​ខេត្ត​បាត់​ដំបង ៖ ប្រភពពីសមត្ថកិច្ច និយាយថា មន្រ្តីនគរបាល២នាក់ និង​មន្រ្តីកង​រាជអាវុធហត្ថខេត្តម្នាក់ផង បានប៉ះប្រយុទ្ធគ្នាជាមួយជន​ស៊ីវិលមួយក្រុមនៅ​ក្នុង​រង្គសាល​«បុប្ផាទិព្វ»​ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលា​ម៉ោង​ជាង១១​យប់​ថ្ងៃទី៣១ ឧសភា ដែលគេអះ​អាងថា បណ្ដាល​មក​ពីការ​រាំជាន់ជើងគ្នា និង​បាន​​ធ្វើឲ្យភាគីខាង​ជនស៊ីវិល២នាក់រងរបួសធ្ងន់ ។

សាក្សីនិយាយថា ភ្ញៀវ​រាប់សិប​នាក់បាន​រត់​ជាន់ជើងគ្នាពេញក្លឹបរាត្រីនោះ ខណៈ​ពេល​កំពុង​រាំលេងយ៉ាងសប្បាយទាំងស្រវឹងជោកជាំដូចៗគ្នា។ ប្រភពដដែល​បន្តថា ខណៈ​​កំពុង​រាំ​ស្រាប់​តែ​ភាគីខាង​ប៉េអឹមដែលមាននគរបាលផង បាន​ជាន់​ជើង​គ្នាជាមួយភាគីខាង​ជនស៊ីវិល ​ហើយ​ក៏​មាន​ការ​ឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា រហូត​ឈាន​​ដល់ការ​ប្រទូស្ដ​រ៉ាយ​គ្នាតែម្ដង ។ សាក្សី​នៅ​ក្នុង​​នោះ ​បញ្ជាក់​ថា ខាង​សមត្ថកិច្ចអាង​មាន​អាវុធក្នុងដៃ បាន​វាយ​ទៅលើខាង​ជនស៊ីវិល ប៉ុន្តែគេ​ឃើញ​មន្រ្តីប៉េអឹម​ម្នាក់ដៃដល់ជាង​គេក្នុង​ការ​វាយ​​ទៅលើភាគីស៊ី​ វិល រហូតដួល​សន្លប់​ម្នាក់ ។ 

ប្រភពដដែល​នោះបន្ថែមថា មន្ត្រី​នគរ​បាល​២​នាក់ និង​ប៉េ​អឹមម្នាក់ជាភាគីតែមួយ ដែលមាន​អាវុធ​ខ្លី​ទៀតផង ។ អំពើហិង្សាដ៏ឃោរឃៅនេះ បានរីក​រាល​ដាលចេញ​មក​ខាង​ក្រៅក្លឹប​រាត្រី​នោះ​ទៀត ខណៈ​មានកម្លាំង​សមត្ថកិច្ចគ្រប់​ស្ថាប័ន​បាន​មក​អន្តរា​គមន៍ភ្លាមៗ ។ នៅខាងមុខ​ក្លឹប​គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ​ដឹ​ក​នាំ​ដោយ​លោកឡាច ប្រុស នាយការិយា​ល័យ​ប្រឆាំង​បទ​ល្មើសព្រហ្មទណ្ឌ​ចូលជួយអន្តរាគមន៍ តែ​ត្រូវ​មន្រ្តី​កងរាជអាវុធហត្ថដែលបង្ករឿងដាល់កណ្ដាល​​មុខនាយ​ការិយា​ល័យ​ រូបនេះប៉ុន្មានដៃដែរ ព្រោះ​ជននេះស្រវឹង​លែង​ស្គាល់​មេកោយ​ទៅ​ហើយ។ រីឯកម្លាំង​នគរបាល​ដែល​មាន​បំណងចុះ​អន្ត​រា​គមន៍ដែរនោះ ហាក់ដូចជាមានការរារែក​ដោយ​សារជនបង្កមានខ្សែធំ ម្យ៉ាង​ដោយ​ឃើញ​ជន​បង្កម្នាក់ជាមន្ត្រី​ប៉េអឹមនោះ ហាក់ដូច​ជា​ខ្លាំង​ក្លាជាងគេ ទើបទុកឲ្យខាងកង​រាជ​អាវុធ​ហត្ថ​ជា​អ្នកចាត់ការតែម្ដងទៅ ។

