ភ្នំពេញៈ ខណៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នឹងឈានចូលមកដល់ នៅថ្ងៃស្អែកនេះ ក្រុមសិល្បករ-សិល្បការិនី ជាច្រើន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទៅចូលរួមបោះឆ្នោត បើទោះបីជាពួកគេ មមាញឹកលើការងារ សិល្បៈយ៉ាងណាក៏ដោយ។

តារាសម្តែងជើងចាស់ ដែលនៅតែទទួលបានការគាំទ្រខ្លាំង គ្រប់រដូវកាល លោក ទេព រិនដារ៉ូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២នេះ ថា នៅក្នុងឱកាសបោះឆ្នោតខាងមុខនេះ លោកបានត្រៀមខ្លួន ក្នុងការទៅចូលរួមបោះឆ្នោតរួចរាល់ហើយ ព្រោះថានៅថ្ងៃនោះ លោកមិនបាន ចេញថតទេ គឺផ្អាកការងារមួយថ្ងៃ ទន្ទឹមនឹងនេះដែរ លោកក៏បានទៅមើលឈ្មោះរួចហើយ គឺលោកត្រូវបោះឆ្នោត នៅមណ្ឌលខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក ទេព រិនដារ៉ូ ក៏បានប្រាប់ទៀតថា ”ក្នុងនាមខ្ញុំជាអ្នកសិល្បៈម្នាក់ ក៏សូមផ្តាំផ្ញើទៅដល់ពលរដ្ឋគ្រប់រូបទាំងអស់ ឲ្យឆ្លៀតឱកាសមួយថ្ងៃ ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើស គណបក្សណាមួយសម្រាប់ដឹកនាំយើង ទៅរកភាពរីកចម្រើន និងមានសន្តិភាព ដូច្នេះហើយខ្ញុំក៏ត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើស តំណាង ដែលខ្ញុំស្រលាញ់ដែរ”។

ចំណែកពិធីការិនី និងជាប្រធានក្រុមតារាបង្ហាញម៉ូដ Cambodia Super Model កញ្ញា ឌួង ហ្សូរីដា ក៏បានប្រាប់ដែរថា នៅថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៣ ខាងមុខនេះ គឺនាងបានត្រៀមខ្លួន រួចជាស្រេចហើយ ដោយឈ្មោះរបស់នាងត្រូវ ទៅបោះឆ្នោតនៅមណ្ឌលស្ទឹងមានជ័យ បើទោះបីជាថ្ងៃនោះ នាងត្រូវមានកម្មវិធីផ្សាយផ្ទាល់ យ៉ាងណាក៏ដោយ ក៏នាងបានឆ្លៀតឱកាសទៅចូលរួម បោះឆ្នោត។

កញ្ញា ហ្សូរីដា បានប្រាប់ទៀតថា ”ក្រៅពីខ្ញុំជាអ្នកសិល្បៈមួយរូប មានការមមាញឹកជាមួយការងារ ខ្ញុំក៏ត្រូវយកចិត្តទុកដាក់ ទៅលើការបោះឆ្នោតនោះដែរ ដោយហេតុថា ក្រៅពីការងារសិល្បៈ ខ្ញុំក៏ជាពលរដ្ឋខ្មែរមួយរូប ដែលត្រូវមានកាតព្វកិច្ច ទៅចូលរួមបោះឆ្នោត។ ម្យ៉ាងខាងស្ថានីយទូរទស្សន៍ ក៏បានឈប់សម្រាក មិនធ្វើការ ផ្សាយផ្ទាល់ នៅពេលព្រឹកទេ គឺក្នុងគោលបំណងចង់ ឲ្យបុគ្គលិកទាំងអស់ បានទៅចូលរួមបោះឆ្នោត ទាំងអស់គ្នា ហើយប្រសិនបើយើងខកខានមិនបាន ចូលរួមបំពេញកាតព្វកិច្ចនេះ គឺវាគួរឲ្យស្តាយសម្រាប់យើងជាពលរដ្ឋខ្មែរ "។

តារាចម្រៀង ដែលមានឈ្មោះបោះសំឡេង ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត ក៏បានប្រាប់ដែរថា លោកបានត្រៀមខ្លួន ទៅបោះឆ្នោតរួចហើយ មិនតែប៉ុណ្ណោះទេ សូម្បីតែគ្រួសាររបស់លោកផ្ទាល់ ក៏បានត្រៀមខ្លួន ទៅបោះឆ្នោតនៅខេត្តកំពង់ចាម រួចរាល់អស់ហើយ ។

