រាជធានីភ្នំពេញ ៖ មិនខុសពីការគ្រោងទុក កីឡាករកម្ពុជា វ៉ន វីវ៉ា ពិតជាអាចដណ្តើម បានជោគជ័យ គួរជាទីមោទនៈ ក្នុងការប្រកួត នៅលើសង្វៀន ទូរទស្សន៍បាយ័ន ក្នុងព្រឹត្តិការណ៍ ជើងឯកអាស៊ាន នោះមែន កាលពីរសៀលថ្ងៃសៅរ៍ ទី១០ ឧសភា ។ អ្វីដែលសំខាន់ គឺកីឡាករថៃ ដែលត្រូវគេអះអាងថា គ្រោងមកសងសឹកឱ្យជនជាតិខ្លួន ដែលបានសន្លប់ក្រោមដៃ វ៉ន វីវ៉ា កាលពីចុងខែមេសានោះ ក៏មកទទួលលទ្ធផលសន្លប់ដូចគ្នា ។

ក្នុងការប្រកួតរវាងកីឡាករវ៉ន វីវ៉ា មកពីក្លិបព្រះខ័នរាជ និងកីឡាករ Lamphum Sor Kamsing នៅលើសង្វៀនរោងសៀកនោះ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែល កីឡាករកម្ពុជាបង្គោលក្រហម បានបង្ហាញថ្វីដៃភ្លាមៗ ធ្វើឱ្យកីឡាករថៃ ដែលមានបំណងចង់បាន ជ័យជម្នះប្រែក្លាយជា ទ័លស្នៀតតាំងពីដើមទីចាប់ផ្តើម ។

ក្នុងការប្រកួតលើកនេះ វ៉ន វីវ៉ា ធ្វើឱ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវតែម្តង ពិសេសគ្រប់ពេលដែលគេ អាចប្រើកែងវាយ ត្រូវកីឡាករថៃ ពេញទំហឹង ដែលមានន័យថា ក្បាច់គុន និងបច្ចេកទេសក្នុងការប្រកួតរបស់ វ៉ន វីវ៉ា នៅតែខ្លាំង ហើយមិនធ្លាក់ក្រេឌីតទាល់តែសោះ។ បើធៀបនឹង ការប្រកួតរបស់កីឡាករ កម្ពុជា៣រូប ផ្សេងទៀត គេឃើញយ៉ាងច្បាស់ថា កីឡាកររូបនេះខ្លាំងក្លាជាងគេ និងពិបាកឱ្យគូប្រកួត ពិសេសគឺកីឡាករថៃ វាយសម្រុកចូលបាន ។ តាំងពីទឹកទី១ កីឡាករវ៉ន វីវ៉ា មិនទុកកណ្តាប់ដៃដូចជាម៉ាត់ កែង និងទាត់ឆ្វេងស្តាំជាដើម ឱ្យទំនេរនោះឡើយ ដោយបានបញ្ចេញឡើងអស់ពីសមត្ថភាពទៅលើកីឡាករថៃ Lamphum Sor Kamsing បើទោះជាមើលឃើញ យ៉ាងច្បាស់ថា បើគ្រាន់តែវាយបែបបណ្តែតៗ ក៏ស៊ីផុយកីឡាករថៃរូបនេះដែរ ។

