រាជធានីភ្នំពេញ ៖ តារាចម្រៀង សុន ស្រីពេជ្រ និងសមាជិកគ្រួសារ ជាអ្នកសិល្បៈ ចេញរកប្រាក់ស្មើដៃគ្នា រាប់ទាំងលោកឪពុករបស់នាង ជាតារាកំប្លែងមានវ័យចាស់ផង។ ក្រុមគ្រួសារនាង ត្រូវរកលុយដោះបំណុលធនាគារ ដែលខ្ចីយកសង់ផ្ទះថ្មីស្នាក់នៅ ចៀសពីការជួលផ្ទះគេស្នាក់នៅ ។ ស្រីពេជ្រ ខំធ្វើការទាំងថ្ងៃទាំងយប់ ព្រោះតែដោះស្រាយបញ្ហាគ្រួសារ តែខណៈរដូវភ្លៀងមកដល់ នាងបារម្ភពីរឿងរកប្រាក់មិនសូវបាន ។

ទាំង ដកដង្ហើមធំ តារាចម្រៀងដែលល្បីល្បាញ តាមរយៈបទចម្រៀងទេសចរណ៍ សុន ស្រីពេជ្រ និយាយថា ដល់ខែភ្លៀងហើយ ក្រុមគ្រួសារនាងដែលជាអ្នកសិល្បៈ គឺ ម្នាក់ៗពិបាកចិត្តគ្រប់គ្នា ព្រោះអត់សូវមានកម្មវិធីច្រៀង និងសម្តែង ។ ពេញមួយរដូវមង្គលការ បងប្អូននាងម្នាក់ៗ អត់សូវព្រួយចិត្តប៉ុន្មានទេ យ៉ាងហោចណាស់រកប្រាក់បានខ្លះ យកសម្រាប់ដោះបុលគេ ក្រោយពីទិញដី ធ្វើផ្ទះល្វែងមួយ នៅម្តុំវត្តសំរោងអណ្តែត ។ ស្រីពេជ្រ និយាយកាលពីពេល ថ្មីៗនេះថា «វាស្ទើរតែជារឿងសាមញ្ញទៅហើយ ឱ្យតែជិតដល់ខែភ្លៀង ឬរដូវភ្លៀង ពួកយើងទាំងអស់គ្នា មិនសូវជាសប្បាយចិត្តទេ ព្រោះកាលវិភាគនៃកម្មវិធីសម្តែង តាមមង្គលការ ទីជិតទីឆ្ងាយ កាន់តែអស់ទៅៗ ខណៈដែលខែសងថ្លៃធនាគារ នៅតែបន្តមានជាលំដាប់ច្រើនខែទៀត ។

ធម្ម តាអ្នកសិល្បៈមិនថាតែនាងខ្ញុំទេ សូម្បីអ្នកផ្សេងក៏គេភ័យខ្លះដែរ ឱ្យតែខែវស្សា ម្នាក់ៗច្រើនតែនិយាយលេងសើចថា ដេកញាំុធាត់គ្រប់គ្នា ឬពិបាកអត់មានការងារធ្វើ ដោយសារតែខែប្រាំង ម្នាក់ៗស្រវាការងារខាងក្រៅផង ក្នុងទូរទស្សន៍ផងពេញដៃ មានប្រាក់ចំណូល ។ ម្នាក់ៗមិនសូវជាស្រួលចិត្តពេកទេ ឱ្យតែខែភ្លៀងម្តងៗ» ។

តារាចម្រៀងដែលនិយមស្លៀកពាក់ ឈុតប្រពៃណីខ្មែរ ពេលសម្តែងលើឆាកម្តងៗ សុន ស្រីពេជ្រ និយាយថា នាងមានសមាជិកគ្រួសារ រកលុយគ្រប់គ្នា រាប់ទាំងលោកប៉ានាងផង ។ ទោះជាយ៉ាងណាក្តី នាងមិនចង់ឱ្យលោកឪពុកនាង ដែលឈានចូលដល់វ័យជរា ទៅហើយនោះ សម្តែងលើសពីកម្លាំងគាត់ទេ ពីព្រោះគាត់ធ្លាប់ឈឺធ្ងន់ ចូលមន្ទីរពេទ្យរួចមកហើយ ។ ឪពុករបស់នាង ដ្បិតតែមានសុខភាពប្រសើរឡើងមែន តែពេលទៅសម្តែងតាមហាង ឬកន្លែងនានា គឺចៀសមិនផុតការជល់កែវស្រា តាមសំណូមពរ អ្នកដែលស្រលាញ់រាប់អានគាត់ទេ ។ លោកឪពុករបស់នាង ពេលខ្លះត្រូវតែបំពេញបំណងភ្ញៀវ ទោះជាដឹងខ្លួនថា គ្រូពេទ្យហាមពិសាស្រាក៏ដោយ។

នាងជាកូនចង់ឱ្យគាត់នៅផ្ទះ សន្សំកម្លាំងខ្លះ និងតែងតែប្រាប់គាត់ថា សម្រាកខ្លះទៅ កូនៗចេញរកប្រាក់ក៏បាន តែគាត់ថា អត់អីទេចេះតែ ជួយៗគ្នាទៅ ។ ស្រីពេជ្រ និយាយថា «ពេលខ្លះលោកប៉ាខ្ញុំ គាត់លើកស្រាជល់ជាមួយមិត្តភក្តិ លុះក្រឡេកឃើញនាងខ្ញុំមើលមុខ ក៏បន្ធូរការជល់កែវខ្លះ ។ នាងខ្ញុំមិនហាមអីទេ សំខាន់ជំងឺមនុស្សចាស់ គឺមើលអត់ដឹងទេ ខ្លាចមានបញ្ហា» ។ សុន ស្រីពេជ្រ តាំងចិត្តថា នៅរដូវភ្លៀង ទោះជាត្រូវជិះរថយន្ត កាត់ទឹកភ្លៀងទៅទីណាកន្លែង ណាក៏មិនសាញដែរ ដើម្បីរកប្រាក់បង់រំលស់ ការជំពាក់ធនាគារ ដើម្បីឱ្យកាន់តែឆាប់អស់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