ភ្នំពេញៈ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ដែលចំណងស្នេហា របស់អតីតតារាស្រី កញ្ញា ពេជ្រ សេរីរ័ត្ន ស្ថិតនៅក្នុងភាពអាថ៌កំបាំង ស្របពេលព័ត៌មានរឿង ស្នេហារបស់នាង ត្រូវបានមហាជនលើកបន្តុប ដាក់ពីមួយទៅមួយមិនដាច់ ។ ម្តងលេចឮថា នាងមានទំនាក់ទំនង ជាមួយអ្នកមានទ្រព្យ មានងារជាឧកញ៉ា និងខ្លះលើកឡើងថា មូលហេតុដែលនាង មិនបើកចំហរប្រុសស្នេហ៍ថ្មី ដោយសារតែនាងលួចលាក់ ទាក់ទងជាមួយស្វាមីរបស់គេ កំពុងតែបម្រើការងារ នៅស្ថានទូតចិន ជាដើម ។

នៅទីបំផុត អ្វីដែល ពេជ្រ សេរីរ័ត្ន ធ្លាប់ចាត់ទុកជាអាថ៌កំបាំង លាក់លៀម រហូតមកនោះ ត្រូវបានទម្លាយ ជាសាធារណៈ នៅពេលនាង និងក្រុមគ្រួសារបាននាំគ្នាទៅដើរកម្សាន្ត នៅក្រុងព្រះសីហនុ ។ ពេជ្រ សេរីរ័ត្ន បានរំលេចរូបថតជាច្រើនសន្លឹក បង្ហាញពី ភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា នៅលើទឹកដីឆ្នេរសមុទ្រ យ៉ាងរំភើយ ដោយមិនខ្វល់ ពីក្រសែភ្នែក អ្នកណាឡើយ ។

តាមរយៈរូបថតជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook គឺនាងបានបង្ហាញវត្តមាន បុរសរូបសង្ហា មាឌធំវ័យស្របាល នាងម្នាក់នៅឆ្នេរសមុទ្រ ដោយពួកគេទាំងពីរនាក់ បានបង្ហាញស្នាមញញឹម យ៉ាងមានសុភមង្គល។ នៅពេល អតីតតារាស្រីរូបនេះ បង្ហោះរូបស្និទ្ធស្នាល នាងបានសរសេរពាក្យថា “Honey I love u!!!” ដែលនេះជាចេតនា ចង់បង្ហាញជាសាធារណៈ ថាបុរសម្នាក់នេះ ជាម្ចាស់បេះដូង និងជាប្រុសម្នាក់ ដែលនាងស្រឡាញ់ គ្មានបុរសណាផ្សេង ដូចការលើកឡើង កន្លងមកនោះទេ ។

ក្រោយពីអតីត ពិធីការិនីសម្តីផ្អែម ពេជ្រ សេរីរ័ត្ន បង្ហាញវត្តមានគូស្នេហ៍ ដោយចំហរនេះ ត្រូវបានប្រភពអ្នកតាមដានសិល្បៈមួយចំនួន បានបញ្ចេញមតិស្រដៀងគ្នាថា នាងសម្រេចចិត្ត បង្ហាញជាសាធារណៈបែបនេះ ព្រោះអាចមានអារម្មណ៍ហត់នឿយ ក្នុងការចេញ មុខបកស្រាយ នឹងព័ត៌មានស្នេហ៍ប្រាប់មហាជនឲ្យបានដឹង។ បុរសម្នាក់នេះ ក៏បានគេសង្ស័យថា ជាមនុស្សតែម្នាក់ ដែលជួយទំនុកបម្រុងនាង ឲ្យរស់លើទ្រនំ សុខស្រួល មានលុយចាយមិនខ្វះ ដូចសព្វថ្ងៃនេះ ក្រោយពីបញ្ចប់ការងារសិល្បៈ ស្ទើរតែទាំងស្រុង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]