លោក សិរីមន្ត បានបន្តទៀតថា ” ខ្ញុំបានទៅមើលឈ្មោះ និងបានស្គាល់មណ្ឌលដែលខ្ញុំត្រូវទៅបោះឆ្នោត រួចរាល់អស់ហើយ ចំណែកការងាររបស់ខ្ញុំ មិនមានការ ប៉ះពាល់អីនោះទេ ព្រោះថាការងារនៅថ្ងៃនោះខ្ញុំ បានលើកពេលដើម្បីទុកថ្ងៃនេះមួយថ្ងៃ ទៅចូលរួមបោះឆ្នោត និងបំពេញតួនាទី ជាពលរដ្ឋមួយរូបផងដែរ”។

ពិធីការិនីដែល មានភាពលេចធ្លោខ្លាំង ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន អ្នកនាង យុគ ចិន្តា ក៏បានបញ្ចេញមតិ ផ្ទាល់ខ្លួនថា មណ្ឌលដែលនាងត្រូវទៅបោះឆ្នោត គឺនៅផ្សាដេប៉ូ ហើយ ការចូលរួមបោះឆ្នោតនេះ គឺមានសារៈសំខាន់ណាស់ ព្រោះថាយើងជាប្រជាជន ត្រូវមាន កាតព្វកិច្ចចូលរួមបោះឆ្នោត ហើយយើងមានសិទ្ធិ ជ្រើសរើស ថ្នាក់ដឹកនាំមួយណា ដែលយើង ពេញចិត្ត។

ពិធីការិនីរូបនេះ ក៏បានផ្តាំផ្ញើរ ទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរថា ”សូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ទោះបីជាពួកគាត់ ពេញចិត្ត ថ្នាក់ ដឹកនាំរូបណា គឺជារឿងសម្ងាត់របស់គាត់ គឺនាងខ្ញុំចង់ឲ្យពួកគាត់ចូលរួមទាំងអស់គ្នា”។

មិនខុសពីតារាសិល្បៈខាងលើនោះទេ តារាចម្រៀង មានភាពក្រម៉ិចក្រម៉ើម អ្នកនាង ខាត់ សុឃីម បាននិយាយស្រដែងគ្នាដែរថា បើទោះបីជានាងមាន ការមមាញឹក ជាមួយការងារសិល្បៈ និងមុខរបរ រកស៊ីរបស់នាង យ៉ាងណាក៏ដោយ ក៏នាងបានត្រៀមខ្លួន និងឆ្លៀតពេលទៅចូលរួមបោះឆ្នោតដែរ។

អ្នកនាង ឃាត់ សុឃីម បានប្រាប់ថា ”តាមការពិតទៅមួយថ្ងៃៗ គឺខ្ញុំមានការមមាញឹកខ្លាំង ជាមួយការងារ ប៉ុន្តែសម្រាប់ថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ ទោះបីជារវល់ យ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវឆ្លៀតពេលទៅចូលរួម បោះឆ្នោតដែរ ព្រោះថាសន្លឹកឆ្នោត មួយសន្លឹក គឺអាចជួយ ប្រទេសជាតិជ្រើសរើស អ្នកគ្រប់គ្រងល្អ ហើយនាងខ្ញុំ ក៏សូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា កុំគិតថាការបោះឆ្នោត មិនមែនជា រឿងសំខាន់ឲ្យសោះ”។

ទន្ទឹមនឹងថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ ខិតជិតមកដល់ នៅ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ស្អែកនេះ មានសិល្បករ-សិល្បការិនី ជាច្រើន បានត្រៀម ខ្លួនក្នុងការទៅចូលរួមបោះឆ្នោតផងដែរ។

យ៉ាងណាមិញមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មានសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសបុគ្គលិកដែលបម្រើការងារ នៅតាមបណ្តាក្រុមហ៊ុន ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដែលមានកាតព្វកិច្ចបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំ ដែលមានសមត្ថភាព នាំយើងទៅរក ភាពរីកចម្រើននៅថ្ងៃអនាគត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ហួន ស្រីលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម