ភ្នំពេញ៖ តារាសម្ដែងល្បីៗ របស់ប្រទេសហ្វីលីពីន ចំនួន៣ដួង បានមកកាន់ប្រទេសកម្ពុជា ជួបជាមួយអ្នកគាំទ្រ កាលពីយប់មិញនេះ នៅផ្សារទំនើបសូរិយា តាមរយៈការអញ្ជើញ ពីស្ថានីទូរទស្សន៍ CTN និង MyTV ដើម្បីបង្ហាញ ពីភាពជិតស្និទ្ធ រវាងអ្នកគាំទ្រនៅកម្ពុជា និងតារាបរទេសទាំងអស់នេះ ស្របពេលដែលខ្សែភាពយន្ត របស់ពួក គេសម្ដែង កំពុងចាក់បញ្ចាំង នៅ CTN និង My TV ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ។

តារាសម្ដែងល្បីឈ្មោះ របស់ប្រទេសហ្វីលីពីន ចំនួន ៣ រូបនោះ គឺមាន នាង Carla Abellana លោក Mikael Daez និង នាង Andrea Torres បានមកជួបអ្នកគាំទ្ររបស់ខ្លួន ប្រកបដោយក្ដីរំភើបរីករាយបំផុត។

មុននឹងតារាសម្ដែង ហ្វីលីពីន ទាំង៣រូបនេះ បានមកជួបអ្នកគាំទ្រ នៅក្នុងផ្សារទំនើប សូរិយា ត្រូវបានគេដឹងថា ពួកគេបានចូលរូម ច្រៀងក្នុងកម្មវិធី ប្រគំតន្ត្រីមនុស្សធម៌ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង បានទៅសួរសុខទុក្ខដល់ក្មេងៗ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ថែមទៀតផង។

ក្នុងឱកាស ជួបជុំអ្នកគាំទ្រ (Fan ) ដោយមានយុវវ័យ ពពាក់ពពូនគ្នា ចូលរួមយ៉ាងច្រើនកុះករនោះ ពួកគេបាន និយាយ ទៅកាន់អ្នកគាំទ្រថា រូបគេពិតជាសប្បាយរីករាយណាស់ បានជួបបងប្អូននៅកម្ពុជា និងសូមជូនពរឲ្យ អ្នកទាំងអស់គ្នា សុខសប្បាយ ជួបតែសំណាងល្អ ។ ពួកអ្នកគាំទ្របាន ជួបសំណេះសំណាល សម្ដែងភាព ស្និទ្ធស្នាល និងថតរូបលេង ទុកជាអនុស្សាវរីយ៍ ជាមួយតារាសម្ដែងហ្វីលីពីន ទាំង៣រូបខាងលើ ដែលរៀបចំដោយ ទូរទស្សន៍ CTN និង My TV ក្នុងគោលបំណង ផ្សព្វផ្សាយរឿងភាគ ដែលតារាទាំង៣នាក់នេះ បានសម្ដែង នឹងកំពុងចាក់បញ្ចាំង នៅលើកកញ្ចក់ទូរទស្សន៍ CTN និង My TV ។

សូមបញ្ជាក់ថា រឿងភាគដែល លោក Mikael Daez នាង Carla Abellana និង នាង Andrea Torres បានសម្ដែង ហើយត្រូវបានចាក់បញ្ចាំង នៅទូរទស្សន៍ CTN និង My TV មានចំណងជើងថា "ស្នេហ៍ប្ដីខ្ញុំ" និង រឿង "បាត់ ស្នេហ៍នឹងមុខ"។ គេនៅចាំបានថា លោក Mikael Daez និង នាង Carla Abellana ធ្លាប់មកប្រទេស កម្ពុជាម្ដងហើយ កាលពីខួបគម្រប់១០ ឆ្នាំ របស់ស្ថានីយទូរទស្សន៍ CTN ។ ចំណែកឯ នាង Carla Abellana ទើបតែមកលើកទី១ ប៉ុណ្ណោះ។ បន្ទាប់ពីជួបអ្នកគាំទ្រ នៅភ្នំពេញ ពួកគេទាំង៣នាក់ នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់តំបន់ប្រាសាទ អង្គរវត្ត ជារមនីយដ្ឋាន ប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីទស្សនាកម្សាន្តសប្បាយភ្នែកផងដែរ ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]