រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយ ក្រុម​ត្រូវប៉ូលិសប៉ុស្តិ៍ផ្សារដើមគ ព័ទ្ធចាប់​ហើយ​បាន​រត់ចូលតាមច្រកឌឿងហែមឡើងកាំជណ្តើរ​ទៅ​សំងំលើ​ដំបូល​ផ្ទះជាន់ទីមួយ ស្ថិតក្នុង​សង្កាត់​ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាល​ពីវេលា​ម៉ោង៩យប់ថ្ងៃទី២ មិថុនា ។ រហូតដល់​ម៉ោង២​រំលងអធ្រាត្រថ្ងៃទី៣ មិថុនា ទើបប្រជា​ពលរដ្ឋ​ចាប់បានចោរម្នាក់ប្រគល់ឲ្យប៉ូលិស​យកទៅ​ដាក់​នៅសង្កាត់ទួលស្វាយព្រៃទី២ ដើម្បី​សាកសួរ ។

ជាការកត់សម្គាល់នៅពេលរាត្រីរហូត​ដល់​វេលារំលងអធ្រាត្រទិដ្ឋភាពតាមមហាវិថីព្រះមុនីរ៉េតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ជាប់​ព្រំប្រទល់​សង្កាត់​ទួលស្វាយព្រៃទី២ ខណ្ឌ​ចំការ​មន មានសភាពរញ៉េរញ៉ៃ​ និងអនាធិប​តេយ្យ​បាត់បង់សន្តិសុខសុវត្ថិភាព​ដោយសារតែមាន​ស្ត្រី​ប្រកបរបរ​ផ្លូវភេទ​ឈរចាំបោយដៃហៅ​ម៉ូយ ព្រម​ជាមួយ​នោះក៏មានក្រុមចោរមួយក្រុម​មាន​គ្នា៣នាក់ នៅបន្លំខ្លួនលាយឡំជាមួយ​ហ្វូង​​​នារី​ទាំងនោះ​ចាំធ្វើសកម្ម​ភាព​គប់​នឹងដុំថ្ម​ វាយ​យក​កាបូបប្រាក់ទូរស័ព្ទដៃ និងប្លន់យកម៉ូតូ​ជាដើម ។

ជាក់ស្តែងកាលពីចុង​ខែឧសភា ក្រុមចោរ​​បាន​ប្លន់យកម៉ូតូស្គូពីមួយគ្រឿងដែលជិះទៅ​ឈប់​តថ្លៃជាមួយនារីៗទាំងនោះ ហើយត្រូវពួក​ចោរ​បានគប់នឹង​ដុំថ្មបណ្តាលឲ្យដួលម៉ូតូហើយ​ចោរ​លើកយកម៉ូតូជិះទៅបាត់ ។ ដោយសារតែ​មាន​ករណី​ប្លន់យកកាបូបលុយ និងទូរស័ព្ទដៃ​តែង​​កើត​ឡើង​ជា​ញឹកញាប់ ប៉ូលិស​ប៉ុស្តិ៍ផ្សារ​ដើមគ​​ចេញ​​ប្រតិបត្តិការ​ដេញចាប់ក្រុមចោរ​​ប្លន់​​​​ទាំងនោះ​​​​​ហើយ​ក្រុម​ចោរ​បាន​រត់​ទៅ​ពួន​នៅ​សង្កាត់ទួលស្វាយព្រៃទី២ ។ លុះពេល​ប៉ូលិស​​ប៉ុស្តិ៍​ទួលស្វាយព្រៃទី២ ដេញទៀតរត់​ទៅពួន​នៅសង្កាត់វាលវង់ ខណ្ឌ៧មករាវិញម្តង ។ ​តំបន់​​​នេះ​​ជា​ព្រំ​​​ប្រទល់​​​៣ខណ្ឌ គឺខណ្ឌ​​​ទួល​គោក​ ​​ខណ្ឌ​ចំការមន​​ និង​ខណ្ឌ​៧​មករា ។​

