រាជធានីភ្នំពេញ ៖ ក្រុមសិល្បៈដែលរាល់ចុងសប្តាហ៍ នៅសាលមហោស្រពកោះពេជ្រ នៃរាជធានីភ្នំពេញ តែងតែសម្តែង រឿងប្រវត្តិសាស្ត្រខ្មែរ ជាប្រចាំនោះ ឥឡូវកំពុងប្រឈមមុខ នឹងផលលំបាកបណ្តើរៗហើយ ដោយសារតែអ្នកចូលទស្សនា មានចំនួនតិចតួច ។ ប្រសិនបើនៅតែមិនសូវ មានអ្នកគាំទ្របន្តទៀតនោះ ក្រុមសិល្បៈនេះ នឹងមិនអាចទប់ទល់ ការចំណាយបានទេ ហើយឈានទៅ ឈប់សម្តែងទាំងស្រុងតែម្តង ។

កាលពីពេល ថ្មីៗនេះ លោកនុត សាម៉ូនី ប្រធានគ្រប់គ្រង ក្រុមសិល្បៈប្រចាំសាលមហោស្រព កោះពេជ្រ ឱ្យដឹងថា ក្រុមរបស់លោកសម្តែងនៅ កោះពេជ្រ ចាប់ពីចុងឆ្នាំ២០១២មក ។ ក្រុមសិល្បៈរបស់លោក មកពីភូមិវប្បធម៌ នៃខេត្តសៀមរាប ។ ម្ចាស់ភូមិវប្បធម៌ ជាអ្នកស្រឡាញ់សិល្បៈ ចង់ទំនុកបម្រុង លើកតម្កើងសិល្បៈវប្បធម៌ជាតិ ឱ្យបានខ្ពស់នៅក្នុងសង្គម ទើបរៀបចំឱ្យមានក្រុមសិល្បៈបុរាណ សម្រាប់សម្តែងទាំងនៅសៀមរាប និងនៅភ្នំពេញ ។ ទោះជាយ៉ាងណាក្តី ការសម្តែងនៅភ្នំពេញ មិនបានជោគជ័យទេ ។

ពាក់ព័ន្ធការសម្តែងមិនបានជោគជ័យ និងមិនមានការគាំទ្រ លោកនុត សាម៉ូនី អះអាងថា ទស្សនិកជនជាច្រើនប្រាប់ថា មកពីមិនផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ។ ទើបតែពេលនេះ លោកហ្វៃ សំអាង នៅទូរទស្សន៍អប្សរា ទាក់ទងឱ្យសម្តែង និងជួយផ្សព្វផ្សាយ បានមួយចំណែក ។  អ្នកគ្រប់គ្រងក្រុមសិល្បៈរូបនេះបញ្ជាក់ថា សាលមហោស្រពកោះពេជ្រ ចំណាយច្រើនទៅលើភ្លើង និងការរៀបចំ ផ្សេងៗទៀត ។ ម្យ៉ាងបើកាលណាអ្នកទស្សនា កាន់តែតិចទៅ គឺមិនអាចទប់នឹង ការចំណាយបានឡើយ ទាំងប្រាក់ខែ ទាំងការចំណាយទៅលើអ្វី ផ្សេងៗទៀត ។  ទោះជាយ៉ាងណាក្តី ក្រុមសិល្បករ ដែលជាយុវជនកំពុងពេញកម្លាំង ចង់បន្តការសម្តែងជូន ទស្សនិកជនទស្សនា ។

លោកនុត សាម៉ូនី ថ្លែងថា «ខ្ញុំចង់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រដើម្បីជំរុញសកម្មភាព ទាំងអស់នេះ និងដើម្បីឱ្យមហាជន ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ និងស្នាដៃកូនខ្មែរដែលខំប្រឹងប្រែង ។ បើសិនជាមិនមានការគាំទ្របន្តទៀតទេ ក្រុមយើងនឹងកាត់បន្ថយ ការសម្តែងនៅពេលខាងមុខ គឺយើងឈប់សម្តែង ជារៀងរាល់ចុងសប្តាហ៍ពីរថ្ងៃ (សៅរ៍ និងអាទិត្យ) ទៀតហើយ ដោយសម្តែង១ខែ ២លើកវិញម្តង ដើម្បីកុំឱ្យខាតតទៅទៀត ។

