រាជធានីភ្នំពេញ ៖ នាងទូច ស្រីលក្ខណ៍ ដែលបានប្តីជាជនបរទេស បានបើកបង្ហាញពីប្រវត្តិ កំណកំណើតស្នេហ៍ និងជីវិតប្តីប្រពន្ធរបស់នាង ។ក្នុងនាមជាតារាម្នាក់ ដែលតែងតែសម្តែងមានឈុត ឱបថើបជាមួយតួប្រុសនោះ តើស្រីលក្ខណ៍ ជួបរឿងរកាំរកូសក្នុងគ្រួសារ ដោយត្រូវប្តីប្រចណ្ឌទេ ?

ស្រីលក្ខណ៍ ដែលកំពុងពពោះ៦ខែ កាលពីពេល ថ្មីៗនេះបានរៀបរាប់ថា ស្វាមីរបស់នាងជាមិត្តភក្តិ របស់បងស្រីនាង ឈ្មោះទូច ស្រីនាង ជាអតីតតារាសម្តែង ។ លោកបានស្គាល់ស្រីលក្ខណ៍ ក្នុងពិធីជប់លៀងខួប កំណើតកូនរបស់ទូច ស្រីនាង ហើយក៏ចាប់ចិត្តមកលើនាង ។ គ្រានោះ បុរសហូឡង់បានទាក់ទងអ្នកនាងទូច ស្រីនាង សុំស្គាល់លេខទូរស័ព្ទរបស់ទូច ស្រីលក្ខណ៍ តែស្រីនាង ប្រាប់ឱ្យទៅសុំខ្លួនឯង ។ ដូច្នេះហើយលោកបានទៅ សុំលេខទូរស័ព្ទរបស់ស្រីលក្ខណ៍ តែនាងមិនទាន់ដាច់ចិត្តឱ្យទេ ព្រោះមិនដែលស្គាល់គ្នាពីមុន ។ ទោះជាយ៉ាងណាក្តី ដោយបងស្រីជួយនិយាយ ទើបស្រីលក្ខណ៍ ព្រមឱ្យលេខទូរស័ព្ទ ទៅបុរសហូឡង់នោះ ។ 
តាំងពីពេលនោះមក អ្នកទាំងពីរតែងតែទាក់ ទងគ្នាតាមទូរស័ព្ទ ។ ទីបំផុតខាងប្រុស សុំស្រឡាញ់ស្រីលក្ខណ៍ ហើយបានចូលស្តីដណ្តឹងដល់ចាស់ទុំ ។ ចំណុចនេះស្រីលក្ខណ៍ យល់ថា ជាការឱ្យតម្លៃនារីខ្មែរ ។ គាត់ជាជនបរទេស តែយល់ពីវប្បធម៌ខ្មែរ ទើបនាងយល់ព្រមទទួលជាគូអនាគត ម៉្យាងនាងពេញចិត្តគាត់ដែរ។

តាំងពីពួកគេចាប់ដៃគ្នាជាប្តីប្រពន្ធ ជាង៤ឆ្នាំរហូតមានកូនក្នុងផ្ទៃនេះ ស្រីលក្ខណ៍ និយាយថា ស្ត្រីជាភរិយាសំខាន់ត្រូវទុកចិត្តប្តី ទោះជាប្រចណ្ឌ ស្រឡាញ់ប្តី តែត្រូវតែគិតពិចារណាឱ្យច្បាស់មុនស ម្រេចចិត្តរករឿងប្តី ។ សំខាន់ទោះជានាងជាប្រពន្ធ មានការងារធ្វើអាចរកលុយបាន តែមិនភ្លេចតួនាទីជាមេផ្ទះឡើយ គឺធ្វើម្ហូបបម្រើប្តី ទោះជាឆ្ងាញ់មិនឆ្ងាញ់ត្រូវតែធ្វើ ។ 
ប្តីប្រពន្ធរបស់ស្រីលក្ខណ៍ តាំងពីចាប់ដៃគ្នាមកខំធ្វើការរៀងខ្លួន ពិសេសរឹតតែប្រឹងប្រែង ពេលដឹងថាមានកូន ព្រោះចង់ឱ្យកូនមានអនាគតល្អ ។

ស្រីលក្ខណ៍ ទម្លាយអាថ៌កំបាំងឱ្យដឹងថា ស្វាមីរបស់នាងកាលពីដំបូង ប្រចណ្ឌណាស់ ឃើញនាងសម្តែងជាមួយតួប្រុស ស្និទ្ធស្នាល ឬចាប់ដៃថើប គាត់រករឿង សួរដេញដោល តែនាងតែងតែពន្យល់ជានិច្ច ដោយលើកហេតុផលថា តួបរទេសគេលេងស្និទ្ធជាងនេះផង ដូចដឹងស្រាប់ហើយ មិនដូចតារាខ្មែរទេ ។ ទូច ស្រីលក្ខណ៍ រំលឹកថា មានពេលមួយនោះ នាងសម្តែងឱ្យផលិតកម្មសាន់ដេ តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង២រំលងអធ្រាត្រ នៅកំពង់ស្ពឺ តែប្តីអត់ជឿទេ ក៏ជិះរថយន្តទៅតាមមើលដល់ទីតាំងថត ។ ពេលទៅដល់ឃើញនាងហត់ហេវ អស់កម្លាំង ក៏ចាប់ផ្តើមមានអារម្មណ៍អាណិតប្រពន្ធ ។

ស្វាមីរបស់ទូច ស្រីលក្ខណ៍ អាយុ៤៥ឆ្នាំ ឯនាងអាយុ២៨ឆ្នាំទៅហើយ ទើបសម្រេចចិត្តយកកូននាពេលនេះ ។ ម្យ៉ាងទៀតកូនដែលចាប់កំណើតក្នុងផ្ទៃនាង ជាកូនប្រុស ខណៈបងប្អូនខាងស្វាមី នាងសុទ្ធតែមានកូនស្រី ធ្វើឱ្យ ម្នាក់ៗសប្បាយចិត្តណាស់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]