រាជ​ធានី​ភ្នំពេញ ៖ ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ទៅ​លើ​អាជីវ​ករ​លក់​មាស​ប្តូរ​ប្រាក់មួយ​គ្រួសារ​​បណ្តាល​ឱ្យ​បុរស​ពីរ​នាក់​ឪពុក​និង​កូន​​របួស​យ៉ាងធ្ងន់​ធ្ងរ​ ហើយ​ក្រុម​ចោរ​ប្លន់​នោះ​បាន​ដណ្តើម​យក​កាបូប​ដាក់​គ្រឿង​អលង្ការ​មាន មាស ប្លាទីន ប្រាក់​ដុល្លារ និង​ប្រាក់​រៀល សរុប​ជាង​១៥​ម៉ឺ​ន​ដុល្លារ ​គឺ​ប្លន់​យក​អស់​ហើយ​គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ ។

ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ផ្ទះ​លេខ​១ ក្នុង​បូរី​មួយ​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​

គ្រួសារ​រង​គ្រោះ​និយាយ​ថា ក្រុម​ចោរ​ប្លន់​មាន​គ្នា​ពីរ​នាក់​ស្លៀក​ពាក់​ស៊ីវិល​​ មាន​ពាក់​មួក​​ការ​ពារ​សុវត្ថិ​ភាព​ទាំង​២​នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​ពីរ​ដើម​ ដែលតាម​ការ​សន្និដ្ឋាន​ថា ម៉ាក​ឡុក បាន​ជិះ​ម៉ូតូ​ម៉ា​ក​ហុង​ដា​ឌ្រីមសេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង ។ ពួក​ចោរ​បាន​បាញ់​ទៅ​លើ​ឪពុក​និង​កូន​​ចំនួន​ពីរ​គ្រាប់​បណ្តាល​ឱ្យ​រង​របួស ។  ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​បាញ់​ ឪពុក​ឈ្មោះ​លឹម ឆេង អាយុ​៤៨​ឆ្នាំ​ ជា​អាជីវក​រ​លក់​មាស ប្តូរ​ប្រាក់ នៅ​ផ្សារ​កាណាឌីយ៉ា រងរបួស​ភ្លៅ​ខាង​ស្តាំ​១​គ្រាប់ ។ ឯកូន​ប្រុស​ឈ្មោះ​លឹម ដាណាល់ អាយុ​២០​ឆ្នាំ ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទនីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច រង​របួស​១​គ្រាប់​ចំ​ស្នង​ជើង​ខាង​ឆ្វេង ។

ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​ក្រុម​ចោរ​ប្លន់​យក​ទៅ​តាម​ការ​អះ​អាង​ពី​ម្ចាស់​និយាយថា មាន​គ្រឿង​​អលង្ការប្លាទីន​ចំនួន​៥០​តម្លឹង គ្រឿង​អលង្ការ​មាស ចំនួន​៤​តម្លឹង ប្រាក់​អាមេ​រិកចំនួន​២​ពាន់​ដុល្លារ និង​ប្រាក់​ខ្មែរចំនួន​​​ជាង​២​លាន​រៀល ព្រម​ទាំង​គ្រឿង​អលង្ការ​មាស និង​ប្លាទីន ដែលគេ​ផ្ញើ​មួយ​ចំនួន​ទៀត​ ​​សរុប​ជាទឹក​ប្រាក់​ជាង​១៥​ម៉ឺន​ដុល្លារ រួម​ទាំង​ទូរ​ស័ព្ទ​ដៃ​ផង​ដែរ ។

