ខេត្ត​កំពង់​ស្ពឺ ៖ ទី​បំផុត​ល្បែង​ស្នេហ៍​ត្រី​កោណ​បាន​ឈាន​ដល់​ផ្លូវ​បំ​បែក​មួយ​ក្នុង​គ្រួសារ​លោក​អធិការ​ប៉ូលិស​ក្រុង​ច្បារ​មន ដែល​ភរិយា​របស់​លោក​បាន​ចេញ​មុខ​ចោទ​ប្រកាន់​ថា លោក​បាន​លួច​លាក់​ស្នេហា​ជា​មួយ​ស្រ្តី​ម្នាក់​ ហើយ​ស្ត្រី​រូប​នោះ​ក៏​មាន​ប្តី​រួច​ទៅ​ហើយ​ដែរ ។ តាមការ​​ទំ​លាយ​រឿង​រ៉ាវ​ពី​សំណាក់​ភរិយា​លោក​អធិការ​ត្រូវ​បាន​អះ​អាងថា ដោយ​សារ​តែ​ឆ្អែត​ចិត្ត​ចំពោះ​ទង្វើ​របស់​​លោក​ប្តី​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​​ បែ​រជា​ប្រព្រឹត្ត​ផ្ទុយ​​ពី​ច្បាប់​ទៅ​វិញ ។

កោះ​សន្តិភាព​មិន​មាន​បំ​ណង​ណា​មួយ​ធ្វើ​ឱ្យ​អា​ម៉ាស់​​ដល់​ភាគី​ណា​មួយ​ទេ តែ​រឿង​វ៉ាវ​ទាំង​អស់​ត្រូវ​បាន​លាត​ត្រដាងអស់​ទៅ​ហើយ​​ដែល​ភរិយា​របស់​លោក​អធិការ​ ព្រោះ​តែ​វិបត្តិ​នេះ​ បាន​រុញច្រាន​អ្នក​ស្រី​ជា​ភរិយា​ដល់​កៀន​ជញ្ជាំង​ទៅ​ហើយ​នោះ ។ ភាព​ប្រេះ​ស្រាំ​ព្រាត់​ប្រាស​ដោយ​​សារ​តែ​ស្នេ​ហា​​ត្រី​ភាគី​ឬ​ស្នេហា​ត្រី​កោណ​ដូច​ជា​ប្តី​ក្បត់​ប្រពន្ធ​ លួច​លាក់​ស្រឡាញ់​ស្រី​ថ្មី​ ឬស្ត្រី​បែរ​ចិត្ត​ទៅ​ផិត​ក្បត់​ពី​ប្តី​លួច​មាន​សហាយ​កំបាំង​ពី​ប្តី​​ គឺ​ជា​ស្នេហា​ពុំ​មាន​សុភមង្គលទេ​​ ហើយ​អ្វី​ៗ​វា​មាន​តែ​អពមង្គល​ប៉ុណ្ណោះ​ ។ យ៉ាង​ណា​មិញ ​រឿង​រ៉ាវ​លោក​អធិការ​ និង​ភរិយា​ ដែល​ត្រូវ​បំ​ផ្លាញ​ដោយ​ស្នេហា​ត្រី​កោណ​នេះ​ បាន​ក្លាយ​ទៅ​​ជា​ភ្នំ​ភ្លើង​ដែល​ផ្ទុះចេញ​ក្តៅ​គគុក ​ពុំ​អាចផ្សះ​ផ្សា​បាន​ ។

