ខេត្ត​​សៀមរាប ៖ ​ចោរ​២​នាក់​បាន​​ជិះ​កង់​តាម​ស្ទាក់​ប្លន់​​ស្ត្រីអាជីវ​ករ​លក់​មាស-ប្តូរប្រាក់​​នៅ​ផ្សារ​​លើ​ក្រុង​សៀមរាប ​បន្ទាប់ពី​​គាត់​វេច​ខ្ចប់​​គ្រឿង​អលង្ការ​ និង​ប្រាក់​ចាកចេញពី​កន្លែងលក់​ដូរ​ធ្វើដំណើរ​​ដោយ​ជិះ​ម៉ូតូឌុប​​ទៅ​កាន់​លំនៅឋាន ប៉ុន្តែ​ជិត​ដល់​លំនៅ​​ឋានទៅហើយ ក៏​ជួប​​ចោរ​២​នាក់​វាយ​ប្លន់​​តែម្តង ​បង្កឱ្យ​​មានការភ្ញាក់​ផ្អើល​កាល​ពីវេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤ មិថុនា ២០១២ ​ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ ​សង្កាត់ស្ល​ក្រាម​ ក្រុង​​សៀមរាប។

​ស្ត្រី​​អាជីវករ​លក់​មាស-ប្តូរ​ប្រាក់​​​ម្នាក់​នេះ​ឈ្មោះ​​ប៊ូ ណង អាយុ​២៨​ឆ្នាំ ​ស្នាក់​នៅ​ម្តុំ​​កន្លែង​កើតហេតុ​​ខាងលើ ត្រូវ​ចោរ​វាយ​បែក​ក្បាល​​ និង​ដណ្តើម​​យក​ស្បោងប្រាក់​-គ្រឿង​អលង្ការ​​ទៅ​បាត់ បន្សល់​ទុក​​ការភ្ញាក់​ផ្អើល ប៉ុន្តែ​មិន​ទាន់​ដឹង​ថា បាត់​បង់​​ប៉ុន្មាន​នោះ​ទេ ។ ​តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​មុន​​ពេល​កើតហេតុ​​​ស្ត្រីអាជីវ​ករ​បាន​វេច​ខ្ចប់​​ស្បោង​ប្រាក់​-គ្រឿង​អលង្ការ​​ជិះ​ម៉ូតូ​ឌុប​ម៉ាក​ឌ្រីម​ C125 ពណ៌​ខ្មៅ ​របស់​បុរស​ម្នាក់​​ដែល​ជា​ម៉ូយធ្លាប់​ដឹក​ស្ត្រី​អាជីវ​ករ​នេះ​ញឹកញាប់​​ទៅ​​កាន់​លំនៅ​ឋាន​... លុះ​ចូល​​តាម​ផ្លូវលំ​មួយ​ជិត​ដល់​លំនៅ​ឋាន​​​ទៅ​ហើយ​ ស្រាប់តែ​​ជួប​បុរស​២​នាក់ ជិះ​កង់​២​គ្រឿង​មក​ស្ទាក់​ប្លន់​​ ដោយ​​ប្រើ​កាំភ្លើង​២​ដើម គឺវែង​១ ខ្លី​១ ។

​ពេល​កំពុង​ភ្ជង់​ប្លន់​ក៏​មាន​ការ​ប្រវាយ​ប្រតប់​​គ្នា​​ផង​ដែរ ហើយ​ប្រជា​ពល​រដ្ឋ​​ដែល​កំពុង​​ផឹក​ស៊ី​​នៅ​ក្រោម​ផ្ទះ​ក្បែរ​នោះ​​បាន​ស្ទុះ​មក​ជួយ​​ផង​ដែរ ​ប៉ុន្តែ​ត្រូវ​ចោរ​ភ្ជង់​ឱ្យ​នៅ​ស្ងៀម​ទាំង​អស់​ ហើយ​​ចោរ​​បាន​វាយ និង​ភ្ជង់​​យក​ម៉ូតូឌ្រីម​​​រត់​ឌុប​ពី​​បុរស​នោះ​ជិះ​រត់​គេច​ខ្លួន​បាត់​តែម្តង ។ នៅ​កន្លែង​កើតហេតុ​​គេ​សង្កេត​ឃើញ​បង់​កាំភ្លើង​ខ្លី​១ ប៉ុន្តែ​គ្មាន​​គ្រាប់​ទេ ​ហើយ​សាក្សី​អះអាង​ថា ពួក​​​ចោ​រ​ពិត​​ជា​មាន​កាំភ្លើង​ខ្លី១ វែង​១​ប្រាកដមែន ។

​មិន​យូរ​ប៉ុន្មាន​​ប៉ូលិស​-ប៉េអឹម​​​បាន​ទៅដល់​កន្លែង​កើតហេតុ​​ដើម្បី​អន្តរាគមន៍​ ប៉ុន្តែ​ពួកចោរ​បាន​គេចខ្លួន​​បាត់​ស្រមោល​​ទៅហើយ​ បានត្រឹម​​តែ​ ពង្រាយ​កម្លាំង​តាម​ស្វែង​រក​​ចាប់​ចោរ​យ៉ាង​ដុត​ដៃ ដុត​ជើង​ប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]