ខេត្ត​ប៉ៃលិន​​​ ៖ កុមារី​​ សៀ បូរី ​ហៅ​ណង​ហ្វា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៣ ​សាលា​បឋម​សិក្សា​អូរ​ច្រា រស់​នៅ​ភូមិ​ចម្ការ​​កា​ហ្វេ​ ​សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន ​ត្រូវ​​ជន​​ពាក់​ម៉ាស់​មុខ​២​នាក់ លប​ចាប់​ខ្ទប់​មាត់​ ខណៈ​​ពេល​​នាង​ត្រឡប់​ពី​ដាក់​បាយឱ្យ​​ឆ្កែ​នៅ​ផ្ទះ​មួយ​ទៀត​​ ឆ្ងាយ​ពី​ផ្ទះ​នាង​​នៅ​​​១០០​ម៉ែត្រ ។ កុមារី​តូច​​នេះ​ត្រូវ​​​ជន​ទាំង​២​នាក់ច្រក​ទុក​ចោលក្នុង​​ការុង​​អស់​រយៈ​ ពេល​១​យប់ ។ ដោយ​សារ​​បាត់​ក្មេង​​​ស្រី​មិន​ឃើញចូល​​ដេក​ ក្រុម​​គ្រួ​សារ​នាំ​គ្នា​ដើរ​រក​សព្វ​ទិស​ទី តែមិន​​ឃើញ​តម្រុយ​អ្វី​បន្តិច​សោះ ។ លុះ​ព្រឹក​ឡើង​​ទើប​ឃើញ​នាង​ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​ក្នុង​ការុង​​នៅ​ ក្រោម​ដើម​ស្វាយ​មុខ​ផ្ទះ ។ ​សំណាង​ល្អ​ក្មេង​​​ស្រី​រូប​នេះ​មិន​មាន​គ្រោះ​ថ្នាក់​​អ្វី​ទេ ​គឺ​គ្រាន់​តែ​​មាន​សភាព​ភ្លេច​ភ្លាំង​​បន្តិច​បន្តួចប៉ុណ្ណោះ​ ។ ហេតុការណ៍​នេះ​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ។

លោក​អនុសេនីយ៍​ទោ ងិន ​ឆ្លើម នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​ទួល​ល្វា​ឱ្យ​ដឹង​ថា ​ក្មេង​ស្រី​នេះ​​ជា​កូន​ចិញ្ចឹម​របស់​លោក ​សៀ ផាន ​អាយុ​៥១​ឆ្នាំ ​​ជា​អនុ​ប្រធាន​​​មន្ទីរ​​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត ។ លោក​ពុំ​ទាន់​​សាក​សួរ​​ព័ត៌មាន​​ពិស្តារ​​នៅ​ឡើយ​ទេ ​ព្រោះ​ក្មេង​ស្រី​រង​គ្រោះ​មាន​សភាព​ភ្លេច​ភ្លាំង​ ដូច​ជា​ត្រូវ​គេ​​ដាក់​ថ្នាំ​សណ្តំ និយាយ​មិន​រួច​ តែ​សំណាង​ល្អ​ជន​ល្មើស​មិន​បាន​បង្ក​របួស​ស្នាម​អ្វី​ដល់​​នាង​ទេ ។

លោក​សៀ​ ផាន ​​ប្រាប់​កោះ​សន្តិភាពថា រូប​លោក​​បាន​យក​កុមារី​រង​គ្រោះ​មក​ចិញ្ចឹម​តាំង​ពី​តូច​​ម៉្លេះ ព្រោះ​ឪពុក​ម្តាយនាង​ក្រី​ក្រ​ណាស់ ។ នៅ​យប់​កើត​ហេតុ​វេលា​ម៉ោង​៧​​និង​១៥​នាទី​​លោក​ចេញ​ពី​ផ្ទះ​ទៅ​ចូល​រួម​ ពិធី​មង្គល​ការមួយ​ នៅ​ក្បែរ​​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ា​ហ៊ី ។ ចំណែក​​ហើយ​កូន​ស្រី​ចិញ្ចឹម​របស់​លោក​ឈ្មោះ​ បូរី ហៅ​ណង​ហ្វា ​បាន​​ទៅ​ដាក់​បាយឱ្យ​​ឆ្កែ​ជា​មួយ​ប្អូន​ស្រី​​របស់​លោក ឈ្មោះ​ ភឹម សាវុន ​អាយុ​២៨​ឆ្នាំ ​នៅ​ផ្ទះ​នាង​​ដែល​មាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពី​ផ្ទះ​របស់​លោក នៅ​ទល់​មុខ​ភោជនីយ​ដ្ឋាន​​​ប៊ែមប៊ូរ ។ ​

