ភ្នំពេញ៖ ខណៈដែលលោកតាភិរម្យ ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ី ដ៏ល្បីល្បាញ កំពុងតែមានជំងឺជាទម្ងន់ នៅឯស្រុកកំណើត និងកំពុងតែដង្ហោយ រកចំនួយជាបន្ទាន់ ដើម្បីជួយសម្រាលទុក្ខលំបាក ស្របពេលក្រុម គ្រួសាររបស់លោកតា កំពុងជួបប្រទះនូវការខ្វះខាតនេះ តារាសម្ដែងល្បីឈ្មោះគួរសម កញ្ញា អាលីយ៉ា បានចូលរួម រៃអង្គាសថវិកាមួយចំនួនពីសប្បុរសជននានា និងថវិការបស់នាងផ្ទាល់ ដើម្បីយកទៅប្រគល់ជូនលោកតា ប្រាជ្ញ ឈួន ដល់គេហដ្ឋាន ។ តាមអ្វីដែលបានគ្រោងទុក តារាសម្ដែង អាលីយ៉ា និងមិត្តភ័ក្តរបស់នាងជាជនជាតិបរទេស ពីរបីនាក់ផងនោះ នឹងត្រូវនាំយកថវិកា ក៏ដូចជាសម្ភារៈមួយចំនួន ទៅជូនលោកតា ប្រាជ្ញ ឈួន ដល់គេហដ្ឋាន ស្ថិតក្នុងភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយត្រូវចេញដំណើរនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ តារាសម្ដែងចូលចិត្តលេងស្ទីលបែបអឺរ៉ុប អាលីយ៉ា បាននិយាយថា នាងនិងមិត្តភក្តិប្រហែលបីបួននាក់ទៀត នឹងនាំយកថវិកាមួយចំនួន ទៅជូនលោកតា ប្រាជ្ញ ឈួន ដែលថវិកាទាំងអស់នោះ បានមកពីការជួយឧបត្ថម្ភពីសំណាក់មិត្តភក្តិ និងជាថវិការបស់នាងផ្ទាល់ខ្លះ ជាការចូលរួមចែករំលែកទុក្ខលំបាក របស់ក្រុមគ្រួសារ និងចង់ឲ្យលោកតាឆាប់ជាសះស្បើយពីរោគា ដែលកំពុងយាយីលោកតានៅពេលនេះ។

អាលីយ៉ា និយាយថា "ក្នុងនាមខ្ញុំជាអ្នកសិល្បៈដូចគ្នា ខ្ញុំត្រូវចេះជួយចែលរំលែកធនធានខ្លះ ជួយដល់លោកតា ប្រាជ្ញ ឈួន ដែលលោកតាកំពុងតែមានជំងឺជាទម្ងន់ និងកំពុងតែជួបនូវការខ្លះខាត។ ខ្ញុំបានឃើញ ពូ ឃ្លាំង គាត់ក៏បានធ្វើបែបនេះដែរ ខ្ញុំបានគៀងគមិត្តភក្តិ ជាជនបរទេសពីរបីនាក់ទៀតទៅជាមួយ ដោយចង់ប្រគល់ ថវិកាពាក់កណ្ដាលជួនលោកតា ទុកគ្រាន់ចំណាយផ្សេងៗ និងថវិកាពាក់កណ្ដាលទៀត ខ្ញុំចង់បង្វែជូនគ្រូពេទ្យ ដើម្បីជួយព្យាបាលលោកតាជាប្រចាំ និងចង់ឲ្យ លោកតាមានភាពធូស្បើយ បានមកច្រៀងចាប៉ីដូចដើម" ។

ទោះបីជាយ៉ាងណា តារាសម្ដែង អាលីយ៉ា មិនបានបញ្ជាក់ពីចំនួនថវិកា ឲ្យបានដឹងច្បាស់លាស់នោះទេ ដោយនាងអះអាងថា អាចប្រែប្រួលទៅតាមកាលៈទេសៈ និងនៅមានសប្បុរសជន ជួយបន្តបន្ទាប់ទៀត។ អាលីយ៉ា ក៏សូមអំពាវនាវ ដល់សិល្បករ-សិល្បការិនី ក៏ដូចជាសប្បុរសនានា ដែលមានចិត្តសណ្ដោសប្រណី ចង់ជួយឧបត្ថម្ភ ដល់លោកតា ប្រាជ្ញ ឈួន ជាសម្ភារៈ ឬជាថវិកាក្ដី អាចយកមកផ្ញើតាមរយៈនាងផ្ទាល់ ឬធ្វើដំណើរទៅជាមួយនាង ដល់ផ្ទះលោកតា នៅឯខេត្តតាកែវ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះក៏បាន។

សូមរំឮកថា លោកតាភិរម្យ ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ី ដ៏ល្បីល្បាញ ដែលកំពុងមានជំងឺជាទម្ងន់ បានចាកចេញពីមន្ទីរ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ បន្ទាប់ពីស្ថានភាពជំងឺ របស់គាត់កាន់តែ មានសភាពធ្ងន់ធ្ងរទៅៗ ហើយក្រុមគ្រួសារជួបនូវការខ្វះខាត មិនអាចទប់ទល់រាល់ការចំណាយ ផ្សេងៗបាន ក្នុងអំឡុងពេល សម្រាកព្យាបាល ជាច្រើនខែមកនេះ ទើបសម្រេចយកគាត់ទៅផ្ទះ។

ក្រោយពីចាកចេញពីមន្ទីរពេទ្យ លោកតាភិរម្យ ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារសម្ដែងការអស់សង្ឃឹម និងមានតែពឹងផ្អែកទៅ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបុណ្យព្រេងវាសនា របស់គាត់តែប៉ុណ្ណោះ។ ដោយរយៈពេល នៃការចាកចេញកន្លងមកនេះ ត្រូវបានក្រុមគ្រួសាររៀបចំពិធីសូត្រមន្ត រំដោះគ្រោះ តាមបែប ព្រះពុទ្ធសាសនា ដោយមានជាពិធីពូនភ្នំខ្សាច់ កាច់សង្រែក អំពាវនាវដល់អារុក្ខអារក្សអ្នកតា គ្រប់ទិសទីតាមជួយបីបាច់ថែរក្សា លោកតាឲ្យឆាប់ជាសះស្បើយ ឡើងវិញ។

លោកតា ភិរម្យ ប្រាជ្ញ ឈួន សព្វថ្ងៃមានវ័យ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយលោកតាបានហាត់រៀន ចម្រៀងចាប៉ីដងវែង ពីគ្រូល្បីៗ ក្នុងទសវត្សឆ្នាំ១៩៦០ ពោល គឺតាំងពីលោកតាមានអាយុ១៣ឆ្នាំ។ លោកតាភិរម្យ ប្រាជ្ញ ឈួន មានប្រពន្ធឈ្មោះ កៅ ព្រីង និងមានកូនចំនួនប្រាំនាក់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]