ភ្នំពេញ៖ បន្ទាប់ពីប្រើពាក្យធ្ងន់ៗ ព្រមានទៅលើឧកញ៉ាម្នាក់ កុំឲ្យតាមរញ៉េរញ៉ៃ សុំក្តីស្នេហ៍ពីខ្លួន ផ្អើលអស់អ្នកសិល្បៈ និង ទស្សនិកជនរួចមក ស្រាប់តែថ្មីៗនេះ វ៉ាង ស្រីណូ បែរជាចេញមុខទទួលស្គាល់ថា នាងមានប្រុសស្នេហ៍ងារជាឧកញ៉ា មិនមែនជាមន្ត្រីធំមានបុណ្យស័ក្តិ ដូចការលើកឡើង នាពេលកន្លងមកនោះទេ ។ បញ្ហានេះ ជាហេតុធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ និងចោទជាសំណួរបន្តកន្ទុយថា តើអ្នកដែលជាប្រុសកំពូលស្នេហ៍ របស់នាងពិតប្រាកដ ជាអ្នកណា? ជាឧកញ៉ា ឬជាឯកឧត្តម?

ទស្សនិកជន នៅចាំបានថា កាលពីចុងខែមេសា កន្លងមកនេះ អតីតតារាសម្តែងរូបស្រស់ កញ្ញា វ៉ាង ស្រីណូ ទើបតែបានប្រកាសជាសាធារណៈ ដោយមិនមានការខ្លាចរអា ខណៈនាងបានបោះសម្តី ព្រមានទៅលើលោកឧកញ៉ាសម្បូរទ្រព្យម្នាក់ ព្យាយាមតាមប្រម៉ាញ់ស្នេហ៍ពីនាងមិនឈប់ឈរ ឲ្យឈប់មករំខាននាងតទៅទៀត ព្រោះនាងមានម្ចាស់បេះដូង គ្រប់គ្រងរួចហើយ។ បុរសម្នាក់នោះ គឺជាអ្នកចាំទំនុកបម្រុង វ៉ាង ស្រីណូ គ្រប់បែបយ៉ាងឲ្យ រស់នៅលើទ្រនំសុខស្រួល មិនខ្វល់ខ្វាយអ្វីឡើយ ។ ទន្ទឹមជាមួយ គ្នានោះ ក៏មានការលេចឮថា អ្នកមានសំណាងបានបេះដូង នាងមកឃុំគ្រងជាកម្មសិទ្ធិនោះ គឺមានងារជាមន្ត្រីធំ ។

ដោយឡែក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤នេះ តារាស្រីសិចស៊ីសាច់សរ ម៉ដ្ឋរលោង កញ្ញា វ៉ាង ស្រីណូ បែរជាសរសេរសារ ជាភាសាខ្មែរ បង្ហោះសាធារណៈ លើ Facebook ថា "ចង់ជំរាបទៅដល់បងប្អូន អ្នកគាំទ្រខ្ញុំ ហើយជាពិសេស បង បង សារព័ត៌មាន ថាសូមឈប់យល់ច្រឡំទៅ ថាម្ចាស់ស្នេហ៍របស់ខ្ញុំ ជាមន្រ្តីធំអីនោះ គឺមិនមែនទេ ព្រោះម្ចាស់ចិត្តខ្ញុំ ពិតប្រាកដ គឺគាត់មានងារជាឧកញ៉ាទេ ហើយកំពុងបន្តការសិក្សា នៅអាមេរិក !! ខ្ញុំក៏មិនចង់បកស្រាយអ្វី ឲ្យវែងឆ្ងាយទៀតដែរ ហើយសង្ឃឹមថា បងប្អូនទាំងអស់ ឈប់យល់ច្រឡំ ចំពោះស្ថាប័នព័ត៌មាន ដែលផ្សាយរឿងមិនពិតរបស់ខ្ញុំ !" ។

ទាក់ទងនឹងការចេញមុខបកស្រាយ របស់ កញ្ញា វ៉ាង ស្រីណូ បែបនេះ គឺគ្មាននរណាដឹងពីគោលបំណងនាងច្បាស់លាស់ទេ ព្រោះថា ម្តងនាងច្រានចោលស្នេហ៍លោកឧកញ៉ា ម្តងប្រកាសថាម្ចាស់ស្នេហ៍ ជាឧកញ៉ាវ័យក្មេង ដែលកំពុងបន្តការសិក្សានៅក្រៅប្រទេសទៀត ខុសប្លែកពីពេលមុនៗ នាងធ្លាប់តែច្រានចោល និងបដិសេធមិនចង់និយាយពីម្ចាស់ចិត្ត ដោយចំហរទេ ។ ប៉ុន្តែក្នុងនោះ មានមតិមួយចំនួនទៀត ក៏បានសាទរ ចំពោះការប្រកាសបើកចំហរ ពីស្នេហារបស់នាង និងបុរសគូស្នេហ៍ជាឧកញ៉ាផងដែរ ។ គេរំពឹងថា នៅក្នុងពេលឆាប់ៗ ខាងមុខនេះ នាងអាចនឹងដឹកដៃបុរសម្នាក់នោះ ចូលរោងការបង្ហាញមុខ ជាសាធារណៈឲ្យមហាជនបានស្គាល់ ជាក់ជាមិនខាន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]