ទោះ ជាយ៉ាងណាក្តីខ្ញុំរំពឹងថា ក្រុមសិល្បករ នៅតែបន្តលើកស្ទួយវិស័យសិល្បៈ បើទោះជាពេលនេះខ្វះខាតមែន ។ ហេតុនេះក្រសួងពាក់ព័ន្ធ អាចជួយរកវិធីដោះស្រាយ យ៉ាងណាធ្វើឱ្យ មានវត្តមានសម្តែងជាបន្តទៀត» ។

លោកហ្វៃ សំអាង ដែលបានអនុញ្ញាត ឱ្យក្រុមសិល្បៈកោះពេជ្រ សម្តែងក្នុងកម្មវិធីពានរង្វាន់អប្សរា២០១៤ នៃទូរទស្សន៍អប្សរា ជារៀងរាល់សប្តាហ៍នោះ បញ្ជាក់ថា ក្រុមសិល្បៈមួយនេះ សិល្បករមានសមត្ថភាព ពួកគេជាយុវជនជំនាន់ក្រោយ គួរតែយកចិត្តទុកដាក់ លើកទឹកចិត្តពួកគេ ។ បន្ទាប់ពីបានទស្សនា ការសម្តែងនៅកោះពេជ្រ លោកអាណិតក្រុមនេះ ទើបឱ្យពួកគេ បានឱកាសសម្តែង នៅទូរទស្សន៍អប្សរាជាប្រចាំ។ បើមិនដូចនេះទេ ពួកគេច្បាស់ជាដួល ។ ព្រោះតែទឹកចិត្តខ្មែរ ជួយខ្មែរនេះហើយ ទើបលោកផ្តល់ឱកាស ឱ្យក្រុមសិល្បៈកោះពេជ្រ មានមុខលើកញ្ចក់ទូរទស្សន៍ ដើម្បីផ្សព្វផ្សាយពីទេពកោសល្យ របស់ពួកគេ ហើយរំពឹងថា ពួកគេអាចមានឱកាស បន្តសម្តែងទៀត នៅកោះពេជ្រ ។

លោក ហ្វៃ សំអាង និយាយថា បើនៅស្រុកគេវិញ គេឱ្យតម្លៃណាស់ អ្នកមានទេពកោសល្យ គេយកចិត្តទុកដាក់ គេគាំទ្រពេញទំហឹង ។ ដូច្នេះសិល្បករទទួលបាន ប្រាក់រង្វាន់ច្រើនណាស់ ចាយមិនអស់ទេ ។

នាង ញឹម ចាន់ថន ជាបេក្ខនារីកំពុងប្រកួត ពានរង្វាន់អប្សរា២០១៤ ឱ្យដឹងថា ក្រុមសិល្បៈសម្តែង នៅកោះពេជ្រ មានឈុតឆាកសម្តែង ល្អៗច្រើន មើលទៅមិនធុញទេ បូករួមទាំងបច្ចេកទេស រៀបចំឆាកសម្តែង និងភ្លើងពណ៌ទាក់ទាញចិត្ត ។ ម៉្លោះហើយទើបនាង និងលោកអ៊ុន សុធា ចំណាយពេលមួយចំនួន ដើម្បីឈរជួយផ្សព្វផ្សាយ ជូនពួកគេមិនគិតប្រាក់ កម្រៃឡើយ ក្នុងន័យទាក់ទាញ មហាជនទាំងជាតិ និងអន្តរជាតិឱ្យចូលរួមទស្សនា ការសម្តែងរបស់ពួកគេនៅកោះពេជ្រ គេចផុតពីការបោះបង់ចោលការសម្តែង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]