មិនមែនដាក់គ្រឿងញៀន ដូចអ្វីដែលបានផ្សព្វផ្សាយឡើយ។

យុវជន សោម សុម៉ុច បានបន្តថា មូលហេតុដែលនាំឲ្យកម្លាំងអាវុធហត្ថឃាត់ខ្លួនរូបគេទៅសួរ នាំនោះដោយសារតែកម្លាំងសមត្ថកិច្ចឃើញរូបគេកំពុងដើរម្នាក់ឯងកណ្តាលយប់ដោយកាន់ដបទឹកសុទ្ធ និងទុយោ បណ្តាលឲ្យមានការសង្ស័យថា យុវជនរូបនេះ ធ្វើសកម្មភាពចែកចាយ និងជក់គ្រឿងញៀន ទើបឃាត់ខ្លួនសួរនាំ។

យុវជនរូបនេះ បានអំពាវនាវទៅកាន់មជ្ឈដ្ឋានទូទៅកុំឲ្យមានការភ័ន្តច្រឡំតទៅទៀត ដែលថា កម្លាំងសមត្ថកិច្ចបានដាក់គ្រឿងញៀនទៅលើខ្លួនក្រោយពីឆែកឆេរមិនឃើញអ្វីនោះ ដែលការ ចោទប្រកាន់នេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់កម្លាំងប្រដាប់អាវុធ នៃរាជរដ្ឋាភិបាលកម្ពុជា។

សមត្ថកិច្ចអាវុធហត្ថក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រសិនបើយុវជនរូបនេះ ជាប់ព័ន្ធពាក់នឹងគ្រឿងញៀនមែននោះ សមត្ថកិច្ចនឹងកសាង សំណុំរឿងបញ្ជូនទៅតុលាការហើយ ប៉ុន្តែពេលនេះ យុវជនអនាថារូបនេះ កំពុងមានសេរីភាពធម្មតា គ្រាន់តែសមត្ថកិច្ចហៅមកសួរនាំ និងអប់រំតែប៉ុណ្ណោះ  ។ 

ម្ចាស់កម្មសិទ្ធិវីដេអូក្លីប និងរូបថតមួយរូប ដែលបម្រើការងារនៅជាអ្នកសារព័ត៌មាននៅក្នុងអង្គភាពមួយនោះ ក៏បានចេញមកបញ្ជាក់ថា សកម្មភាពដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនយុវជនសោម សុម៉ុច ខាងលើនេះ គឺសមត្ថកិច្ចមិនបានប្រើសកម្មភាពយកគ្រឿងញៀនដាក់ទៅក្នុងហោប៉ៅរបស់យុវជនសោម សុម៉ុចនោះទេ ធាតុពិតវាគ្រាន់តែជាក្រដាស់កត់លេខទូរស័ព្ទតែប៉ុណ្ណោះ។

ម្ចាស់វីដេអូ និងរូបភាពរូបនេះ សូមអំពាវនាវដល់មជ្ឈដ្ឋាននានា ដែលយករូបភាពវីដេអូ និងរូប ភាពរបស់លោកទៅបង្ហោះតាមប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុកត្រូវបញ្ឈប់ជាបន្ទាន់ ពីព្រោះវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម្ចាស់កម្មសិទ្ធិ ដូចជារូបលោកជាដើម។

គួរបញ្ជាក់ថា រូបភាពវីដេអូ និងរូបថត ដែលចោទថា កម្លាំងអាវុធហត្ថបានយកគ្រឿងញៀនទៅដាក់ក្នុងហោប៉ៅរបស់យុវជនម្នាក់ ក្រោយពីឆែកឆេរមិនឃើញអ្វីនោះ ត្រូវបានបង្ហោះ និងផ្សព្វផ្សាយតៗគ្នា តាមប្រព័ន្ធហ្វេសប៊ុក ដែលនាំឲ្យមានការរិះគន់ និងភ័ន្តច្រឡំយ៉ាងខ្លាំងទៅ លើកិត្តិយស និងការអនុវត្តន៍ភារកិច្ចប្រចាំថ្ងៃក្នុងជួរកម្លាំងប្រដាប់អាវុធ។

ទាក់ទិនបញ្ហានេះ ទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ផ្កាយ៣ ខៀវ សុភ័គ និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានទាត់ចោលភ្លាមៗការចោទប្រកាន់មកលើកម្លាំងប្រដាប់អាវុធយ៉ាងដូច្នេះ ហើយមន្ត្រីជាន់ខ្ពស់ទាំងនេះ បានទទូចឲ្យ អ្នកដែលចោទប្រកាន់ ត្រូវបង្ហាញថា តើកើតឡើងនៅពេលណា នៅកន្លែងណា? មន្ត្រីអ្នកនាំពាក្យជាន់ខ្ពស់ទាំង២រូបនេះ បានបដិសេធដាច់អហង្ការ ថាកម្លាំងប្រដាប់អាវុធមិនបានយកតួនាទីការពារសន្តិសុខជូនប្រជាពលរដ្ឋមូលដ្ឋានទៅធ្វើយ៉ាងដូច្នោះឡើយ ៕

ដោយៈស៊ន សុភក្រ័

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]