អ្នក​ស្រី​ឧសភា ដែល​ជា​ភរិយា​លោក​អ៊ូច គីម​ហៀង ជា​អធិ​ការ​ប៉ូលិស​ក្រុង​ច្បារ​មន​ បាន​រៀប​រាប់​ថា ចាស់​ទុំ​ដែល​ឱ្យ​ពរ​ជ័យ​ជាង​១៥ឆ្នាំ​​មុន​នេះ ពួកគាត់​រួម​សុខ​រួម​ទុក្ខ​​​ជា​មួយ​​គ្នា​រហូត​​មាន​បុត្រ​ចំនួន​៣នាក់ ហើយ​ក្តី​ក្តៅ​ក្រហាយ​ដែល​កើត​ឡើង​នេះ ដោយ​សារ​តែ​មនុស្ស​ទី​៣ បាន​ចូល​មក​ជ្រៀត​ជ្រែក​ ទើប​បំ​បែក​សុភមង្គល​ រហូត​បង្ក​ឱ្យ​ផ្តាច់​ទំនាក់​ទំ​នង​ប្តី​-ប្រពន្ធ​ទៀត​ផង ។ អ្ន​ក​ស្រី​សោម ឧសភា អាយុ​៣៥​ឆ្នាំ បាន​អះ​អាង​ថា អ្នក​ស្រី​ជា​ប្រពន្ធ​ពេ​ញ​ច្បាប់​របស់​ឈ្មោះ​អ៊ូច គីម​ហៀង អាយុ​៤២​ឆ្នាំ ដែល​បច្ចុប្បន្ន​ លោក​ប្តី​មាន​បុណ្យ​ស័ក្តិ​ជា​អធិការ​នគរ​បាល​ក្រុង​ច្បារ​មន​ ខេត្ត​កំពង់​ស្ពឺ​ ។
ស្ត្រី​ជា​ភរិយា​បាន​រៀប​រាប់​ប្រាប់​កោះ​សនិ្ត​ភាព​ថា ពួក​យើង​បាន​រៀប​ការ​ពេញ​ច្បាប់​១៥​ឆ្នាំ​មុន​នេះ រហូត​បាន​កូន​ជា​ចំណង​​ដៃ​ចំនួន​៣​ នាក់​សុទ្ធ​តែ​កូន​ប្រុស​ទាំង​អស់​ ។ ពេល​នេះ​ប្តី​ខ្ញុំ​បាន​ឃ្លាត​ចាក​ពី​សុភមង្គល​គ្រួសារ​ភ្លេច​កូន​ប្រុស​​ទាំង​៣​នាក់ ​ដែល​រស់​ជា​មួយ​គ្នា​ពុំ​មាន​ផល​រមាស់​អ្វី​ក្នុង​គ្រួសារ​សោះ​ ។ ស្ត្រី​ជា​ភរិយា​នេះ​បាន​បន្ត​ដោយ​ទឹក​ភ្នែក​ចំពោះ​មុខ​ជីដូន​ឈ្មោះ​ផាត់ យិន អាយុ​៧៣ឆ្នាំ រស់​នៅ​ភូមិ​ខោប​ សង្កាត់​រកាធំ​ ក្រុង​ច្បារមន ​ថា រឿង​ត្រូវ​បែក​ធ្លាយ​នៅ​ភូមិ​ល្ពៅ​  ឃុំ​ក្សេម​ក្សាន្ត​ ស្រុកឧ​ដុង្គ នា​យប់​ថ្ងៃ​ទី​១៩​ តុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១០ និង​៣០​នាទី​ក្នុង​អា​ហារ​ដ្ឋាន​មួយ​ដែល​មាន​បន្ទប់​ខារ៉ា​អូខេ​ផង​ពេល​លោកប្តី​​អ៊ូច គីមហៀង ​​​នាំស្ត្រី​​ជា​ប្រពន្ធ​​​​​​ប៉ូលិសស្រុកម្នាក់​ដែល​​មាន​អាជីវ​កម្ម​​លក់​ឈើ​​​នៅ​ក្នុង​ភូមិល្ពៅ ​​​ឃុំ​​ក្សេមក្សាន្ត​ ចូល​ទី​នោះ​ ។ ​​​​​​នា​យប់នោះ ​​​ប្តី​របស់​​​​ស្ត្រី​​រូប​នោះ​បាន​ទៅ​​ទាន់​សភាព​ការ​ណ៍​ឃើញ​​​​លោក​អ៊ូច ​​គីម​​​ហៀង នាំ​ប្រពន្ធ​ខ្លួនចូល​ច្រៀង​ខារ៉ាអូខេ ​​និងមានការ​​ហូប​ចុកផង ។​ ​​​ពេល​ប្តី​​​ស្ត្រី​​​​រូបនោះចូល​ទៅ​​ ​ស្រាប់តែ​​​​ផ្អើល​ដោយ​សារ​​ឃើញ​ប្រពន្ធ​​របស់ខ្លួន​​​​រត់​តាម​ទ្វារ​​​ក្រោយ​គេច​ខ្លួន ។ ឯ​ភ្ញៀវ​​ដែល​កំពុង​​​សប្បាយ​​នោះ​ក៏​មាន​លោកអ៊ូច ​​​​គីម​​ហៀង​​ ​​ជាប្តី​របស់​អ្នក​ស្រី​ដែរ គឺ​ពេលនោះ​ក៏​​មាន​ការ​ប៉ះ​​​សម្តី​​គ្នា​យ៉ាង​អសុរោះ​​​បំផុត ដោយ​ពុំ​គិត​ខ្លួន​ថា ​បាននាំប្រពន្ធ​​គេមក​ស៊ី​ផឹក​​​​​ច្រៀង​​​​បែបនេះ ​​គឺ​ជា​​​​ការ​ខុសឆ្គង​​ទេ ។