ចំណុចខ្លាំងរបស់ វ៉ន វីវ៉ា គឺវាយខ្លាំងដោយមិនទុកមុខឱ្យគូប្រកួត ហើយបើជាកីឡាករសាសន៍គេផង ពិតជាទក់សាច់បែកឈាម មិនខានទេ គ្រប់ពេលដែលត្រូវប៉ះគេ ។ អ្វីដែលគួរឱ្យកោតសរសើរបំផុត គឺវ៉ន វីវ៉ា មិនដែលលក់ខ្លួន នៅលើរេញប្រដាល់ ដែលរុញ ឱ្យការប្រកួតកន្លងមក របស់គេរមែងទទួលជោគជ័យ នៅពាក់កណ្តាលទី ។ ភាពអស្ចារ្យនេះ គឺបណ្តាលមកពីគេ ជាកីឡាករ មិនធ្លាប់លក់ឧត្តមគតិ ទាល់តែសោះ ចាប់តាំងពីមានឈ្មោះ ល្បីល្បាញនៅលើរេញប្រដាល់ ។ មកដល់បច្ចុប្បន្នមិនទាន់ មានកីឡាករកម្ពុជា ណាម្នាក់ ដណ្តើមបានតំណែងជាកីឡាករ គំរូនៅក្នុងពិភពប្រដាល់ឡើយ ពាក់ព័ន្ធនឹងបញ្ហា មិនលក់ឧត្តមគតិ នៅលើរេញ បើទោះជាអ្នកជះប្រាក់ ខ្លះហ៊ានចំណាយខ្ទង់ ពាន់ដុល្លារឱ្យគេលក់ ឧត្តមគតិនោះក៏ដោយ ។ នេះជាមោទនភាពមួយដែល វ៉ន វីវ៉ា សម្រេចបាន ហើយធ្វើឱ្យអ្នកគាំទ្រ ភាគច្រើននៅទូទាំងកម្ពុជា កោតសរសើរ។ ប៉ុន្តែកីឡាកររូបនេះ នៅតែជំពប់នូវរឿងដំឡើងឫក ដាក់អ្នកកាសែត ក្នុងពេលអ្នកកាសែតខ្លះ សុំសម្ភាសន៍ និងសុំថតរូប ជាលក្ខណៈ បើកចំហនោះដដែល បើយោងតាមការវាយតម្លៃ ភាគច្រើនពីក្រុម អ្នកសារព័ត៌មាននៅកម្ពុជា ។ ជាក់ស្តែង ក្រោយមានការរិះគន់ គេឃើញ កីឡាកររូបនេះ និងនារីជាទីស្រឡាញ់របស់ខ្លួន បានព្រួតគ្នាសរសេរ នៅលើ Facebook មិនទទួលស្គាល់ ចំណុចអវិជ្ជមាន របស់ខ្លួនទៀតផង ។ អ្វីដែលគេសោកស្តាយ គឺពាក្យសម្តីរបស់ វ៉ន វីវ៉ា បានប្រើពាក្យមកកាន់ អ្នកសរសេរហើយភ្ជាប់ឃ្លាថា «... ចង់យ៉ាងម៉េច ?» ដែលមិនខុសពីប្រកាស សង្គ្រាមជាមួយអ្នកកាសែត ហើយមិនទទួលស្គាល់ ចំណុចខ្វះខាតរបស់ខ្លួនដើម្បីកែកុន។ ក្នុងនោះក្រុមអ្នកគាំទ្រ របស់គេខ្លះ ក៏បានប្រើពាក្យវាយបក មកកាន់អ្នកកាសែត ទាំងទទឹងទិស ក្នុងន័យរុញទូក បណ្តោយទឹកផងដែរ ដែលហាក់់មិនជួយ ផ្តល់យោបល់ឱ្យមនុស្សដែលខ្លួនគាំទ្រ ធ្វើយ៉ាងណាគេច ឱ្យផុតពីការរិះគន់ទាំងនោះសោះ ។ អ្នកឃើញការវាយបករបស់ វ៉ន វីវ៉ា និងនារីជាទីស្រឡាញ់ ព្រមទាំងអ្នកគាំទ្រ ពីរបីនាក់បានហៅទង្វើនោះថា មិនទទួលស្គាល់ការពិត និងគ្មានចេតនាផ្លាស់ប្តូរ ចំណុចខ្វះខាតខ្លួនឯង។ ពួកគេទំនងជាភ្លេចហើយថា កីឡាករល្បី គឺជាមនុស្សរបស់មហាជន ដែលក្រៅពីភាពខ្លាំង ក៏ត្រូវមានអត្តចរិត រួសរាយរាក់ទាក់ ពាក្យសម្តីសមរម្យ និងផ្តល់ការ សហការប្រកបដោយភាពថ្លៃថ្នូរបន្ថែមទៀតចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសគឺអ្នកកាសែតដែលជាកញ្ចក់ឆ្លុះ ។ បើលុបបាននូវភាព ចម្រូងចម្រាសជាមួយក្រុមអ្នកកាសែត វ៉ន វីវ៉ា នឹងក្លាយជាកីឡាករតែម្នាក់គត់ ដែលពោរពេញដោយមោទនភាព នាំមុខគេនៅកម្ពុជា ។ ម្យ៉ាងអ្នកកាសែត មិនដែលចង់សរសេរអាក្រក់ ពីកីឡាករក្នុងបំណងចង់បាន អ្វីនោះទេ ក្រៅពីពញាក់អារម្មណ៍ ពួកគេឱ្យផ្លាស់ប្តូរទម្លាប់ ដើម្បីក្លាយខ្លួន ជាមនុស្សដែលពោរពេញ ដោយកិត្តិយស ក្រោយមានឈ្មោះ បោះសំឡេងជាកីឡាករល្បី ។ អ្នកកាសែតមានតែស្ថិត នៅពីក្រោយ ខ្នងទៅវិញទេ នៅពេលកីឡាករមានបញ្ហា និងខ្វះជំនួយណាមួយក្រោយ ពេលបាត់បង់សមត្ថភាពប្រកួត ។ ជាមួយនឹង ការលើកឡើងនេះ គេកំពុងចាំមើលថា កីឡាករវ៉ន វីវ៉ា និងអ្នកគាំទ្រខ្លះ នឹងផ្លាស់ប្តូរឥរិយាបថ ដើម្បីកែកុន ចំណុចខ្វះខាតខ្លួនឯង ឬបន្តសង្គ្រាមពាក្យសម្តី ទាំងទទឹងទិស បន្តទៀតជាមួយ ក្រុមអ្នកកាសែត ដែលជាអ្នកនាំពាក្យ និងជាកញ្ចក់ឆ្លុះនូវចំណុច ដែលខ្លួនឯងមើលមិនដឹង ? ទោះបីយ៉ាងណា ក្នុងព្រឹត្តិការណ៍ ប្រកួតកាលពីថ្ងៃសៅរ៍ ទី១០ ឧសភា វ៉ន វីវ៉ា បានផ្លាស់ប្តូរដោយ ឱ្យកាមេរ៉ាអ្នកកាសែត បានថតដោយស្រួលផងដែរ ខុសប្លែកពីពេលមុនៗ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]