ពេល​ទៅ​​ដល់​កន្លែង​ជប់​លៀង​មង្គល​​ការ​ លោក​បាន​ទូរស័ព្ទ​​​ប្រាប់​ប្អូន​ស្រី​​ថា ​លោក​បាន​ទិញ​ផ្លែ​ទុរេនទុក​នៅ​ក្នុង​ទ្រុង​​​រថយន្ត​​នៅ​ក្រោម​ផ្ទះហើយ​ឱ្យ ​ពួក​គេ​យក​ហូប ។ ​ពេល​ប្អូន​ស្រី​របស់​លោក​ត្រឡប់​មក​ពី​​​ដាក់​បាយឱ្យ​​ឆ្កែ​វិញ​​ក៏​យក​​ ផ្លែ​ទុរេន​ឡើង​ទៅ​លើ​ផ្ទះ​ហូប​ទាំង​អស់​គ្នា ​តែ​មិន​​ឃើញ​កូន​ស្រី​ចិញ្ចឹម​​របស់​លោក​ឡើង​ទៅ​លើ​ផ្ទះ​​ ទេ ។ ពេល​​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ដឹង​ថាពេល​ទៅ​ដាក់​បាយ​​ឆ្កែ​រួច​​មិន​ឃើញ​នាង​ត្រឡប់​មកវិញ​​ទេ ។ ពេល​នោះ​នាំ​គ្នា​​ផ្អើល​ឆោ​ឡោ​ដើរ​រក​សព្វ​​ទី​កន្លែង​​នៅ​ក្បែរ​ៗ​ផ្ទះ ​ក្រែង​នាង​​ខឹង​​នឹង​នរណា​​ម្នាក់​មិន​ឡើង​លើ​​ផ្ទះ ។

បុរស​ជា​ឪពុក​​បន្ត​ទៀត​ថា ​ពួក​គាត់​តាម​រក​រហូត​​ដល់​ម៉ោង​​១២​អធ្រាត្រ​​នៅ​តែ​មិន​ឃើញ​ក៏​ឈប់សម្រា​ ក ។​ លុះ​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​៧ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ស្រាប់​តែ​ប្រទះ​ឃើញ​កូន​ចិញ្ចឹម​របស់​គាត់​ត្រូវ​គេ​ច្រកក្នុង​​ការុង​ទុក​ នៅ​ក្រោម​ដើម​ស្វាយ​ក្នុង​របង​ក្បែរ​មុខ​ផ្ទះ ។ ពេល​លោក​ស្រាយ​ការុង​មើល​ទៅ ក៏​ឃើញ​កូន​ស្រី​ដក​ដង្ហើម​ផ្តឹក​ៗ នៅ​ក្នុង​ការុង​នោះ​​ដោយ​គេ​មិន​បាន​ចង​ដៃ​ ឬ​ជើង​ទេ។ រូប​លោក​ឃើញ​កូន​មាន​សភាព​ដូច្នេះ​ ក៏​នាំ​យក​ទៅ​​មន្ទីរ​ពេទ្យ​ខេត្ត​យ៉ាង​ប្រញាប់​ ។

លោក​សៀក ផាន ​បញ្ជាក់​ថា ក្រោយ​ពេល​កូន​ស្រី​​ដឹង​ខ្លួន​វិញ​​លោក​​សាក​សួរ​ ហើយ​នាង​​ប្រាប់​ថាពេល​នាង​ត្រឡប់មក​ពី​ដាក់​បាយឱ្យ​​ឆ្កែ​វិញ ក៏​​យក​ឆ្នាំង​បាយ​ឆ្កែ​​ដាក់​នៅមុខ​ផ្ទះ ។ បន្ទាប់​មក​នាង​ដើរ​ទៅ​បិទ​ទ្វារ​របង ។ ​នៅ​ពេល​នាង​​ដើ​រ​សំដៅ​ទៅ​​ផ្ទះ​វិញ ស្រាប់​តែ​ត្រូវ​​បុរស​២​នាក់ហៅ​ឈ្មោះ​នាង ។ ដោយ​ស្មាន​ថា​ជា​អ្នក​នៅ​ជា​មួយ​គ្នា​នាង​ក៏​ដើរ​ទៅ​មើល​ ហើយ​​ឃើញ​មនុស្ស​ប្រុស​២​នាក់​រាងស្តើង ពាក់​អាវ​ខ្មៅ ខោ​ខ្មៅ និង​ពាក់​ម៉ាស់​បិទ​មុខ​ជិត​នៅ​សល់​តែ​ប្រឡង់​ភ្នែក​ ។ ពួក​គេ​ស្ទុះ​យក​ក្រណាត់​មក​ខ្ទប់​មាត់​​នាង​ជាប់ និង​យក​ការុង​មក​ច្រក​នាង​ រួច​លី​យក​ទៅ​ទម្លាក់​នៅ​ក្នុង​គុម្ពោត​ព្រៃ​ក្រៅ​របង​ផ្ទះ ។

ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ឪពុក​​ទៀត​ថា ពេល​អ្នក​ផ្ទះ​ដើរ​រក​ និងស្រែក​ហៅ​នោះ​រូប​នាង​ឮ​សំឡេង​​ដែរ តែ​និយាយ​តប​​វិញ​មិន​រួច​ ។ ក្រោយ​មក​​ទៀត​នាង​បាន​សន្លប់​បាត់​ស្មារតី​ដោយ​សារ​ការុង​ច្រក​នាង​រុំ​ មាត់​ជិត ដោយ​មិន​​​ដឹង​ថា គេ​លី​​ដាក់​នៅ​ក្រោម​ដើម​ស្វាយ​មុខ​ផ្ទះ​តាំង​ពី​ពេល​ណា​ទេ ។សមត្ថ​កិច្ច​ពុំ​អាច​សន្និដ្ឋាន​ថា​ករណី​នេះ​​មក​ពី​មូល​ហេតុ​អ្វី​នៅ​ឡើយ​ ទេ ព្រោះ​ក្មេង​ស្រី​រង​គ្រោះ​មិន​ទាន់​មាន​សភាព​ធម្ម​តា​វិញ​នៅ​ឡើយ ៕​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]