រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣ ឧសភា ២០១៤ តារាកំប្លែងរាងខ្ពស់ នាងលន់ ដាណេ បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មី ដែលនាងទិញក្នុងតម្លៃជិត ១០ម៉ឺនដុល្លារ ថែមទាំងទិញគ្រឿងប្រើប្រាស់ រៀបចំលម្អក្នុងផ្ទះអស់ជិត ៤ម៉ឺនដុល្លារទៀត ។ បន្ទាប់ពីឡើងផ្ទះរួច លន់ ដាណេ បោះទុនទិញដីចម្ការកៅស៊ូនៅ កំពង់ចាមតម្លៃជិត ១០ម៉ឺនដុល្លារ ដោយនាងរំពឹងថា ៥ឆ្នាំទៀតនឹងទទួលបានផល ។

តារាកំប្លែងលន់ ដាណេ ឆ្នាំថ្មីនេះហាក់ដូចជា កាក់កបនឹង ជីវិតសិល្បៈផង និងក្រៅសិល្បៈផង ។ នាងទើបតែចុះកិច្ចសន្យា ថតរឿងបុរាណមួយមាន ចំណងជើងថា «អាឡេវ» ឱ្យស្ថានីយទូរទស្សន៍បាយ័ន ជាតួម្តាយអាឡេវ ។ លើសពីនេះនាងបន្ថែមអាជីពសម្តែង កំប្លែងជាប្រចាំ រាល់ចុងសប្តាហ៍ ឱ្យស្ថានីយទូរទស្សន៍ហង្សមាស និងឆ្លៀតពេលច្រៀងឱ្យកម្មវិធី ទូរទស្សន៍មួយចំនួន និងកម្មវិធីប្រគំតន្ត្រី ផ្សេងៗទៀត ។

រឿងដែលគេចាប់ អារម្មខ្លាំងគឺប៉ុន្មាន ខែចុងក្រោយនេះ លន់ ដាណេ មិនដឹងរកសីុត្រូវប៉ាន់ ផ្នែកអ្វីខ្លះទេ បង្ហាញខ្សែជីវិតយ៉ាងហឺុហា ។ នាងបានទិញផ្ទះមួយ តម្លៃរាប់ម៉ឺនដុល្លារ ព្រមទាំងទិញដី ចម្ការកៅស៊ូ នៅខេត្តកំពង់ចាម ជាង៧ហិចតាក្នុង តម្លៃជិត១០ម៉ឺនដុល្លារ ។ ដីចម្ការកៅស៊ូនេះនាងរំពឹង បានផលនៅ៥ឆ្នាំក្រោយ ។ លើសពីនេះនាងបើក ហាងផឹកសីុមួយ បើទោះជារបរនេះធ្លាប់ដួល ម្តងមកហើយក្តី ។ ពីមុននាងបើក ភោជនីយដ្ឋាន នៅម្តុំបឹងត្របែកចំណាយ ទុនជិត៤ម៉ឺនដុល្លារ តែបានប៉ុន្មានខែក៏ខាត ហើយបិទទៅ  វិញ ។ ពេលនេះ ដាណេ បើកហាងថ្មី នៅម្តុំផ្សារដើមគ ហើយសង្ឃឹមថា នឹងមានភ្ញៀវច្រើន ។ ហាងរបស់នាងឈ្មោះថា «ភោជនីយដ្ឋានដាណេឡេ ឌី» ។

ដាណេ និយាយថា នាងមានបានមកទល់ពេលនេះ ដោយសារតែ ពេលទៅសម្តែង ម្តងៗមានគេអាណិត មានគេស្រលាញ់រាប់អានឱ្យ ប្រាក់លើកទឹកចិត្តច្រើនលើស ពីតម្លៃទៅសម្តែង។ ពេលនាងសម្តែងក្នុង ពិធីមង្គលការ ឬច្រៀងក្នុងកម្មវិធីជប់ លៀងរបស់អ្នកធំ ឬឧកញា៉បានប្រាក់កម្រៃ ១០០ឬ២០០ដុល្លារ តែមកពីគេស្រលាញ់អាណិត នាងចេះតែឱ្យលើកទឹកចិត្ត លើសពីនោះបន្ថែមទៀត ។ ប្រាក់បានមកនាង សន្សំទុកដាក់តាំងពីយូរមកហើយ ។

ចំពោះរឿងស្នេហា លន់ ដាណេ លាក់បាំងរឿងមានបុរស តាមហួងហែង និងជួយសព្វបែបយ៉ាង ដែលជាផ្នែកមួយធ្វើឱ្យ នាងកាន់តែមានបាន ។ ដាណេ និយាយទាំងសើច ញឹមៗថា «បើលុយច្រើន ម្លុឹងៗអ្នកណាគេថា បានមកពីអាជីពសិល្បៈ ព្រោះសិល្បៈមិនសូវជា រកបានខ្លាំងពេកទេ បើគេល្បីដល់កំពូលអាចជឿខ្លះ ។ សម្រាប់នាងខ្ញុំចង់អ្នកណាដឹងក៏ដឹង មិនដឹងក៏មិនដឹងទៅ។ នាងខ្ញុំមិនហ៊ានថាបែបណាទេ គ្រាន់តែបញ្ជាក់ជូនថា នាងខ្ញុំមានបានពេលនេះ នឹងរក្សាឱ្យបានគង់វង្ស មិនចាយវាយផ្តេសផ្តាសទេ ព្រោះនាងខ្ញុំកូនអ្នកក្រធ្លាប់គេមើលងាយ ទើបនាងខ្ញុំតស៊ូប្រឹងឱ្យកាន់តែប្រសើរឡើង ។ ជុំវិញរឿងនាងខ្ញុំទិញ ដីចម្ការអីនៅកំពង់ចាម និងបើកភោជនីយដ្ឋាននៅ ម្តុំផ្សារដើមគ នាងខ្ញុំពិតជាមានមែន ។ ចម្ការកៅស៊ូរបស់នាងខ្ញុំទិញ ៧ហិចតាតម្លៃជាង៧ម៉ឺនដុល្លារ ហើយចំណាយជាង ១ម៉ឺនដុល្លារសម្រាប់ ឈូសឆាយព្រៃដើម្បីទុក ឱ្យវាលដាំកៅស៊ូ ព្រោះនាងខ្ញុំរំពឹងថា ៥ឆ្នាំទៀតចម្ការកៅស៊ូនោះនឹងបានផល ។ នាងខ្ញុំទុកដាក់កិច្ចការនេះ ជូនប៉ារបស់នាងខ្ញុំមើលថែទាំ ។ ក្រៅពីនោះនាងខ្ញុំបាន សាងសង់ផ្ទះ បែបបុរាណខ្មែរមួយ គ្រាន់ទៅកម្សាន្ត ឬមានមិត្តភក្តិទៅលេង ។ ម្យ៉ាងទៀតបើមានគេចង់ទៅថត កុននៅទីនោះនាងខ្ញុំស្វាគមន៍ ជានិច្ចមិនគិតប្រាក់កម្រៃឡើយ ។

ចំណែកហាងនៅភ្នំពេញកំពុង កែលម្អហើយ នាងខ្ញុំមិនបោះបង់ទេ បើទោះជាខាតកន្លងមក ក៏ដោយ ព្រោះនាងខ្ញុំចូលចិត្តរកសីុ ។ បើថ្ងៃក្រោយមានស្វាមីនោះនាងខ្ញុំ ជ្រើសរើសយកអ្នកជំនួញ ព្រោះនាងខ្ញុំស្រលាញ់ប្តីចេះរកសីុ» ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]