នៅពេលដែលអ្នក ទៅសម្ភាសន៍ការងារលើកដំបូង ពិតជាមានអារម្មណ៍អន្ទះសារ មិនដឹងថាត្រូវត្រៀមអ្វីខ្លះនោះទេ ហើយបើសិនជាលើកទី១ អ្នកធ្វើមិនបានល្អនោះទេ អ្នកនឹងគ្មានឱកាសទៅកាន់ ដំណាក់កាលបន្ទាប់ទៀតនោះដែរ។ ថ្ងៃនេះខ្មែរឡូត បាននាំមកនូវគន្លឹះសំខាន់ៗ ក្នុងការត្រៀមខ្លួន មុនពេលទៅសម្ភាសន៍ការងារ មកជូនលោកអ្នកបានដឹង។ ចង់ដឹងថា មានគន្លឹះសំខាន់ៗអ្វីខ្លះនោះ អានអត្ថបទខាងក្រោម ទាំងអស់គ្នា៖

១. បង្ហាញសមត្ថភាព ដែលត្រូវនឹងការងារ

ប្រមូលផ្តុំជំនាញសំខាន់ៗ ដែលអ្នកមានពីមុន ដោយរួមបញ្ចូលទាំង ជំនាញដែលចាំបាច់សម្រាប់ការងារនេះ ដូចនេះអ្នកនឹងមានទំនុកចិត្ត ក្នុងការធ្វើបទសម្ភាសន៍។ អ្នកគ្រប់គ្រង ប្រាកដជាចង់រើសយកអ្នក ដែលមានសមត្ថភាពខ្ពស់ ដើម្បីឲ្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ ដូចនេះអ្នកត្រូវតែរៀបរាប់ដោយលម្អិត ថាហេតុអ្វីទើបគេគួរតែ ជ្រើសរើសយកអ្នក។

២. ស្គាល់ឈ្មោះ ប្រធានក្រុមហ៊ុន

អ្វីដែលសំខាន់បំផុត ដែលអ្នកគួរតែដឹង មុនពេលអ្នកទៅសម្ភាសន៍ការងារនោះគឺ អ្នកត្រូវស្គាល់ឈ្មោះ ប្រធានក្រុមហ៊ុន ដែលអ្នក ទៅសម្ភាសន៍នោះ។ នៅពេលដែលអ្នក ទទួលបានទូរស័ព្ទ ឬក៏សារ សម្រាប់សម្ភាសន៍ការងារ អ្នកកុំភ្លេចសួរឈ្មោះ ប្រធានក្រុមហ៊ុន ហើយស្វែងរកព័ត៌មាន ដែលទាក់ទងនឹងគាត់ តាមលទ្ធភាព ដែលអាចធ្វើបាន។

៣. ស្គាល់ពីប្រភេទ និងតួនាទីរបស់ ក្រុមហ៊ុន

ការដឹងពី ព័ត៌មានពីក្រុមហ៊ុន កាន់តែច្រើន គឺជាគន្លឹះនៃភាពជោគជ័យ ក្នុងការសម្ភាសន៍ការងារ។ ព្យាយាមស្វែងរកព័ត៌មាន បន្ថែមពីក្រុមហ៊ុន និងស្ថានភាព ជាក់ស្តែងរបស់ក្រុមហ៊ុន។

៤. សិក្សាពីគំរោងការងារ

គំរោងមួយអាច សម្រេចទៅដោយជោគជ័យ គឺអាស្រ័យលើការជ្រើសរើស បាននូវបុគ្គលិកដែលមាន សក្តានុពល ដូចនេះ អ្នកគួរតែស្វែងរក គន្លឹះសំខាន់ៗ ដើម្បីបង្ហាញសមត្ថភាពរបស់អ្នក ថាអ្នកអាចបំពេញការងារនោះបាន។

៥. រៀបចំខ្លួន និងស្លៀកពាក់ ឲ្យបានត្រឹមត្រូវ ទៅតាមស្តង់ដារក្រុមហ៊ុន

អ្នកត្រូវប្រាកដថា ក្រុមហ៊ុនដែលអ្នកទៅសម្ភាសន៍ ជាក្រុមហ៊ុនប្រភេទណា ជាធនាគារ ក្រុមហ៊ុនផ្សេងៗ ភោជនីយដ្ឋាន ឬក៏កន្លែងកំសាន្ត ដូចនេះអ្នកត្រូវ តែរៀបចំខ្លួនឲ្យសាកសមទៅ នឹងកន្លែងទាំងនោះ។

៦. មិនតម្រូវឲ្យមានសាក់ ឬបិតបាំងស្នាមសាក់

ដូចលោកអ្នកធ្លាប់បានដឹងស្រាប់ហើយថា រូបសាក់នៅលើដងខ្លួន គឺជាឧបសគ្គមួយ ក្នុងការទទួលបានការងារធ្វើ ដូចនេះបើសិនជាអ្នក ធ្លាប់បានសាក់នៅខ្លួនរូចទៅហើយ នៅពេលដែលទៅសម្ភាសន៍ការងារ ឬក៏ពេលទៅធ្វើការ អ្នកគួរតែបិតបាំងរូបសាក់ទាំងនោះ ឲ្យបានជិតល្អ ជៀសវាងអារម្មណ៍មិនល្អ ពីមិត្តរួមការងារ។

៧. ដឹងពីផែនការ ៥ឆ្នាំរបស់អ្នក

ជាទូទៅ សំនួរមួយក្នុងចំណោម សំនួរជាច្រើន ដែលគេនិយមសួរបំផុត នៅពេលដែលទៅសម្ភាសន៍ការងារនោះគឺ “តើអ្នកមានគំរោង ឬផែនការយ៉ាងណា សម្រាប់ការងារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ?”។ ដូច្នេះ អ្នកត្រូវតែត្រៀមខ្លួន រួចជាស្រេចក្នុងការឆ្លើយសំនួរនេះ ដោយរៀបគំរោង ថាខ្លួនឯងនឹងធ្វើអ្វីខ្លះ នឹងសម្រេចឲ្យបានអ្វីខ្លះ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។

ប្រសិនបើអ្នកចង់ធ្វើ ឲ្យការសម្ភាសន៍របស់អ្នក ទទួលបានជោគជ័យ អ្នកគួរឲ្យអនុវត្តឲ្យនូវ គន្លឹះសំខាន់ៗខាងលើនេះ៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]