ភ្នំពេញ៖ បន្ទាប់ពីវត្តមាន តារាសម្ដែងក្នុងរឿងដុំ ដ៏ល្បីល្បាញរបស់ថៃ រកចំណូលបានរាប់រយលានបាត មានចំណងជើងថា (Make Me ShudderII) បង្ហាញមុខនៅព្រះរាជាណាចក្រកម្ពុជា ដែលជាការសហការ ដោយភេសជ្ជៈឆាតថាម "ChatTime" នាំឲ្យក្រមុំកំលោះ ជំទង់ៗកម្ពុជា ជាច្រើនរូបបាននាំគា្នសម្រុក ទៅទទួលរាក់ទាក់ស្វាគមន៍ ដល់ព្រលានយន្តហោះ ពោធិចិនតុង ហាក់បានបង្ហាញនូវ ការស្រឡាញ់ពេញចិត្តពេញថ្លើម ចំពោះតារាជនជាតិថៃនេះ យ៉ាងខ្លាំងក្លា។

ការបង្ហាញក្ដីគាំទ្រ ពីសំណាក់យុវវ័យខ្មែរ ពេញទំហឹងបែបនេះ បានធ្វើឲ្យក្រុមតារាសម្ដែងទាំងនោះ រីកថ្លើមមិនតិចទេ ព្រោះជាជំហានដំបូង សម្រាប់ពួកគេ ក្នុងការមកលេងនៅ ព្រះរាជាណាចក្រកម្ពុជា។ តែពួកគេបានជោគជ័យ រួចមកតាមរយៈខ្សែភាពយន្ត កាលពីវគ្គទី១ ដែលមានទស្សនិជនជាច្រើន ទៅមើលបាក់ទឹកបាក់ដី រហូតដល់មានការគាំទ្រដល់វគ្គថ្មីម្ដងទៀត ទោះបីជាមិនទាន់ដាក់បញ្ចាំង ជាផ្លូវការក៏ដោយ។

ថ្វីត្បិតតែមានអ្នកគាំទ្រ ភ្លូកទឹកភ្លូកដី តែក៏មានយុវជនមួយចំនួន បែរជាសម្ដែងការមិនចេញ ចំពោះការសម្ដែងនូវការគាំទ្រហួសហេតុ ងប់ងល់ របស់យុវជនខ្មែរខាងលើ ទៅនឹងតារាសម្ដែងថៃនោះ ។ ពួកអ្នករិះគន់ បានប្រើសម្ដីធ្ងន់ៗចំពោះអ្នកគាំទ្រទាំងនោះថា "គាំទ្រអីគ្មានអីអស្ចារ្យទេ តារាខ្មែរមិនគាំទ្រទេ តែងប់ងល់ នឹងតារាបរទេសទៅវិញ ហាក់ដូចជាទៅអាក្រក់មើលណាស់"។

សម្រាប់លោក ជែកគី អាធីផន តារាសម្ដែងក្នុងរឿង "គ្រាប់ពេជ្រ" បាននិយាយក្នុងទំព័រ ហ្វេសប៊ុករបស់ខ្លួនថា ពួកគេមានសិទ្ធិក្នុងការគាំទ្រ មនុស្សដែលគេស្រឡាញ់ អ្វីដែលពិសេសពួកគេ មានសមត្ថភាពល្អ ក្នុងការសម្ដែងក្នុងស្រុកខ្មែរជារឿងល្អមួយ សម្រាប់វត្តមាន តារាល្បីស្រុកគេ មកសម្ដែងនឹងជួបអ្នកគាំទ្រក្នុងស្រុក ។ លោកបាននិយាយថា ស្រាប់តែអ្នកខ្លះ ដែលពូកែច្រណែនគេ គួរតែសម្រាកទៅ ព្រោះមនុស្សមានសិទ្ធិរៀងៗខ្លួន កុំនិយាយអ្វីប៉ះពាល់ដល់គេ ។

មិនមែនជារឿងលេងសើចទេ ព្រោះគ្រាន់តែវត្តមាន តារាសម្ដែងថៃប៉ុន្មាននាក់ប៉ុណ្ណោះ បានធ្វើឲ្យយុវជនខ្មែរមួយចំនួនឈ្លោះគ្នាពេញបណ្ដាញ សង្គមហ្វេសប៊ុក ជារឿងអត់ប្រយោជន៍សុទ្ធសាធ  មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា ។ ដូចនេះមិនគួរណា រឿងបន្តិចបន្តួចសោះ ធ្វើឲ្យយុវជនទាំងនោះ មើលមុខគ្នាមិនចំ ។ វត្តមានពួកគេ អាចជាសញ្ញាមួយដាស់តឿនក្រើនរំឭក ដល់តារាសម្ដែង និងអ្នកផលិតភាពយន្តខ្មែរ ឲ្យយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាព នៃការផលិតខ្សែភាពយន្ត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]