ភ្នំពេញ៖ មានខ្សែភាពយន្ត ៣រឿងមកហើយ របស់ផលិតកម្មសាន់ដេ ដែលតារាចម្រៀង លំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត សម្ដែងជាតួឯក ជាមួយនឹងតារាចម្រៀងស្រី លេចធ្លោជាងគេ គឺកញ្ញា សុខ ពិសី ខណៈភាពយន្តល្បីៗទាំងនោះ សុទ្ធតែបានផ្ដិតយករូបភាព នៅក្រៅប្រទេស និងជាប្រភេទ ខ្សែភាពយន្ត បែបខ្មោច ព្រាយ បិសាច។

នៅរសៀល ថ្ងៃទី១៦ខែឧសភា ឆ្នាំ ២០១៤ នេះ ផលិតកម្ម សាន់ដេ បានរៀបចំពិធីក្រុងពាលីថតរឿងថ្មី មួយទៀតជាស្នាដៃទី៥ មានចំណងជើងថា "សង្សាខ្មោច" ប៉ុន្តែនៅក្នុងរឿងនេះ គឺមិនបានឃើញតួឯក ជា លោក ខេមរៈ សិរីមន្ត នោះទេ ពោលគេបែរជាឃើញ តារាចម្រៀង នីកូ ចាប់ដៃជាមួយ កញ្ញា សុខ ពិសី ដើរជាតួឯកទៅវិញ ហើយ សិរីមន្ត ក៏មិនបានបង្ហាញវត្តមាន នៅក្នុងក្រុងពាលីនោះដែរ។

លោក ឡាយ សុខហុក ចាងហ្វាងផលិតកម្ម សាន់ដេ បានថ្លែងប្រាប់ឲ្យដឹងថា ជុំវិញការដាក់តួសម្ដែង នរណាជាតួឯក នរណាជាតួរង គឺមិនសំខាន់ នោះទេ ពោលតារាចម្រៀង ក្នុងផលិតកម្មសាន់ដេ ទាំងអស់ ហាក់បីដូចជាក្លាយទៅជាតួឯកទាំងអស់។ តាមគម្រោង ក្នុងឆ្នាំ ២០១៤ នេះ ផលិតកម្ម សាន់ដេ នឹងថតរឿងរហូតដល់ទៅ៣ ឯណោះ រឿងទី១នេះ នីកូ ដើរតួឯក រឿងទី២ អាចជា ឆាយ វិរៈយុទ្ធ និងរឿងទី៣ សិរីមន្ត ដើរតួឯក ក៏ថាបាន។

លោកចាងហ្វាងផលិតកម្មរូបនេះ បានបន្តទៀតថា "យើងមិនអាចនិយាយថា នរណាតួឯក ឬតួរងទេ ឲ្យតែតារាចម្រៀងនោះ អាចសម្ដែង ស៊ីជម្រៅនឹងសាច់រឿង នឹងក្លាយជាតួឯកទាំងអស់ មិនមែនចំពោះតែ នីកូ ឬសិរីមន្ត មួយទេ ហើយតារាចម្រៀងស្រីក៏ដូច្នោះដែរ។ ឆ្នាំនេះ សាន់ដេ ថត ៣រឿង អាចថា កន្លះខែទៀត ក្រុងពាលីរឿងថ្មី មួយទៀត ជាបន្តបន្ទាប់ គ្រាន់តែថា មិនទាន់បង្ហើបពីសាច់រឿង ប៉ុន្តែឆ្អឹងរឿង យើងមានអស់ហើយ រង់ចាំតែថ្ងៃថតប៉ុណ្ណោះ"។

ពាក់ព័ន្ធនឹងមួលហេតុ ដែលនាំឲ្យផលិតកម្ម សាន់ដេ សម្រុកថតភាពយន្ត ៣រឿង ក្នុងឆ្នាំតែមួយ ខុសពីឆ្នាំមុនៗ ត្រូវបានលោក ឡាយ សុខហុក បញ្ជាក់ថា គឺផលិតឡើង ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈវិស័យខ្សែភាពយន្តនៅកម្ពុជា កំពុងតែមានសន្ទុះ រីកចម្រើន និងការគាំទ្រច្រើន ពីទស្សនិកជន។ ម្យ៉ាងទៀត រាល់ពេលផលិតខ្សែភាពយន្តមួយរឿងៗ សាន់ដេ អាចទប់ស្កាត់បានយ៉ាងល្អ នូវការលួចចម្លង ពីជនខិលខូច ប៉ុន្តែ បើបទចម្រៀងវិញ យើងមិនអាចទប់ស្កាត់បានទេ។ លើសពីនេះផលិតកម្ម សាន់ដេ បានសម្លឹងឃើញផ្លូវ ដ៏វែងឆ្ងាយក្នុង ការផលិតខ្សែភាពយន្ត នៅពេលប្រទេសកម្ពុជា ធ្វើសមាហរណកម្មអាស៊ានឆ្នាំ ២០១៥ ខាងមុខ ជាពិសេសធ្វើយ៉ាងណា ឲ្យមានខ្សែភាពយន្ តខ្មែរច្រើនដើម្បីប្រកួតប្រជែង ជាមួយប្រទេសជិតខាង។

ខ្សែភាពយន្តរឿង "សង្សាខ្មោច" នឹងអាចចេញថត នៅក្រៅប្រទេសដូចជា ខ្សែភាពយន្តមុនៗ ប៉ុន្តែការចំណាយមិនត្រូវ ខាងផលិតកម្ម បង្ហើបឲ្យដឹង នោះឡើយ ខណៈតារាចម្រៀងទាំងចាស់ ទាំងថ្មី ក្នុងផលិតកម្មនេះ ចូលរួមសម្ដែងទាំងអស់ ។

គួរបញ្ជាក់ថា ផលិតកម្ម សាន់ដេ បានទទួលជោគជ័យក្នុងការចាក់បញ្ចាំង ខ្សែភាពយន្តជាច្រើនរឿងរួចមកហើយ ដូចជារឿង អង្គុលីមា រឿង ព្រាយដែកគោល រឿង វិញ្ញាណបិសាចជញ្ជក់ឈាម រឿងព្រាយក្បាលប្រាំបី ជាដើម ហើយក្នុងស្នាដៃទី៥ គឺរឿង "សង្សាខ្មោច" នេះ ក៏ជាក្ដីរំពឹងថ្មី មួយទៀត របស់ផលិតកម្ម សាន់ដេ ក៏ដូចជាមហាជន ដែលតែងតែគាំទ្រផលិតកម្មដ៏ធំមួយនេះ ខណៈតារាសម្ដែងក្នុងរឿង និងទិដ្ឋភាពទូទៅ សុទ្ធសឹងតែបានសម្រិតសម្រាំងឡើងយ៉ាងពិសេស សម្រាប់ទស្សនិកជនដែលចូលចិត្ត រឿងបែបខ្មោច ព្រាយ បិសាច ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