ជន​រង​គ្រោះ​បាន​រៀប​រាប់​​​ថា នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់ ​និង​ប្រពន្ធ​​បាន​ប្រមូល​គ្រឿង​អលង្ការ និងប្រាក់​​ដាក់​ក្នុង​កាបូប​មួយ​ រួច​បិទ​តូប​ឈប់​លក់​ដូរដូច​ធម្ម​តា​ ត្រូវ​វិល​មក​ផ្ទះ​វិញ​​ ដោយ​​​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុង​ដា CR-V ពណ៌​ទឹ​ក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I 1594 ចាក​ចេញ​ពី​កន្លែង​លក់​ដូរ ។​ ខណៈ​នោះ​រូប​គាត់​ គឺ​ជា​អ្នក​បើក​រថយន្ត ចំណែក​ប្រពន្ធជិះ​ជា​មួយដោយ​កាន់​កាបូប​ធំ​មួយ​ដាក់​សុទ្ធ​តែ​ប្រាក់​និង​គ្រឿង​អលង្ការ ។ ឯ​កូន​ប្រុស​ឈ្មោះ​លឹម ដាណាល់ នៅ​ចាំ​ផ្ទះ ។ ទាក់​ទិន​នឹង​ក្រុម​ចោរ​ប្លន់​ បើ​តាម​ការ​អះ​អាង​ថា ពួក​ចោរ​បាន​ទៅ​សម្ងំ​ចាំ​នៅ​មុខ​ផ្ទះ​របស់​គាត់​រួចជា​ស្រេច​ទៅ​ហើយ។

បុរស​រង​គ្រោះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​គាត់​ និង​ប្រពន្ធ​បើក​រថយន្ត​ទៅ​ដល់​ផ្ទះ​ កូន​ប្រុស​ជា​អ្នក​បើក​ទ្វារ​ផ្ទះ​ឱ្យ​ ។ គ្រាន់​តែ​ប្រពន្ធ​គាត់​ចុះ​​ពី​លើ​រថយន្ត​ភ្លាម ​បម្រុង​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ស្រាប់​តែ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ដោយ​កាំ​ភ្លើង​ខ្លី​២​ដើម​ និង​ពាក់​មួក​សុវត្ថិ​ភាព​ទាំង​ពីរ​នាក់​ផង​នោះ​ បាន​ស្ទុះ​ចូល​ទៅ​ដណ្តើម​យក​កាបូប​​ដែល​ប្រពន្ធ​របស់​គាត់​ជា​អ្នក​កាន់​បម្រុង​យក​ទៅ​ទុក​ក្នុង​ផ្ទះ ។ ពេល​ចោរ​ដណ្តើម​យក​នោះ​ប្រពន្ធ​របស់​គាត់​មិន​ព្រម​ឱ្យ​​ទេ បាន​​ឱប​កាបូប​នោះ​រត់​ចូល​ទៅ​ក្នុង​បន្ទប់​ក្នុង​ផ្ទះ ហើយ​ក្រុម​ចោរ​បាន​រត់​ដេញ​តាម​ចូល​ទៅ​ភ្ជង់​ដណ្តើម​យក​ដល់​ក្នុង​បន្ទប់​បាន​សម្រេច​ រួច​នាំ​គ្នា​រត់​ចេញ​ក្រៅ​វិញ ។ លោក​លឹម ឆេង រៀប​រាប់​ទៀត​ថា ​ពេល​ឃើញ​បែប​នេះ ​គាត់​និង​កូន​ប្រុស​ក៏​រត់​ទៅ​ដណ្តើម​យក​កាបូប​នោះ​ពី​ចោរវិញ ​ទើប​ត្រូវ​ក្រុម​ចោរ​បាញ់​ម្នាក់​១​គ្រាប់​បណ្តាល​ឱ្យ​រង​របួស​ទាំង​ពីរ​នាក់​ ។ បន្ទាប់​មក​ក្រុម​ចោរ​បាន​យក​កាបូបប្រាក់​​ និង​គ្រឿង​អលង្ការ​នោះ ​​ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​បាត់​ស្រមោល​​តែម្តង ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​ក្រុម​ចោរ​ប្លន់​នេះ​មុន​នឹង​ធ្វើ​សកម្ម​ភាព​ប្លន់​​​ ពិត​ជា​បាន​ធ្វើ​ការ​តាម​ដាន​សកម្ម​​ភាព​របស់​ជន​រង​គ្រោះ​យូរ​ថ្ងៃ​មក​ហើយ ​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង​ប៉ុន្មាន​ និង​ចូល​ផ្ទះ​វិញ​ម៉ោង​ប៉ុន្មាន​ក៏ពួក​គេ​ដឹង​ដែរ ។ លុះ​ពេល​មាន​​ឱកាស​ល្អ​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​តែ​ម្តង​ ទើប​បានសម្រេច​ផុយ​​ស្រួយ​បែប​នេះ ៕​

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]