ភ្នំពេញៈ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយដែលបង្កឡើង ដោយជនជាតិចិនម្នាក់ វ័យជាង ២០ឆ្នាំ បានរៀន បើករថយន្តកូរ៉េចំណុះមួយតោនកន្លះ ហើយជ្រុលល្បឿនទៅបុក ម៉ូតូសេ១២៥មួយគ្រឿង ដែលឌុបគ្នា ពីរនាក់ រួចបន្តអូសម៉ូតូជនរងគ្រោះទៅបុកផ្ទុបទម្លុះ របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១២ នៅចំណុចខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវលេខ១៩៣ កែងផ្លូវលេខ៤៣០ ក្រុម៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

ប្រជាពលរដ្ឋដែលរស់នៅជិតចំណុចកើតហេតុ និងបានឃើញហេតុការណ៍នេះ បាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិន ម្នាក់ វ័យជាង ២០ឆ្នាំ បានបើករថយន្តកូរ៉េមួយ គ្រឿង ចំណុះមួយតោន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2H-3080 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿ នយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E-7071 ឌុបគ្នាក្នុងទិសដៅ ពីជើងទៅត្បូង តាម បណ្តោយផ្លូវលេខ ១៩៣ ក៏ត្រូវរថយន្តបង្កហេតុ ដែលកំពុងបោះពួយយ៉ាងលឿនចេញពីផ្លូវលេខ៤៣០ ចាប់ហ្វ្រាំងបត់ឆ្វេងមិនទាន់ក៏ជ្រុល ទៅបុកជនរងគ្រោះទាំងពីរនាក់ និងបានបន្តអូសម៉ូតូជនរងគ្រោះទៅ បុកផ្ទុបនឹងរបងមន្ទីរពេទ្យរុស្ស៊ី រហូតធ្លាយរបង ហើយរថយន្តជាប់ទៅមុខលែងរួចតែម្តង។ រីឯម្ចាស់ម៉ូតូ ម្នាក់ ត្រូវចូលក្រោមរថយន្តរងរបួសធ្ងន់ និងម្នាក់ទៀតបានហក់ចុះពីលើកម៉ូតូរងរបួសស្រាល។ រីឯរថយន្ត បង្កហេតុរួមទាំងម៉ូតូត្រូវរងការខូចខាតទាំងស្រុង និងបណ្តាលឲ្យបាក់របងមន្ទីរពេទ្យជាង២ម៉ែត្រ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ខាងលើនេះទី១. ឈ្មោះ ពូ សុផេង ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកធ្វើម្ហូបនៅក្នុងសណ្ឋានគារម៉ុងឌីយ៉ាល់ រងរបួសស្រាល និងម្នាក់ទៀតឈ្មោះ គុណ អាយុ ជាង ៣០ ឆ្នាំ មុខរបរដូចគ្នា ហើយអ្នកទាំងពីរស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បន្ទាប់ពីកើតហេតុនេះភាគីខាងបង្កបានសុំចរចាជាមួយជនរងគ្រោះ និងម្ចាស់របងមន្ទីរពេទ្យ ព្រោះរូបគេ មិនចង់ឲ្យមានរឿងវែងឆ្ងាយ តែមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយទេ៕

ដោយៈ វាសនា-ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]