រាជធានីភ្នំពេញ​ ៖​​ ​​យុវជន២ក្រុមបាន​​ប្រទូស្ត​រ៉ាយ​​គ្នា​​បង្ក​ការ​ភ្ញាក់​ផ្អើលឆោឡោពេញ​ ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុងនោះ​ក្រុមមក​វាយសីមាន​គ្នា៦នាក់ និង​ក្រុមមក​ផឹក​ស៊ីមាន​គ្នា​ជិត១០នាក់ ដែលហេតុការណ៍​នេះកើត​ឡើងនៅ​វេលា​ម៉ោង១០ និង​៣០នាទីយប់ថ្ងៃទី២​ មិថុនា ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រុមអ្នក​វាយសីមានគ្នា៦នាក់ ​១-ឈ្មោះឡុង សំអុល ភេទប្រុស អាយុ២៥ឆ្នាំ អតីត​ជាសន្តិ​សុខ​នៅណាហ្គាវើល ស្នាក់នៅ​ផ្ទះ​លេខ125C ក្រុម៦​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ របួសបែក​ក្បាល​ ២-ឈ្មោះចាន់​ លីលី អាយុ២០ឆ្នាំ​ ជា​ប្រពន្ធ ​(ឡុង សំអុល)​ទៅ​ជា​មួយ​​ដែរមិនមានរង​របួសទេ ៣-ឈ្មោះឯម ខ្លី ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជា​កម្ម​ករ​សំណង់ របួស​ពកក្បាល​ ស្នាក់នៅ​ភូមិ​ដើមចាន់ សង្កាត់ច្បារ​អំពៅទី២ ខណ្ឌមាន​ជ័យ ៤-ឈ្មោះមន ជីវន្ត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់​នៅ​ជិត ឡុង សំអុល ៥-ឈ្មោះរិទិ្ធ និង៦-ឈ្មោះ​​ស​ ម៉ាប់ ស្នាក់នៅ​សង្កាត់ច្បារអំពៅ​ ខណ្ឌ​មានជ័យ ។ ក្រោយ​ពេល​កើត​ហេតុ អ្នកដែលរង​របួស​តិចតួចបាននាំគ្នារត់ខ្ចាត់ខ្ចាយអស់ ។

បើតាមសម្តីឈ្មោះចាន់ លីលី ភេទស្រី អាយុ​​២០ឆ្នាំ​ បានឲ្យដឹងថា នៅវេលាម៉ោងខាង​លើ​មិត្តភក្តិដែលនៅសង្កាត់ច្បារអំពៅបាន​ទូរ​ស័ព្ទហៅទៅលេងផ្ទះ រួចហើយបាននាំគ្នាទាំង៦​នាក់ទៅអង្គុយលេងនៅក្រោមស្ពានអាកាស​ក្បាល​​ថ្នល់​ ដោយអ្នកខ្លះវាយសី និងខ្លះអង្គុយ​និយាយគ្នាលេង ។ ពេលនោះប្តីរបស់នាងឈ្មោះ ឡុង សំអុល​ ដែលជា​អតីត​សន្តិសុខ​យាមនៅ​ណាហ្គាវើល បានពាក់អាវធំខាងក្រៅពណ៌ខ្មៅ​ដែល​មានស្លាកណាហ្គាវើលនោះពីលើ លុះពេល​​វាយសីគាត់បានដោះអាវនោះទុកនៅលើ​ស្មៅ ។ ស្របពេលនោះឈ្មោះស​ ម៉ាប់ ដែលជា​មិត្ត​ភក្តិ​បាន​​យក​អាវ​នោះទៅពាក់ពីលើហើយដើរ​ទៅ​និយាយឌឺដងផ្លែផ្កា​ ឲ្យមួយ​ក្រុមទៀតដែល​មាន​គ្នាជិត១០នាក់កំពុងអង្គុយផឹកស៊ីនៅក្បែរ​នោះ​ដែរ ។ ពេលនិយាយផ្លែផ្ការួចហើយ ឈ្មោះ ស​ ម៉ាប់ បាន​ដើរត្រឡប់មកវិញដោះអាវ​នោះ​ទុក​ ចំណែកប្តី​នាង ពេលវាយសី​ហត់​ក៏ឈប់​សម្រាក​ម្តង ហើយយកអាវ​នោះ​ទៅ​ពាក់វិញ ស្រាប់តែ​ក្រុម​ផឹកស៊ីដើរមកដល់​និយាយ​ថា វាយអាអាវ​ខ្មៅនេះឲ្យងាប់ ។

ប្រភពដដែលបន្តទៀតថា ពេល​ក្រុមផឹកស៊ី​ដើរ​មក​ព្រួតវាយនោះ មិត្តភក្តិ​ដែលនៅ​លេង​វាយ​សីបានចូលទៅជួយ​តែ​មិនឈ្នះ​ដោយ​សារ​ពួក​គេ​មាន​ គ្នាច្រើនជាង ទើបនាំគ្នារត់ចែកផ្លូវ​រៀង​ខ្លួន នៅសល់តែប្តី​នាង​ ត្រូវជនដៃ​ដល់​នាំគ្នាព្រួតវាយ​រហូត​បែក​ក្បាល​ទាល់តែ​នាង​ ជាប្រពន្ធសំពះអង្វរ​ទើបឈប់វាយ​ ។ មិនតែ​ប៉ុណ្ណោះពួក​គេ​​ប្រុងចាប់​យក​ទៅ​​ជា​មួយទៀត តែមានម្នាក់ក្នុង​ចំណោម​នោះបាន​ឃាត់​មិនឲ្យចាប់នាង​ទេ​ ។ ក្រោយពេលកើតហេតុជនដៃដល់​បាន​នាំ​គ្នា​ចេញទៅបាត់អស់នៅ​សល់តែ​អ្នករងរបួស​ ត្រូវ​ដឹក​​​តាម​រ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យ​ព្រះកុសុមៈ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]