ស្ត្រី​ជា​​ប្រពន្ធ​លោក​គីមហៀង ​បន្តថា ​ពេលនោះប្តី​​អ្នកស្រី​​មិនអស់ចិត្ត ​​ក៏​ហៅប្តី​​ស្រ្តី​​​​ថៅកែ​ឈើ​នោះ​​​មកវ៉ៃគ្នា ប៉ុន្តែ​​​ពុំ​មាន​ការ​តបត​​ទេ និង​មាន​សុជីវ​ធម៌​​ខ្ពស់​ ​ព្រោះ​គេចង់​​នាំ​តែ​​ប្រពន្ធ​ឱ្យ​វិល​​ទៅ​ផ្ទះវិញប៉ុណ្ណោះ ។ ដោយ​​សារ​​មិនអស់​ចិត្ត​​​ លោក​​អ៊ូច ​គីមហៀង ​​ដែល​​​អាង​អំណាច​ខ្លាំង​បាន​ទាញ​​​​កាំភ្លើង​​ AK បាញ់​ពី​រ​គ្រាប់មុខ​​​ហាង​​ខារ៉ា​អូខេ​​​ផ្អើល​​អ្នកផ្សារ​​​​​​​​រត់​ប្រសាច ។ ​​​ប្តី​​ដែល​ក្តៅក្រហាយ​​​នេះ ក៏​បាន​តាម​ទៅ​ដល់​មុខ​ផ្ទះ​ប្តី​ស្ត្រី​​ថៅកែ​ឈើ​ទាម​ទារ​ឱ្យ​ចេញ​ ហើយ​​បាញ់​​គំរាម​​​អស់២គ្រាប់​​ទៀត ទើប​​​អាជ្ញាធរ​ដែន​ដី​ជួយ​​​​​ឃាត់ ។