លោកឡាច ប្រុស នាយការិយាល័យ​ប្រឆាំង​​បទល្មើសព្រហ្មទណ្ឌ នៃ​បញ្ជាកា​រដ្ឋាន​កង​រាជអាវុធហត្ថខេត្ត បានប្រាប់កោះសន្តិភាពថា មន្រ្តីកងរាជអាវុធហត្ថម្នាក់នោះ និងមន្ត្រី​នគរ​បាល​២​នាក់បានផឹកសីុ​ជុំគ្នានៅក្នុងបារ​«បុប្ផា​ទិព្វ» ហើយក៏មានការឈ្លោះប្រកែកគ្នាជាមួយ​អ្នកផឹកស៊ីមួយក្រុមទៀតជាជនស៊ីវិល ។ លោក​បន្តថា លោក​បានចូលសួរ​នាំអំពីការ​វាយ​តប់​គ្នានោះ​ ស្រាប់​តែត្រូវលោកប៉េអឹមឈ្មោះអ៊ី ខន ដែល​ជាកូនចៅសោះ​ដាល់ត្រូវមុខលោកយ៉ាងចាស់​ដៃ ទើបរូបលោក និងកូនចៅ​ចាប់​មន្ត្រី​​ប៉េអឹម​ម្នាក់​នោះវាយខ្នោះតែម្ដង ។ លោកឡាច ប្រុស បញ្ជាក់ថា មន្រ្តីម្នាក់នេះស្រវឹងឡើងលែង​ស្គាល់​មេកោយអស់ទៅហើយ ។ លោកនិយាយ​ទៀត​ថា ក្នុង​នោះ​មានមន្រ្តីនគរបាល២នាក់ផង ដែល​ម្នាក់ឈ្មោះផល្លា នៅម្ដុំផ្សារលើ និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះទេ ហើយក៏មិនដឹងថា ពួកគេ​នៅ​អង្គភាពណាដែរ ។

លោកឡាច ប្រុស ​ឲ្យដឹងដែរថា ភាគីជន​ស៊ីវិល​ចំនួន២នាក់បាន​រងរបួសធ្ងន់ ហើយ​​កំពុង​សម្រាកព្យាបាល​​នៅមន្ទីរពេទ្យ​យោធ​ភូមិភាគ​ទី៥​(ពេទ្យ​ពពីរ)។ លោក​ប្រាប់​ថា លោកមិនទាន់​ដឹង​ពីមូល​ហេតុច្បាស់លាស់ទេអំពីការ​ប្រយុទ្ធគ្នា​ក្នុង​ ក្លឹបរាត្រីនេះ​ ប៉ុន្តែ​មន្រ្តីប៉េអឹម​ដែល​ដាល់​រូបលោកនោះ លោកមេបញ្ជាការបាន​បញ្ជា​ឲ្យ​ញាត់ចូល​ទ្រុងដែក​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើតាមវិន័យកងកម្លាំង​ហើយ ។ លោកបន្ថែមថា ក្រោយពេល​ញាត់​ចូលទ្រុង ជននេះបានស្រែកជេរ​ប្រមាថ​រូប​លោកមួយយប់ទល់ភ្លឺគ្មានបានដេក​ពួនទេ ។ លោក​​បញ្ជាក់ដែរថា ឥឡូវការិយាល័យ​របស់​លោក​​កំពុងរង់​ចាំទទូលពាក្យបណ្ដឹង​ពីភាគី​រង​គ្រោះ​ (ជនស៊ីវិល) តែមិនទាន់​ឃើញតំណាង​ណា​ម្នាក់​ចូល​មកដាក់​ពាក្យ​ប្ដឹងនៅឡើយទេ ។ លោក​ប្រាប់​ថា នឹងចាត់ការ​លើ​សំណុំរឿង​នេះ​បើ​មាន​បណ្ដឹងប្រឆាំង​មន្រ្តីប៉េអឹ​មម្នាក់នេះ និងមន្រ្តីនគរ​បាល​២នាក់នោះ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]