ភ្នំពេញ៖ តារាចម្រៀងប្រុសស្រី ល្បីៗជាច្រើនដួង ក្នុងប្រទេសកម្ពុជា ភាគច្រើនតែងតែប្រកបអាជីវកម្មផ្សេងៗ ក្រៅពីអាជីពសិល្បៈ រួមមាន លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ និងតារាល្បីៗមួយចំនួនទៀត ដែលមានអាជីវកម្ម រកស៊ីផ្ទាល់ខ្លួន បន្ថែមលើអាជីពសិល្បៈ ដ៏ជោគជ័យ ។ ប៉ុន្តែក្នុងនោះគេសង្កេតឃើញ តារាចម្រៀងប្រុសជើងខ្លាំង របស់ផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណារាជ ខណៈកំពុងតែទទួលបាននូវប្រជាប្រិយភាពខ្លាំងក្លា បែរមកមើលមុខជំនួញរកស៊ីវិញ ហាក់មិនកាក់កប និងជួបភាព ជោគជ័យដូចអាជីពចម្រៀងឡើយ ។

បន្ទាប់ពីបានឈានជើង ចូលក្នុងផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណារាជ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ។តារារូបនេះ ក៏បានបើកហាងកាត់ដេរ សម្លៀកបំពាក់ បុរសនារី ពេលដំណើរការដំបូង ហាងរបស់លោក ទទួលការពេញនិយមខ្លាំងណាស់ កាត់ស្ទើរតែ មិនទាន់ទៀតផង ។ បន្ទាប់ពីជោគជ័យ ក្នុងការបើកហាងកាត់ដេរសម្លៀកបំពាក់ លោកក៏បន្តបើកហាង ថតរូបមួយកន្លែង ខាងក្រោយ សណ្ឋាគារ អ៊ិនធើកង់ទីណង់តាល់។ តែអាជីវកម្មនោះ ដំណើរការមិនបានប៉ុន្មានផង ក៏ត្រូវបានលោកសេង(លក់)ហាងថតរូបនោះ ឲ្យទៅអ្នកផ្សេងបន្តទៀត ទាំងមិនដឹងមូលេហតុ ។ ក្រោយសេងហាងថតរូប មិនបានប៉ុន្មាន ឆន សុវណ្ណារាជ ក៏បើកជាហាងលក់អាហារ នៅទួលគោក តែហាងលក់អាហារនោះ ក៏ត្រូវបានបិទរួចជាស្ថាពរហើយដែរ ។

មួយរយៈចុងក្រោយ គេសង្កេតឃើញថា អាជីពចម្រៀង របស់តារាចម្រៀង ឆន សុវណ្ណារាជ ពិតជាជោគជ័យខ្លាំងណាស់ ម្យ៉ាងលោកទើប តែទទួលបានតំណែង ជាអ្នកបង្ហាត់បេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀង ដ៏ល្បីរបស់ពិភពលោក "The Voice" ដែលតាមបណ្ដាប្រទេសធំៗ ទាល់តែអ្នកចម្រៀងល្បី នឹងមានសមត្ថភាពពិតប្រាកដ ទើបអាចទទួលយក តំណែងនេះបាន ។

រីឯការប្រគំតន្រ្តី តាមខេត្តវិញ ឆន សុវណ្ណារាជ ក៏ជាប់រវល់មិនដាច់ដែរ តែរឿងរកស៊ីរបស់លោក ត្រូវបានគេនិយាយថា មិនសូវជោគជ័យ ដូចអាជីពចម្រៀងទេ ។ ជាក់ស្ដែងលោកបាន បិទហាងជាបន្តបន្ទាប់ ។ ថ្មីៗនេះប្រភពមួយ បាននិយាយថា សូម្បីតែហាងកាត់ដេរ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ទេពផន នោះក៏កំពុងតែរងហានិភ័យផងដែរ ព្រោះហាក់ស្ងប់ស្ងាត់ខ្លាំង ផ្ទុយពីការបើកលើកដំបូង តែពេលនេះមិនសូវមាន អតិថិជនច្រើនដូចមុន។ ម្យ៉ាងរដូវនេះ ជិតផុតរដូវកាលកម្មវិធីមង្គលហើយ ធ្វើឲ្យការកាត់ដេរមានភាពរង្វើលៗ។

លោក ឆន សុវណ្ណារាជ តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស មិនទាន់អាចទាក់ទងបំភ្លឺបានទេ នៅពេលនេះ ជុំវិញនឹងហានិភ័យ ក្នុងមុខរបរចុងក្រោយនេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា