ការប្រកួតយ៉ាងស្វិតស្វាញ វិលជុំ ៣៨ ប្រកួត ក្នុងក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស ត្រូវបានបញ្ចប់ជាស្ថាពរ កាលពីម្សិលមិញនេះ ដោយរកឃើញម្ចាស់ជើងឯក រដូវកាលឆ្នាំ ២០១៣ - ២០១៤ ហើយ នោះគឺក្រុមមេឃខៀវ Man CITY បន្ទាប់ពីយកឈ្នះទៅលើ West Ham ២ទល់នឹង០ ខណៈដៃគូប្រជែងហង្សក្រហម Liverpool ក៏ឈ្នះសារិកាព្រៃ Newcastle ២ទល់នឹង១ ផងដែរ។




គ្រាន់តែចាប់ផ្តើមការប្រកួតភ្លាម ក្រុមមេឃខៀវ Man CITY ហាក់ដូចជាមានទំនុកចិត្តយ៉ាងខ្លាំង ដោយធ្វើការសម្រុកក្រុមភ្ញៀវ West Ham មិនឈប់ឈរ ប៉ុន្តែមិនបានសម្រេចដោយក្រុមភ្ញៀវ ហាក់ដូចជាលេងក្នុងទម្រង់ការពារ។ លុះឈានចូលមកដល់នាទីទី ៣៩ កីឡាករ Nasri របស់ Man CITY បានសាកមួយជើងពីចម្ងាយ រហូតផុតដៃអ្នកចាំទី Adrián បំប៉ោងសំណាញ់ទី បានសម្រេច លាយលំនឹងសម្រែកហ៊ោរកញ្ជ្រៀវ ពាសពេញកីឡាដ្ឋាន។


មួយគ្រាប់មិនអស់ចិត្ត ដើម្បីផ្តាច់ភាពមន្ទិលសង្ស័យ ក្រុមម្ចាស់ផ្ទះ បានបន្ថែមមួយគ្រាប់ទៀត នៅនាទីទី ៤៩ ដោយខ្សែការពារ Kompany ជួយអោយ Man CITY ក្លាយទៅជាជើងឯក Premier League ២ ដង ក្នុងរយៈពេល ២ ឆ្នាំ។


ងាកទៅមើលការប្រកួតរបស់ហង្សក្រហម Liverpool វិញ បែរជាអោយក្រុមភ្ញៀវ សារិកាព្រៃ Newcastle នាំមុខដោយគ្រាប់បាល់ចូលទីខ្លួនឯង ពីសំណាក់ខ្សែការពារ Škrtel នៅនាទីទី ២០។ ប៉ុន្តែក្នុងនាមជាក្រុមប្រជែងដៃគូ ក្រុមម្ចាស់ផ្ទះមិនទុកយូរទេ ពោលគឺតាមបានពីរគ្រាប់មកវិញ ដោយការបញ្ចូនបាល់ទាំងពីរគ្រាប់ ចេញពីជើងប្រធានក្រុម Steven Gerrard ស៊ុតបញ្ចូលទីដោយកីឡាករ Agger នៅនាទីទី ៥៣ និង កីឡាករ Sturridge នៅនាទីទី ៦៥។

ប៉ុន្តែជ័យជម្នះរបស់ហង្សក្រហមនេះ មិនអាចជួយក្រុមអោយស្គាល់រសជាតិ ពានរង្វាន់ Premier League បានទេ ក្នុងរយៈពេល ២៤ ឆ្នាំនេះទេ។




តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមជួយអបអរសាទរ Man CITY!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]