ស្ត្រី​​ជា​ភរិយា​​​​​រំលឹក​ទៀត​ថា ​​​​​នៅយប់​​ថ្ងៃទី​១៨ ​​ធ្នូ ២០១១ លោក​ប្តីអ៊ូច គីមហៀង បាននាំ​ស្ត្រី​​ជា​ប្រពន្ធ​គេនោះ​​មកដេក​​​ជាមួយ​បន្តទៀត​នៅ​ផ្ទះ​ក្នុងភូមិ​ខោប សង្កាត់​​រកា​ធំ ក្រុង​​​​ច្បារមន ​ពេល​នោះ​​​ដោយ​រូបគាត់​ទៅ​ទាន់ ក៏​បណ្តេញ​គាត់​ជា​ប្រពន្ធ​​ចេញ​​​ពីរថយន្ត ​ហើយ​ដឹកដៃ​ស្ត្រី​​​ថៅកែ​​ឈើ​​នោះ​ឱ្យ​​ឡើង​រថយន្ត CRV ​​ចេញទៅទាំងយប់​​បាត់ ។ ​​​នេះ​ជារឿង​​អាស្រូវ​​បំផុ​ត​ដែល​​ប្តីគាត់​បាន​សាង​មកលើ​គាត់​ជាភរិយា​​ពេញ​ច្បាប់រហូតបំភ្លេច​​​ទាំងកូន៣​នាក់​​ផង ។

អ្នកស្រី​​សោម ឧសភា បន្តថា នៅ​ថ្ងៃ​ទី​២៨ ​​មករា ឆ្នាំ២០១២ ​នាងខ្ញុំ​ដែល​​រវល់​ជាប់​លក់​ដូរ​​​នៅ​ផ្សារ​​ឧដុង្គ​នោះ ក៏​បាន​មកផ្ទះជា​មួយ​កូនទី៣ ដែលមាន​អាយុ១១ឆ្នាំ ​ជាមួយ​ជីដូន​ឈ្មោះ​​​​ផាត់​យិន ​ ។ ​​លុះចូលទៅ​ក្នុងផ្ទះ ​​នា​ល្ងាច​ម៉ោង​៥ និង​៣០នាទី ស្រាប់​តែ​​​លោក​ប្តី​ទាញ​ទ្វារ​​បិទ ហើយ​វាយកញ្ចក់​​ និង​វាយតុ ទូ និង​ទាញ​សោធុន Solex គប់​តម្រង់​ក្បាល​​អ្នក​ស្រី​ទៀត ​​ក្នុង​គោល​​បំណង​គប់​ក្បាល​​ តែ​នាង​ខ្ញុំ​បាន​គេច​ផុត ។

អ្នក​ស្រី​ជា​ភរិយា​​បាន​ចោទ​​ថា លោក​ប្តី​ពិតជា​​លួច​ស្រឡាញ់​ថៅកែ​ឈើ​ជា​​ប្រពន្ធ​របស់​មន្ត្រី​ប៉ូលិស​ម្នាក់​នៅអធិការ​ដ្ឋាន​​នគរបាល​ស្រុក​ឧដុង្គ​​មែន​ ។ ​ស្ត្រីថៅកែ​​ឈើ​ដែល​ជាភរិយា​​មន្ត្រី​ប៉ូលិស​​​ស្រុក​ឧដុង្គ​​នោះ បាន​លប​លួចឆក់​យក​ប្តី​គាត់​ជិត​២​ឆ្នាំ មក​ហើយ ដែល​​កាល​ណោះ​អ្នក​ស្រី​​យល់​មុខ​មាត់​ថា ​ជាប្តី​អាច​វង្វេង​​នឹង​តណ្ហា​​ម្តង​ម្កាល​​ តែ​ពេល​នេះទ្រាំ​លែង​បាន​ហើយ​ ។ ចំណែក​​ប្តី​ស្ត្រីថៅ​កែ​ឈើ​មុខ​ស្រស់​ប្រិម​ប្រិយ​នោះ​ក៏​បាន​​ធ្វើ​ពាក្យ​​ប្តឹង​លោក​ប្តី​អ៊ូច គីម​​ហៀង ពី​​បទតាម​​បាញ់​​បោះ​ដល់​មុខ​ផ្ទះ​ខ្លួន​ក្នុង​គោល​បំណង​​សម្លាប់​ផង​ដែរ ​រួម​ទាំងស្រឡាញ់​​ប្រពន្ធ​គេ​​ឥត​ខ្មាស​អៀន​ទៀត​​ ។