បន្ទាប់ពីមានករណីប្លន់យកម៉ូតូអស់ជាច្រើន​គ្រឿងកន្លងមក  ទើប​ប៉ូលិសប៉ុស្តិ៍ផ្សារដើមគ​បាន​ដាក់កម្លាំងតាម​ឃ្លាំមើលក្រុមចោរដែលនៅ​លាយ​ឡំជា​មួយនារី​បោយដៃទាំងនោះ ដោយ​កំណត់​មុខសញ្ញាដឹង​ថា ក្រុមចោរមានគ្នា៣នាក់ ។ នៅ​វេលា​ម៉ោង​៩យប់​ដោយ​ឃើញមុខសញ្ញា​ច្បាស់​លាស់ហើយ លោក​ហែម វណ្ណរិទិ្ធ នាយ​ប៉ុស្តិ៍​ផ្សារដើមគបានដឹកនាំកម្លាំងចុះទៅបង្ក្រាប ធ្វើឲ្យពួកចោររត់គេចទៅចូលតាមឌឿងហែម​ហើយឡើង​តាមទៅពួន​លើ​ដំបូល​​ផ្ទះ​ប្រជាពល​រដ្ឋក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ទើបប៉ូលិសប៉ុស្តិ៍ផ្សារដើមគ​បាន​សហការ​ជា​មួយប៉ូលិសប៉ុស្តិ៍ទួលស្វាយព្រៃទី២  ដោយ​មាន​ការ​ចូលរួមពីលោកយ៉ុន ចាន់ ចៅ​សង្កាត់ទួល​ស្វាយ​ព្រៃទី២ និងលោកនាយប៉ុស្តិ៍​ទួលស្វាយ​ព្រៃទី២ ដឹកនាំកម្លាំងរុករកនិង​គោះ​ទ្វារ​ផ្ទះប្រជា​ពលរដ្ឋដើម្បីឡើងទៅលើដំបូល​សុំឆែកឆេរ​រយៈពេលមួយម៉ោងតែរកមិនឃើញ​ប៉ូលិស​បាននាំគ្នាត្រឡប់ទៅអស់ ។

រហូតដល់ម៉ោង២រំលងអធ្រាត្រថ្ងៃទី៣ មិថុនា ទើបក្រុមចោរលបចុះពីលើដំបូលផ្ទះ​រត់​តាមបណ្តោយមហាវិថីព្រះសីហនុទៅដល់​របង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិកម្តុំលក់ផ្លែឈើ ទើប​ប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន ហើយ​ទូរស័ព្ទ​ហៅប៉ូលិសប៉ុស្តិ៍ទួលស្វាយព្រៃទី២ នាំយកទៅ​សាកសួរនៅប៉ុស្តិ៍ ។ ស្រប​ពេល​​ប្រជាពលរដ្ឋ​ចាប់​បាននោះ ស្រាប់តែមានបុរស​ម្នាក់ដែលអះអាង​ថាជាម្ចាស់ផ្ទះដែលចោររត់ទៅ​ពួនលើដំបូល​នោះ​បានហូតខែ្សក្រវាត់វាយចោរ​បែក​ក្បាល​ផងដែរ ទោះបីជាប៉ូលិសឃាត់ក៏​មិនស្តាប់ដែរ ។

តាមការសាកសួររបស់ប៉ូលិសប៉ុស្តិ៍ទួល​ស្វាយព្រៃទី២ បានឲ្យដឹង​ថា​ ចោររូបនោះមាន​ឈ្មោះឈាង យ៉ាន ហៅអាឈិត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់​នៅ​ផ្ទះ លេខ៤៧E3 ផ្លូវលេខ ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន របួស បែកក្បាលដោយសារម្ចាស់ផ្ទះវាយនឹងខែ្ស ក្រវាត់ និង២នាក់ទៀត​រត់គេច​ខ្លួនបាត់ ក្នុង​នោះ​ម្នាក់ឈ្មោះខ្លា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ។

ភាពអនាធិបតេយ្យរបស់ស្ត្រីបោយដៃនៅ​តាមមហាវិថីព្រះមុនីរ៉េតនោះ ប៉ូលិសបានឲ្យ​ដឹង​ថា កន្លងមកធ្លាប់​  ប្រមូ​លនារីៗទាំងនោះយក​ទៅដាក់នៅ​សង្គម​កិច្ចបានតែ៣ថ្ងៃក្រោយ​ឃើញ​ត្រឡប់មកវិញដដែលធ្វើឱ្យសមត្ថកិច្ចឈឺក្បាល ។លើសពីនេះ​ទៀត​មិនត្រឹមតែមានស្រីបោយដៃ​ប៉ុណ្ណោះទេ ថែម​ទាំង​មានក្រុមចោរនៅលាយឡំ​ជាមួយចាំប្លន់​អ្នកដែលមករកសេវាពីនារីទាំង​នោះទៀត ។ ទោះជាយ៉ាងណា ដើម្បីទប់ស្កាត់​ភាពអនាធិប​តេយ្យ​ទាំង​អស់​នោះទាល់តែ​ប៉ូលិស​ដែលនៅ​ជាប់ព្រំប្រទល់ទាំងបីខាងលើសហការ​គ្នាលុប​បំបាត់ទើបអស់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]