ភ្នំពេញ៖ តារាកំប្លែងស្រីសិចស៊ី សាច់សខ្ចីកញ្ញា លន់ ដាណេ កាលពីពេលកន្លងទៅ ត្រូវបានគេដឹងស្ទើរ គ្រប់គ្នាថា ជាអ្នកសិល្បៈមួយដួង ធ្លាប់បានបរាជ័យ លើមុខជំនួញរកស៊ី និងជីវិតស្នេហា ផ្ទាល់ខ្លួន ស្ទើរងើបមុខមិនរួច។ ថ្មីៗនេះស្រាប់តែ លេចឮដំណឹងថា នាងបានចំណាយ លុយខ្ទង់រាប់ម៉ឺនដុល្លារ ទិញផ្ទះល្វែងមួយកន្លែង នៅម្តុំផ្សារប៉េសេ រស់នៅយ៉ាងត្រជាក់ចិត្ត។

ដំណឹងនៃការទិញផ្ទះ ពីសំណាក់តារាកំប្លែង នាង លន់ ដាណេ ទើបតែរីកសាយភាយឡើង ក្នុងពេលថ្មីៗនេះ បន្ទាប់ពីគេប្រទះឃើញ តារាកំប្លែង រូបនេះ រើអីវ៉ែអីវ៉ាន់ និងរបស់របរពីកន្លែងមួយ យកទៅដាក់រៀបចំ នៅក្នុងគេហដ្ឋានថ្មីរបស់នាង ទើបនឹងទិញមាន តម្លៃរាប់ម៉ឺនដុល្លារ ទើបមជ្ឈដ្ឋាន អ្នកសិល្បៈ ក៏ដូចជាមិត្តភក្តិជិតស្និទ្ធ កើតក្ដីសង្ស័យថា ផ្ទះល្វែងនេះអាចមានអ្នក ពិសេសណាមួយ ជួយឧបត្ថម្ភពីក្រោយខ្ទង។

ផ្អែកតាមប្រភពអ្នកជិតដិត តារាស្រី លន់ ដាណេ បានបង្ហើបថា ដាណេ មួយរយៈនេះ ហាក់ មានយឺអ៊ុនខ្ពស់ត្រដែត ខណៈមុននេះ នាងទើបនឹង ចំណាយលុយ រហូតជិត១០ម៉ឺនដុល្លារ ទិញផ្ទះល្វែងមួយកន្លែង នៅជិតផ្សារប៉េសេ។ ប៉ុន្តែគេមិនបានដឹងទេថា តើផ្ទះមួយកន្លែងនេះ ជាលុយផ្ទាល់ខ្លួន របស់ លន់ ដាណេ ទាំងអស់? ឬមួយបានមកពី ប្រភពណាមួយឡើយ។

ប្រភពបាន និយាយទៀតថា សម្រាប់គេហដ្ឋានថ្មី ដែលតារាស្រី លន់ ដាណេ ទើបនឹងទិញបាននេះ ជាប្រភេទផ្ទះល្វែង ហើយគ្រាន់តែ វាមានលក្ខណៈ ពិសេសបន្តិចត្រង់ថា ផ្ទះមួយល្វែងនេះ មានការរៀបចំ តុបតែងបានល្អ ទាំងសោភ័ណ្ឌភាពផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ។ ម្យ៉ាងទៀតពេលនេះ ស្រីស្រស់ លន់ ដាណេ បានត្រៀមរូចជាស្រេច ដើម្បីរៀបចំ កម្មវីធីឡើង គេហដ្ឋានថ្មី មួយល្វែងនេះទៀតផង។

ស្របពេលជាមួយគ្នា នឹងការលេចឮដំណឹងទិញផ្ទះថ្មី ពីសំណាក់នាង លន់ ដាណេ នេះ ក៏មានប្រភ ពខ្លះបានលើកឡើងថា ផ្ទះថ្មីមួយល្វែងនេះ អាចជាការដូបញ្ចាំចិត្ត ពីសំណាក់បុរស ជាគូស្នេហ៍របស់នាង ទិញឲ្យនាងរស់នៅ ដើម្បីបញ្ជាក់បេះដូងស្មោះ ទៅថ្ងៃអនាគត។

ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទាក់ទង សុំការស្រាយបំភ្លឺពី លន់ ដាណេ បានទេ ជុំវិញការលេចឮដំណឹងនេះ ដោយសារ លេខទូរស័ព្ទរបស់នាង ធ្លាប់ប្រើមិនអាចទាក់ទងបាន ។ ទោះយ៉ាងណាគេហទំព័រ LookingTODAY រង់ចាំទទួលស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយរបស់ លន់ ដាណេ ដើម្បីឲ្យមហាជន អស់ការសង្ស័យ នៅពេលក្រោយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]