កាលពីថ្មីៗនេះ ក្លឹបតោខៀវ Chelsea របស់ចក្រភពអង់គ្លេស បានសម្រេចនាំយកខ្សែប្រយុទ្ធ អាយុ ២៥ ឆ្នាំ សញ្ជាតិប្រេស៊ីល Diego Costa របស់ Atletico Madrid ក្នុងតម្លៃ ៣២ លានផោន ស្មើនឹង ៥៣.៨៥៦ លានដុល្លារសហរដ្ឋអាមេរិក កន្លងទៅនេះ។

ចំណូលថ្មី ខ្សែប្រយុទ្ធ Diego Costa រូបនេះ នឹងជួយពង្រឹងប្រព័ន្ធប្រយុទ្ធ ក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំ របស់លោក Jose Mourinho អោយខ្លាំងក្លាជាមុន បន្ទាប់ពីវត្តមានខ្សែប្រយុទ្ធ ឆ្នើមៗដូចជា Fernando Torres, Samuel Eto’o និង Demba Ba សុទ្ធតែធ្លាក់ជើង និងលេងអន់ ខណៈអនាគតរបស់ពួកគេទាំងបី ស្ថិតនៅក្នុងភាពមន្ទិល សង្ស័យនៅឡើយ។


ដូចគ្នានេះដែរ ក្រុមហង្សក្រហម Liverpool ក៏បានសម្រេចគោលដៅរបស់ខ្លួនដែរ ក្នុងការនាំយក ខ្សែបម្រើ ជម្រើសជាតិអង់គ្លេស Adam Lallana ពីក្រុម Southampton ក្នុងតម្លៃ ២០ លានផោន ស្មើនឹង ៣៣.៦៦២ លានដុល្លារសហរដ្ឋអាមេរិក ដោយសេចក្តីប្រកាសច្បាស់ការណ៍ នឹងចេញផ្សាយនៅសប្តាហ៍ក្រោយ។

វត្តមានខ្សែបម្រើ វ័យ ២៦ ឆ្នាំមួយនេះ នឹងជួយពង្រឹងក្រុមរបស់លោក Brendan Rodgers នារដូវកាលបន្ទាប់ ដោយក្រុមរបស់លោក មានការប្រកួតច្រើន ទាំងក្នុងក្របខ័ណ្ឌក្នុងស្រុក និងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបជាដើម។


លើសពីនេះទៅទៀត ក្រុមកាំភ្លើងធំ Arsenal ក៏មិនបង្អង់យូរ ក្នុងការប្រជែងទិញកីឡាករនោះដែរ ដោយកាលពីថ្មីៗនេះ លោក Arsene Wenger បានបន្តប្រជែងទិញ Angel Di Maria បន្ទាប់ពី ប្រមាញ់អស់រយៈពេល ជាងមួយឆ្នាំ កន្លងទៅនេះ។ ក្រុមកាំភ្លើងធំ បានត្រៀមទឹកប្រាក់ ៣២ លានផោន ស្មើនឹង ៥៣.៨៥៦ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីដេញថ្លៃ នាំយកខ្សែបម្រើ ប្រយុទ្ធស្លាបមួយនេះ មកកាន់ទឹកដី Emirate Stadium នារដូវកាលក្រោយ។

គួរបញ្ជាក់ផងដែរថា Angel Di Maria ត្រូវបាត់បង់តំណែងនៅ Real Madrid បន្ទាប់ពីមានវត្តមាន កីឡាករថ្លៃបំផុតលើពិភពលោក Gareth Bale ហើយកាំភ្លើងធំចង់នាំយកកីឡាករនេះ មកចាប់ដៃគូគ្នាជាមួយ Mesut Ozil ដែលទិញពី Real Madrid ពីមុននោះដែរ ដែលពេលនោះគឺ ក្នុងតម្លៃ ៤២.៥ លានផោន ស្មើនឹងជិត ៧២ លានដុល្លារសហរដ្ឋអាមេរិក។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

តាមដានព័ត៌មានកីឡារបស់ខ្មែរឡូត ទាក់ទងនឹងការដោះដូរកីឡាករ និងការប្រកួតបាល់ទាត់ពិភពលោក នាពេលខាងមុខ។

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]