តាម​កា​រ​រៀបរាប់​​​ពី​ស្ត្រីជា​ប្រពន្ធ​​ គឺអ្នកស្រី សោម ​ឧសភា ថា លោក​អ៊ូច គីម​ហៀង ​ទាម​ទារ​​ដាច់​ខាត​​ឱ្យ​លែង​លះគ្នា ហើយ​ត្រូវ​ប្រគល់​ដី និង​ផ្ទះ​ដែល​ជា​កេរ​របស់​​គាត់​ឱ្យ​ខ្លួន​ទៀត តែអ្នក​ស្រី​បាន​​តបវិញ​ថា បើ​លោក​ប្តី​អ៊ូច គីម​ហៀង ​សុំ​លែង​លះ​​អ្នកស្រី​ក៏​អស់​ចិត្ត​​ដែរ ព្រោះ​មិន​អាច​ទ្រាំ​រស់​​ក្នុងភព​កម្ម​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​​វេទនា​​បំផុត តែ​​ប្តីត្រូវ​​ចុះ​​តែ​ខ្លួន​ចេញ​​ពី​ដី​ និង​ផ្ទះជា​កេរ​ម៉ែ​ឪ​អ្នក​​ស្រី ។ ពិសេស​​ត្រូវ​បន្ត​​ចិញ្ចឹម​កូន​ប្រុសទាំង​៣​នាក់ ដែល​ស្ថិតក្នុវ​វ័យ​សិក្សា​​ក្នុង​១​ខែ​ពីរ​លាន​រៀល ។

លោក​យាយ​ផាត់​ យិន  ​ជា​ជីដូន​​បង្កើត​អ្នក​ស្រី​ សោម ឧសភា ​និយាយទាំង​រអាក់​រអួល​ថា ​សុំ​លោក​អ្នក​ច្បាប់​​ជួយ​រក​យុត្តិ​ធម៌​​​ផង​ លោក​អ៊ូច គីម​ហៀង ​មើល​ងាយ​មើល​ថោក​​ប្រពន្ធ​ខ្លួន ​ជេរ​ដៀល​​យ៉ាង​ឃោរឃៅ​​ពុំអាចទ្រាំ​​បាន ហើយ​គាត់​ចំណាស់​នេះ​ហើយ​ពុំ​គួរ​តិះ​ដៀល​ពាក្យ​​អាស​អាគ្រាម​យ៉ាង​ជូរ​ចត់​​ដែលគាត់​ពុំ​​អាច​ទទួល​យក​បាន ។

ក្នុងករណី​ប្តី​ក្បត់​​ចិត្ត​​​នេះ អ្នក​ស្រី​​ជា​ភរិយា​​​អះ​អាង​ថា អ្នក​​ស្រី​ព្យា​​យាម​សុំ​ឱ្យ​​លោក​ស្នងការ​ជួយ​ណែនាំ​​ប្តីផង ​តែ​បែរ​ជា​ស្ងាត់​រហូត​មក​​​ ដូច្នេះ​​មាន​តែ​អង្គ​ការ​សិទ្ធិ​មនុស្ស អ្នក​ច្បាប់​តុលា​ការ​ទេ ដែល​អាច​រក​យុត្តិ​ធម៌​​ដល់​រូបគាត់​ជា​ប្រពន្ធ​​ ជាជីដូន ​ជា​កូន​ប្រុស​៣​នាក់ ក្នុង​បន្ទុក​​ដែល​កំពុងតែ​សិក្សា ហើយ​បែរ​ជា​ឪពុក​​មាន​អំណាច​ប្រព្រឹត្ត​​ផ្ទុយ​ច្បាប់​​បែប​នេះ ៕

ដកស្រង់ពី កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]